ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យប្រជាពលរដ្ឋចូលរួមមហាព្រឹត្តិការណ៍ “រាត្រីចងចាំលើកទី៤” ដើម្បីអបអរសាទរខួប៣១ឆ្នាំនៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីពិភពលោក

BY
Khmerpress
December 14, 2023
សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យប្រជាពលរដ្ឋចូលរួមមហាព្រឹត្តិការណ៍ “រាត្រីចងចាំលើកទី៤” ដើម្បីអបអរសាទរខួប៣១ឆ្នាំនៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីពិភពលោក

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួម ក្នុងមហាព្រឹត្តិការណ៍ទស្សនីយភាពសិល្ប:វប្បធម៌ដ៏អស្ចារ្យ “រាត្រីចងចាំ លើកទី៤” ឆ្នាំ២០២៣ ដើម្បីចូលរួមអបអរសាទរខួប៣១ឆ្នាំនៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោករបស់អង្គការយូណេស្កូ និងអបអរសាទរពិធីបុណ្យរម្លឹកគុណអង្គរផងដែរនោះ។

នៅលើផេកផ្លូវការ នាព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចតេជោបានសរសេរថា មហាព្រឹត្តិការណ៍ទស្សនីយភាពសិល្ប:វប្បធម៌ដ៏អស្ចារ្យ “រាត្រីចងចាំ លើកទី៤” ឆ្នាំ២០២៣។

សម្ដេចតេជោបន្តថា ការបង្ហាញជូននូវសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីនិងអរូបី ព្រមទស្សនីយភាពសិល្ប:ចម្រុះជាច្រើនទម្រង់។ មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏នឹងមានការចូលរួមសម្តែងពីសិល្បករ សិល្បការិនីទាំងក្នុងនិងក្រៅប្រព័ន្ធជាង៣០០នាក់។ «រាត្រីចងចាំ» ផ្សាយជូនទស្សនានៅរាត្រីថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២៣ ដើម្បីចូលរួមអបអរសាទរខួប៣១ឆ្នាំនៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោករបស់អង្គការយូណេស្កូ និងដើម្បីអបអរសាទរពិធីបុណ្យរម្លឹកគុណអង្គរផងដែរ។ សូមអញ្ជើញចូលរួមទស្សនាឱ្យបានច្រើនកុះករ នៅក្នុងបរិវេណព្រះលានជល់ដំរី វេលាម៉ោង១៧:០០ ល្ងាចតទៅ ដែលរៀបចំដោយ: ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសម្ដេចតេជោគូសបញ្ជាក់ថា កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប។

គួរបញ្ជាក់ដែរថា ក្រុមប្រាសាទអង្គរ ត្រូវបានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២(១៤ ធ្នូ ១៩៩២ -១៤ ធ្នូ ២០២៣) នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក ក្រោមព្រះរាជតម្រិះដ៏ថ្លៃថ្លា និងឈ្លាសវៃបំផុត នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕ ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: