ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍៖ សម្តេចធិបតីនាយករដ្ឋមន្រ្តី មិនបានផ្តល់គោលការណ៍អនុញ្ញាតឲ្យក្រុមហ៊ុន Vingroup របស់វៀតណាម មកបើកដំណើរការក្រុមហ៊ុនតាក់ស៊ីអគ្គិសនី នៅប្រទេសកម្ពុជានោះទេ

BY
Khmerpress
December 14, 2023
អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍៖ សម្តេចធិបតីនាយករដ្ឋមន្រ្តី មិនបានផ្តល់គោលការណ៍អនុញ្ញាតឲ្យក្រុមហ៊ុន Vingroup របស់វៀតណាម មកបើកដំណើរការក្រុមហ៊ុនតាក់ស៊ីអគ្គិសនី នៅប្រទេសកម្ពុជានោះទេ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីថ្លែងការណ៍ ដើម្បីបញ្ជាក់ជូនដល់សាធារណជនឲ្យបានជ្រាបថា ប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើរ និងបានបង្ហាញបំណងចង់មកវិនិយោគបើកក្រុមហ៊ុនតាក់ស៊ី ដោយប្រើរថយន្តអគ្គិសនីនៅកម្ពុជាពិតមែន។ ប៉ុន្តែសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុននោះទេ។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល មានខ្លឹមសារយ៉ាងដូច្នេះថា៖ «កាលពីថ្ងៃពុធទី១៣ ធ្នូ ឆ្នាំ ២០២៣ មានបណ្តាញផ្សាយព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា ក្រុមហ៊ុន Vingroup របស់វៀតណាមគ្រោងបើកក្រុមហ៊ុនតាក់ស៊ី ដោយប្រើរថយន្តអគ្គិសនីចំនួន ២៥០០ គ្រឿងនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ ព័ត៌មាននេះបានធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់ អ្នកលេងបណ្តាញសង្គមមួយចំនួន និងបាននាំគ្នាចែកចាយបន្តដែលធ្វើឱ្យសាធារណជនមួយចំនួនយល់ច្រឡំថា ក្រុមហ៊ុននេះនឹងមកបើកអាជីវកម្មនៅកម្ពុជាក្នុងឆ្នាំ ២០២៤។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា នៅក្នុងជំនួបពិភាក្សាជាមួយសម្តេចធិបតីកាលពីរសៀលថ្ងៃទី ១២ ធ្នូ ឆ្នាំ ២០២៣ នៅរដ្ឋធានីហាណូយ ប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើរនិងបានបង្ហាញបំណងចង់មកវិនិយោគ បើកក្រុមហ៊ុនតាក់ស៊ី ដោយប្រើរថយន្តអគ្គិសនីនៅកម្ពុជាពិតមែន។ ប៉ុន្តែសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុននោះទេ»៕ ផ្តល់សិទ្ធិដោយ៖ freshnews​

Share This Post: