ព័ត៌មានជាតិ

ប្រធានកិត្តិយសកីឡាល្បុក្កតោ ស្នើឲ្យគាំទ្រមហាព្រឹត្តិការណ៍ អ្នកលេងគុនល្បុក្កតោ តំបន់អាស៉ីអាគ្នេយ៍ ដែលនឹងមកដល់នៅល្ងាចថ្ងៃស្អែក

BY
Khmerpress
December 14, 2023
ប្រធានកិត្តិយសកីឡាល្បុក្កតោ ស្នើឲ្យគាំទ្រមហាព្រឹត្តិការណ៍ អ្នកលេងគុនល្បុក្កតោ តំបន់អាស៉ីអាគ្នេយ៍ ដែលនឹងមកដល់នៅល្ងាចថ្ងៃស្អែក

(ភ្នំពេញ)៖  ប្រធានកិត្តិយសនៃសហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានស្នើមហាជនឲ្យគាំទ្រមហាព្រឹត្តិការណ៍អស្ចារ្យការប្រកួតកីឡា អ្នកលេងគុនល្បុក្កតោ ក្នុងតំបន់អាស៉ីអាគ្នេយ៍ ខណៈកីឡាល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរ ដ៏ល្បីល្បាញបំផុត និងត្រូវបានដាក់បញ្ចូលក្នុងសម្បត្តិបេតិកភណ្ឌអរូបី របស់អង្គការយូណេស្កូផងនោះ។

ការប្រកួតកីឡាក្នុងព្រឹត្តិការណ៍ «អ្នកលេងគុន» នឹងមកដល់នៅល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៦៖៣០ស្អែកនេះហើយ នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងមានកីឡាករមកពី ៥ប្រទេស ក្នុងតំបន់អាស៉ីអាគ្នេយ៍ចួលរួម គឺកម្ពុជា (ម្ចាស់ផ្ទះ) ឡាវ វៀតណាម ហ្វីលីពីន និងឥណ្ឌូណេស៊ី។ កីឡាករកម្ពុជា ៧រូប សុទ្ធតែជាជើងខ្លាំង ត្រៀមស្វាគមន៍កីឡាករបរទេស ៧រូប។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News អ្នកឧកញ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមជាប្រធានកិត្តិយសនៃសហព័ន្ធកីឡាល្បុក្កតោកម្ពុជា​ ខ្ញុំសំណូមពរប្រជាពលរដ្ឋយើងមេត្តាយកចិត្តទុកដាក់ ចូលរួមគាំទ្រទះស្គរ ឲ្យអធិកអធម ដើម្បីលើកស្ទួយល្បុក្កតោខ្មែរយើង […] ដោយសារយើងបានដាក់ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក យើងគួរតែរំលឹកវាឲ្យគេស្គាល់ទូទាំងពិភពលោក ដែលជាស្នាដៃមរតកដូនតាយើង មានឆ្លាក់នៅតាមជញ្ជាំងប្រាសាទ មានប្រវត្តិរាប់ពាន់ឆ្នាំ […] យើងគួរចូលរួមមើល គាំទ្រ និងលើកទឹកចិត្ត ឲ្យគេទទួលស្គាល់ឲ្យបានកាន់តែច្រើន និងឲ្យកូនខ្មែរយល់ដឹងកាន់តែច្រើន ចូលហ្វឹកហាត់ឲ្យបានច្រើន»

សូមជម្រាបថា ក្បាច់គុនល្បុក្កតោ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរ ដែលចាក់ឫសចាក់គល់យ៉ាងជ្រៅនៅក្នុងសង្គមខ្មែរ ជាច្រើនសតវត្សរ៍មកហើយ និងបន្តរស់រានក្នុងសង្គមខ្មែរ រហូតដល់បច្ចុប្បន្ននេះ។ ចម្លាក់ លើជញ្ជាំងប្រាសាទសម័យអង្គរ ជាភស្តុតាងបង្ហាញច្បាស់អំពីការហាត់សមក្បាច់គុននេះដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: