ព័ត៌មានជាតិ

នាវាទេសចរណ៍ Westerdam នឹងចុះចតនៅខេត្តព្រះសីហនុនាថ្ងៃទី២៨ ខែធ្នូ, អាជ្ញាធរខេត្តចាត់ទុកជាឱកាសបង្ហាញពិភពលោកពីសក្ដានុពលរបស់កម្ពុជា

BY
Khmerpress
December 14, 2023
នាវាទេសចរណ៍ Westerdam នឹងចុះចតនៅខេត្តព្រះសីហនុនាថ្ងៃទី២៨ ខែធ្នូ, អាជ្ញាធរខេត្តចាត់ទុកជាឱកាសបង្ហាញពិភពលោកពីសក្ដានុពលរបស់កម្ពុជា

(ភ្នំពេញ)៖ នាវាទេសចរណ៍ដ៏ល្បីឈ្មោះ Westerdam នឹងចុះចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុម្ដងទៀត នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ក្រោយធ្លាប់ចុះចតកាលពី៣ឆ្នាំមុន ដោយសារបញ្ហាកូវីដ១៩។

ជាមួយនឹងការវិលត្រឡប់មកខេត្តព្រះសីហនុវិញរបស់នាវាទេសចរណ៍អន្តរជាតិដ៏ធំនេះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអះអាងថា រដ្ឋបាលខេត្តព្រះសីហនុ បានត្រៀមរៀបចំបដិសណ្ឋារកិច្ចយ៉ាងល្អ ដើម្បីទទួលស្វាគមន៍នាវាទេសចរណ៍មួយនេះ។

លោក ឡុង ឌីម៉ង់ បានចាត់ទុកការវិលត្រឡប់របស់នាវាទេសចរណ៍ Westerdam ម្ដងទៀត ជាឱកាសសម្រាប់បង្ហាញពិភពលោក ពីសក្ដានុពលរបស់កម្ពុជា ជាពិសេសខេត្តព្រះសីហនុ និងទាក់ទាញអ្នកវិនិយោគមកខេត្តទៀតផង។

លោកអភិបាលរងខេត្តរូបនេះ បានបន្ថែមថា រដ្ឋបាលខេត្តខេត្តព្រះសីហនុ នឹងរៀបចំពិធីទទួលទេសចរ និងការរំលឹកខួប៣ឆ្នាំ នៃការសុំចតរបស់នាវា Westerdam នេះផងដែរ។

លោក ឡុង ឌីម៉ង់ បានលើកឡើងដូច្នេះ៖ «អាជ្ញាធរ កំពុងត្រៀមរៀបចំ ទាំងបញ្ហាសុន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ រក្សាអនាម័យបរិស្ថាន និងការដាក់តាំងបង្ហាញកម្រងរូបភាពវីដេអូមួយចំនួន ដែលសារព័ត៌មានធំៗ បានចុះផ្សាយនាពេលនោះផងដែរ»

នាវាទេសចរណ៍អាម៉េរិក Westerdam នឹងត្រូវចុះចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេលពេញមួយថ្ងៃ គឺនៅថ្ងៃទី២៨ ខែធ្នូ ដោយផ្ទុកភ្ញៀវទេសចរ ជាង ១,៥០០នាក់។ ក្នុងចំណោម ទេសចរទាំងនេះ មានជាង ៩០០នាក់ នឹងត្រឡប់ទៅតាមនាវាវិញ រីឯជាង ៦០០នាក់ទៀត នឹងនៅទស្សនាកម្ពុជាបន្ត។

លោក ឡុង ឌីម៉ង់ បានបន្តថា៖ «ការចូលសុំចតរយៈពេលពេញមួយថ្ងៃ បានន័យថា ម៉ោង៨ព្រឹក នឹងមកដល់ក្រុងព្រះសីហនុ ហើយទេសចរទាំងអស់នឹងចេញទៅតាមទីតាំងរៀងៗខ្លួន។ មានទេសចរខ្លះចេញទៅទស្សនាឆ្នេរកោះរ៉ុង ខ្លះទស្សនាក្រុងព្រះសីហនុ ខ្លះទៅក្រុងភ្នំពេញ និងខ្លះទៅខេត្តសៀមរាបជាដើម។ ទេសចរទាំងអស់នោះ នឹងមកជាង ១,៥០០នាក់ ប៉ុន្តែត្រឡប់ទៅតាមនាវាទេសចរណ៍អាម៉េរិក Westerdam ជាង ៩០០នាក់»

គួររំលឹកថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យនាវាទេសចរណ៍អាម៉េរិក ដែលមានឈ្មោះថា Westerdam ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្រោយពីប្រទេស និងកោះចំនួន៥ បានបដិសេធលើការស្នើសុំចតរបស់ក្រុមហ៊ុន Holland America Line ដោយសារបារម្ភពីជំងឺកូវីដ១៩។

មូលហេតុដែលរដ្ឋាភិបាល សម្រេចឱ្យនាវាអាម៉េរិកចូលចតនេះ ក្រោមហេតុផលថា ជួយសង្គ្រោះមនុស្សជាតិ និងបង្ហាញពីសកម្មភាពមនុស្សធម៌ ជាពិសេសលុបបំបាត់ ភាពភ័យខ្លាចរបស់ពលរដ្ឋលើបញ្ហាជំងឺរលាកសួត ដែលបង្កឡើងដោយជំងឺកូវីដ១៩។

មនុស្សនៅលើនាវានោះ មានជាង ២២០០នាក់ ក្នុងនោះ អ្នកដំណើរ ១,៤៥៥នាក់ មានជាង៤០សញ្ជាតិ និងបុគ្គលិកបម្រើការងារតាមផ្នែកលើនាវា ៨០២នាក់។ អ្នកទេសចរ ដែលច្រើនជាងគេមានអាម៉េរិក មាន៦៥១នាក់ កាណាដា ២៧១នាក់ អង់គ្លេស ១២៧នាក់ ហូឡង់ ៩១នាក់ អូស្ត្រាលី ៧៩ នាក់ អាល្លឺម៉ង់ ៥៧នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews​

Share This Post: