ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ដាក់ឲ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រ សម្រាប់ជនបរទេស និងពលរដ្ឋខ្មែរនៅក្រៅប្រទេស ពេលចូលកម្ពុជា

BY
Khmerpress
December 14, 2023
រាជរដ្ឋាភិបាល ដាក់ឲ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រ សម្រាប់ជនបរទេស និងពលរដ្ឋខ្មែរនៅក្រៅប្រទេស ពេលចូលកម្ពុជា

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍ ឲ្យអនុវត្តសាកល្បង ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រ ចូលព្រះរាជាណាចក្រកម្ពុជាមុនពេលមកដល់ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អ្នកដំណើរជាជនបរទេស និងពលរដ្ឋខ្មែរ ក្នុងការបំពេញបែបបទអន្តោប្រវេសន៍ បែបបទគយ និងបែបបទសុខភាព ក្នុងទម្រង់តែមួយ។

អនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលខាងលើនេះ ក្រសួងមហាផ្ទៃ នឹងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ អេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា មុនពេលមកដល់ ហៅជាភាសាអង់គ្លេស Cambodia e-Arrival Card នៅតាមអាកាសយានដ្ឋានអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយកំណត់តំណភ្ជាប់ចូល ទៅកាន់គេហទំព័រ www.arrival.gov.kh ឬ កម្មវិធី Cambodia e-Arrival (CeA) ដែលមាននៅក្នុង App Store និង Play Store នៅលើទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកផ្សេងទៀត ដោយចាប់ផ្តើមអនុវត្តសាកល្បងចាប់ពី ថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងដំណាក់កាលអនុវត្តសាកល្បងនេះ អ្នកដំណើរអាចមានជម្រើសក្នុងការបំពេញព័ត៌មាន តាមទម្រង់ ជាអេឡិចត្រូនិក ឬ បំពេញព័ត៌មានក្នុងសលាកបត្រអន្តោប្រវេសន៍ ប្រកាសព័ត៌មានគយ និងសុខាភិបាល តាមទម្រង់ជាក្រដាសក៏បាន។

ការអនុវត្តជាផ្លូវការ នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ តទៅ ដោយតម្រូវឲ្យអ្នកដំណើរទាំងអស់ត្រូវតែបំពេញព័ត៌មាននៅក្នុងទម្រង់អេឡិចត្រូនិក ដូចបានកំណត់ខាងលើ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: