ព័ត៌មានជាតិ

អភិបាលខេត្តត្បូងឃ្មុំ ប្រគល់កុំព្យូទ័រយួរដៃ៥៥គ្រឿង ថវិកា និងប័ណ្ណសរសើរជូនសិស្សទី១២ ជាប់ និទ្ទេស A ទាំង៥៥នាក់

BY
Khmerpress
December 13, 2023
អភិបាលខេត្តត្បូងឃ្មុំ ប្រគល់កុំព្យូទ័រយួរដៃ៥៥គ្រឿង ថវិកា និងប័ណ្ណសរសើរជូនសិស្សទី១២ ជាប់ និទ្ទេស A ទាំង៥៥នាក់

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ កុំព្យូទ័រយួរដៃ (computer latop) ចំនួន៥៥គ្រឿង ព្រមទាំងថវិកា និងប័ណ្ណសរសើរ ជារង្វាន់ដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ផ្តល់ជូនសិស្សានុសិស្សប្រលងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ឌុប) និទ្ទេសA ទាំង៥៥នាក់ ក្នុងឆ្នាំសិក្សា២០២២-២០២៣ ដែលជាការលើកទឹកចិត្តដល់ប្អូនៗក្មួយៗខិតខំសិក្សា ប្រលងជាប់ទទួលបាននិទ្ទេសល្អ ក្នុងចំណោមសិស្សដែលប្រលងជាប់ជាស្ថាពរសរុប៤.០៧០នាក់ ក្នុងខេត្តត្បូងឃ្មុំ។

ក្នុងឱកាសសំណេះសំណាលផ្តល់រង្វាន់ និងថវិកាលើកទឹកចិត្តសិស្សឆ្នើមនិទ្ទេស A ធ្វើឡើងនៅសាលប្រជុំ (គ) សាលាខេត្តត្បូងឃ្មុំ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានប្រគល់ថវិកាដល់លោកគ្រូអ្នកគ្រូ និងអាណាព្យាបាល សិស្ស ជាការអរគុណដែលខិតខំបង្ហាត់បង្រៀន អប់រំទូន្មានណែនាំ រហូតក្មួយៗទទួលបានលទ្ធផលផ្លែផ្កាដ៏ល្អនាពេលនេះផងដែរ។

លោកបណ្ឌិតអភិបាលខេត្ត បានផ្តាំផ្ញើសួរសុខទុក្ខ កោតសរសើរក្មួយៗទាំង៥៥រូប និងលោកគ្រូអ្នកគ្រូ ព្រមទាំងអាណាព្យាបាលសិស្ស ពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានជំរុញឲ្យប្អូនៗក្មួយៗសិស្សានុសិស្ស យកសម្ភារៈសិក្សា និងថវិកាដែលផ្តល់ជូន ទៅប្រើប្រាស់ឲ្យចំគោលដៅ ខិតខំប្រឹងប្រែងរៀនសូត្របន្ត នាថ្នាក់ឧត្តមសិក្សា ពិសេសសិស្សានុសិស្សថ្នាក់វិទ្យាល័យនាជំនាន់ក្រោយៗទៀត ខិតខំប្រឹងប្រែងសិក្សាដើម្បីទទួលបានការលើកទឹកចិត្តដូចគ្នាបែបនេះ ពិសេសត្រូវចងចាំថា ចំណេះវិជ្ជាជាស្ពានឈានទៅរកជោគជ័យ និងកិត្តិយសសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិយើងទាំងមូល ដែលកំពុងត្រូវការធនធានមនុស្សជាចាំបាច់ នាសព្វថ្ងៃនេះក្នុងការបន្តអភិឌ្ឍន៍ប្រទេសជាតិ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: