សង្គម

មោទនភាព! ស្ត្រីខ្មែរមួយរូបសាងស្នាដៃជាប្រវត្តិសាស្ត្រ ទទួលបានជ័យលាភី «សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក» នៅប្រទេសអារ៉ាប៊ីសាអូឌីត

BY
Khmerpress
November 30, 2023
មោទនភាព! ស្ត្រីខ្មែរមួយរូបសាងស្នាដៃជាប្រវត្តិសាស្ត្រ ទទួលបានជ័យលាភី «សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក» នៅប្រទេសអារ៉ាប៊ីសាអូឌីត

(អារ៉ាប៊ីសាអូឌីត)៖ អាចនិយាយបានថា ជាមោទនភាពមួយសម្រាប់ប្រជាជនកម្ពុជា បន្ទាប់ពីស្ត្រីខ្មែរមួយរូប ដែលអ្នកលេងបណ្តាញសង្គមស្គាល់ឈ្មោះថា ចុងភៅ ណាក់ (Chet Nak) និងក្រុមការងារ ជាអ្នកផលិតវីដេអូ ក្នុងន័យអភិរក្ស អភិវឌ្ឍ និងផ្សព្វផ្សាយម្ហូបខ្មែរទាំងក្នុងស្រុក និងលើឆាកអន្តរជាតិនោះ នាពេលថ្មីៗនេះ បានទទួលជ័យលាភីដ៏ធំមួយ គឺ «សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក» តាមរយៈស្នាដៃសៀវភៅចំណងជើងថា «សោយ»។ កម្មវិធីប្រគល់ពានរង្វាន់នេះ គឺត្រូវបានធ្វើឡើងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

ក្នុងចំណោមប្រទេសចូលរួមចំនួន២០៥ ស្នាដៃសៀវភៅចំណងជើងថា «សោយ» បានទទួលនូវកិត្តិយស ដែលត្រូវបានទទួលស្គាល់ថាជាស្នាដៃ «សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក» ដែលនេះជាសក្ខីភាពមួយ បង្ហាញពីភាពសម្បូរបែបនៃវប្បធម៌របស់កម្ពុជា។ ក្រោយទទួលបានជ័យលាភីនេះហើយ ចុងភៅ ណាក់ បានបង្ហោះវីដេអូភ្ជាប់ជាមួយសារថា «ខ្មែរធ្វើបានហើយ! យើងទទួលបានជ័យលាភី សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក ដែលនេះជាមោទនភាពដ៏អស្ចារ្យ សម្រាប់ប្រជាជនកម្ពុជាយើងទាំងអស់គ្នា។ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលសៀវភៅធ្វើម្ហូបខ្មែររបស់យើង សោយ ដែលជាស្នាដៃរបស់ខ្មែរ បានទទួលពានរង្វាន់ Gourmand Award ដែលសារព័ត៌មានអន្តរជាតិដាក់រហស្សនាមថា ជាពានរង្វាន់អូស្ការ ក្នុងវិស័យពានរង្វាន់ធ្វើម្ហូបអាហារ»

ងាកមកក្រុមការងាររបស់ចុងភៅ ណាក់ មានឈ្មោះថា លោក សុត សេរី ជាអ្នករចនារូប បានប្រាប់សារព័ត៌មាន Yahoo ថា «ខ្ញុំមិននឹកស្មានថា នឹងឈ្នះរង្វាន់នេះទេ នៅពេលខ្ញុំចាប់ផ្តើមគម្រោងនេះកាលពី៣ ឆ្នាំមុន។ ការធ្វើការជាមួយមិត្តភក្តិពីរបីនាក់ ដែលឲ្យតម្លៃលើម្ហូប សិល្បៈ និងវប្បធម៌ គឺជាគោលដៅរបស់ខ្ញុំ។ ឥឡូវនេះការទទួលស្គាល់ពានរង្វាន់ Gourmand គឺលើសពីការរំពឹងទុករបស់ខ្ញុំ។ វាជាការរំឭកថា សូម្បីតែរឿងសាមញ្ញ សេចក្តីរីករាយនៃអាហារ គឺសមនឹងទទួលបានការអបអរសាទរបែបនេះ»

សម្រាប់លោក La Mo ដែលជាសិល្បករ និងជាអ្នកថតរូប បាននិយាយយ៉ាងដូច្នេះថា «ក្នុងនាមជាសិល្បករ និងអ្នកថតរូប ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំង ចំពោះសមិទ្ធផលរួមរបស់ក្រុមរបស់យើង។ វាធ្វើឲ្យខ្ញុំរីករាយយ៉ាងខ្លាំង ក្នុងការចែករំលែកភាពជោគជ័យដ៏គួរឱ្យកត់សម្គាល់ នៃសៀវភៅនេះជាមួយប្រទេសជាតិរបស់យើង។ ការ​ខិត​ខំនេះ​ពិត​ជា​ការ​ងារ​នៃ​សេចក្តី​ស្រឡាញ់ (ការងារ​ចេញ​ពី​បេះដូង)»៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: