ព័ត៌មានជាតិ

ប្រទះឃើញសត្វឆ្កែព្រៃពីរក្បាល ដែលជាសត្វជិតផុតពូជក្នុងពិភពលោក នៅដែនជម្រកសត្វព្រៃស្រែពក

BY
Khmerpress
December 14, 2023
ប្រទះឃើញសត្វឆ្កែព្រៃពីរក្បាល ដែលជាសត្វជិតផុតពូជក្នុងពិភពលោក នៅដែនជម្រកសត្វព្រៃស្រែពក

(មណ្ឌលគីរី)៖ កំឡុងពេលល្បាត ក្រុមការងារអនុវត្តច្បាប់ប្រទះឃើញសត្វឆ្កែព្រៃពីរក្បាល ដែលជាសត្វជិតផុតពូជក្នុងពិភពលោក នៅដែនជម្រកសត្វព្រៃស្រែពក ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរីកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។

សត្វឆ្កែព្រៃ (Cuon alpinus) ត្រូវចាត់ចូលជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដែលមានប្រមាណជាង ២៥០០ក្បាលប៉ុណ្ណោះ ក្នុងពិភពលោក។

ឆ្កែព្រៃ គឺជាអម្បូរសត្វដែលសហការគ្នាជាក្រុមៗនៅពេលដែលពួកវាត្រូវប្រមាញ់ចំណី ជាពិសេសគឺពួកវាអាចប្រមាញ់សត្វដែលមានមាឌធំជាងខ្លួនវារហូតដល់ទៅ១០ដងឯណោះ។ សត្វដ៏កម្រនេះកំពុងតែរងគ្រោះដោយសារបញ្ហាអន្ទាក់ ការបាត់បង់ទីជម្រក ជាពិសេសពួកវាទទួលរងគ្រោះដោយសារជំងឺឆ្លងពីសត្វឆ្កែក្នុងស្រុក។ សូមចូលរួមការពារសត្វព្រៃដ៏កម្ររបស់យើង ដោយការមិនបរិភោគសាច់សត្វព្រៃ និងកុំបណ្តើរឆ្កែចូលព្រៃការពារ។

សូមបញ្ជាក់ថា ក្រុមការងារអនុវត្តច្បាប់ មានមន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្ត ភ្នាក់ងារល្បាតសហគមន៍ និងមន្រ្តីអនុវត្តច្បាប់របស់អង្គការ WWF បានខិតខំប្រឹងប្រែល្បាតដោះអន្ទាក់ បញ្ឈប់បទល្មើស នៅដែនជម្រកសត្វព្រៃស្រែពក ដើម្បីរក្សាធនធានសត្វព្រៃកម្ពុជាឱ្យគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: