ព័ត៌មានជាតិ

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ការទិញពោតក្រហម ដំឡូងមី កន្ទក់ និងកញ្ជុងអង្ករជិត ៥០ម៉ឺនតោនក្នុង១ឆ្នាំ របស់ CP នឹងកាត់បន្ថយសម្ពាធផ្គត់ផ្គង់កសិផលនៅលើទីផ្សារ

BY
Khmerpress
December 14, 2023
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ការទិញពោតក្រហម ដំឡូងមី កន្ទក់ និងកញ្ជុងអង្ករជិត ៥០ម៉ឺនតោនក្នុង១ឆ្នាំ របស់ CP នឹងកាត់បន្ថយសម្ពាធផ្គត់ផ្គង់កសិផលនៅលើទីផ្សារ

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី ខេមបូឌា (C.P. Cambodia) បានចុះអនុស្សារណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការ ជំរុញការប្រមូលទិញ ផលិតផលកសិផល សម្រាប់ផលិតចំណីសត្វ និងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មសាច់សត្វ និងផលិតផលផ្សំពីសាច់។ ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នានេះ ធ្វើឡើងនាទីស្ដីការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។

លោកស្រី​ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន៣ រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌារួមមាន៖

១)៖ កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតក្នុងស្រុក សម្រាប់ផលិតចំណីសត្វ រវាងអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស នៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា
២)៖ កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលស្រូវ កន្ទក់ និងកញ្ជុងអង្ករ សម្រាប់ផលិតចំណីសត្វ រវាងក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនស៊ី.ភី. ខេមបូឌា
៣)៖ កិច្ចសហប្រតិបត្តិការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មសាច់សត្វ និងផលិតផលផ្សំពីសាច់រវាងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្គាបការក្លែងបន្លំ «ក.ប.ប» នៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនស៊ី.ភី. ខេមបូឌា។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ខាងលើនេះបានបង្ហាញពីកិច្ចសហការគ្នារវាងវិស័យរដ្ឋាភិបាល និងផ្នែកឯកជន ដែលបានចូលរួមអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ពិសេសកម្មវិធីគោលនយោបាយអាទិភាពទី៥ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលពាក់ព័ន្ធនឹងការស្វែងរក យន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅធ្វើឲ្យមានស្ថិរភាពថ្លៃលក់រាយផលិតផលកសិកម្មនៅលើទីផ្សារក្នុងរយៈពេលមធ្យម ក្នុងគោលដៅបង្កើនផលិតភាពរបស់កសិករ និងកាត់បន្ថយហានិភ័យនានា ដែលអាចធ្វើឲ្យកសិផលជន់ជោរនៅលើទីផ្សារ និងធា្លក់ថ្លៃនៅរដូវកាលប្រមូលផលស្របគ្នា។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ លោកស្រីរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ការចូលរួមប្រមូលទិញពោតក្រហម ដំឡូងមី កន្ទក់ និងកញ្ជុងអង្ករ ដែលសុទ្ធសឹងជាធាតុចូលកសិកម្ម សក្តានុពលនៅក្នុងប្រទេសកម្ពុជា របស់ក្រុមហ៊ុនស៊ី.ភី គឺជាការចូលរួមដ៏មានសារៈសំខាន់ ក្នុងការកាត់បន្ថយសម្ពាធនៃការផ្គត់ផ្គង់កសិផលនៅលើទីផ្សារ ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងភាពប្រកួតប្រជែង និងការលើកកម្ពស់ផលិតភាពដែលអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៣ នេះ នឹងអនុញ្ញាតឲ្យមានការប្រមូលទិញពោតក្រហម ប្រមាណ ២៥ ម៉ឺនតោន ក្នុងមួយឆ្នាំ ដំឡូងមីប្រមាណ១៥ ម៉ឺនតោន ក្នុងមួយឆ្នាំ ស្រូវប្រមាណ២ម៉ឺនតោន ក្នុងមួយឆ្នាំ កន្ទក់ ប្រមាណ ៥ម៉ឺនតោន ក្នុងមួយឆ្នាំ និងកញ្ចុងអង្ករប្រមាណ ១ម៉ឺនតោន ក្នុងមួយឆ្នាំផងដែរ»

លោកស្រីរដ្ឋមន្ត្រី បានបន្ថែមថា «ការជំរុញផលិតកម្មចំណីសត្វ នឹងជួយជំរុញផលិតភាពនិងកាត់បន្ថយថ្លៃដើមផលិតកម្មក្នុងស្រុក មិនត្រឹមតែបង្កើនសមត្ថភាពផ្គត់ផ្គង់របស់ផលិតករក្នុងស្រុក ក្នុងតម្លៃប្រកួតប្រជែងប៉ុណ្ណោះទេ ផលិតករថែមទាំងអាចទទួលបានប្រាក់ចំណេញមួយកម្រិតបន្ថែមទៀត លើការចំណាយលើធាតុចូលកសិកម្ម។ ការវិនិយោគទាំងនេះ បានបង្កើតការងារ និងពង្រឹង ឲ្យបានរឹងមាំនូវខ្សែច្រវាក់តម្លៃនៅគ្រប់ដំណាក់កាល ប្រកបដោយចីរភាព បរិយាបន្ន និងមានគុណតម្លៃខ្ពស់ គិតចាប់តាំងពីការប្រមូលទិញធាតុចូលក្នុងតម្លៃប្រកួតប្រជែង ការពង្រីកតម្រូវការទីផ្សារវត្ថុធាតុដើម នៃផលិតផលកសិកម្ម ការបង្កើតនិងការកែច្នៃផលិតផលថ្មីជាដើម»

លើសពីការជំរុញផលិតកម្មចំណីសត្វ ដែលផលិតក្នុងស្រុក នឹងជំរុញផលិតភាពនិងកាត់បន្ថយថ្លៃដើមផលិតកម្មក្នុងស្រុក ដែលមិនត្រឹមតែបង្កើនសមត្ថភាពផ្គត់ផ្គង់របស់ផលិតករក្នុងស្រុក ក្នុងតម្លៃប្រកួតប្រជែងប៉ុណ្ណោះទេ ផលិតករអាចទទួលបានប្រាក់ចំណេញមួយកម្រិតបន្ថែមទៀតនៅពេលដែលតម្លៃធាតុចូលកសិកម្ម ជាពិសេសចំណាយលើចំណីសត្វមានតម្លៃសមរម្យ ដែលនេះជាកត្តាមួយអាចជួយសម្រាលដល់ការកើនឡើងថ្លៃចំណីសត្វ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: