ព័ត៌មានជាតិ

កូនប្រុសរបស់រដ្ឋមន្រ្តី ម៉ៅ ហាវាណ្ណាល់ នឹងក្លាយជាយុវជនដំបូងបង្អស់ ក្នុងប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់ការហ្វឹកហាត់ នៅរាជបណ្ឌិតសភាយោធាសានហឺស្ត៍ នៃចក្រភពអង់គ្លេស

BY
Khmerpress
December 14, 2023
កូនប្រុសរបស់រដ្ឋមន្រ្តី ម៉ៅ ហាវាណ្ណាល់ នឹងក្លាយជាយុវជនដំបូងបង្អស់ ក្នុងប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់ការហ្វឹកហាត់ នៅរាជបណ្ឌិតសភាយោធាសានហឺស្ត៍ នៃចក្រភពអង់គ្លេស

(អង់គ្លេស)៖ ក្រោមការជ្រោមជ្រែងដ៏ពេញទំហឹងពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា (អតីតជាអគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា) និងតាមរយៈឧត្តមភាពដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវាណ្ណាល់ នៅទីបំផុត លោក ណាល់ ស្ទីវិនដាប្ញទ្ធិ ដែលត្រូវជាបុត្រនឹងក្លាយជាយុវជនដំបូងបង្អស់ ក្នុងប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់ការហ្វឹកហាត់ នៅរាជបណ្ឌិតសភាយោធា សានហឺស្ត៍ នៃចក្រភពអង់គ្លេស (The Royal Military Academy Sandhurst)។ បន្ទាប់ពីបានបញ្ចប់ការហ្វឹកហាត់ដ៏សកម្មនិងហ្វឹកហ្វឺន រយៈពេល៤៤អាទិត្យ នាយទាហានរូបនេះ បានប្រុងប្រៀបរួចជាស្រេច ក្នុងបិទវគ្គសិក្សារបស់លោក នាថ្ងៃទី១៥ ខែធ្នូ ២០២៣ ក្នុងការទទួលគោរមងារ ជានាយទាហានជាន់ខ្ពស់ (នាយចំណង់)។

ទន្ទឹមនឹងនេះផងដែរ ក្នុងកម្មវិធីបញ្ចប់វគ្គសិក្សារបស់និស្សិតនាយទាហាន ណាល់ ស្ទីវិនដាប្ញទ្ធិ ត្រូវបានជ្រើសតាំងក្នុងការប្រគល់រង្វាន់ The Bertrand Stewart War Studies Prize តាមរយៈ Blind reading (ប្រព្រឹត្តទៅដោយនិស្សិតទាហានគ្រប់រូប និងតម្រូវឲ្យតែងអត្ថបទរៀងៗខ្លួន ហើយអត្ថបទនោះនឹងមិនត្រូវបានបញ្ចេញ ឈ្មោះឡើយ។

គ្រប់អត្ថបទទាំងអស់នឹងត្រូវបានប្រគល់ជូនទៅដល់ថ្នាក់ដឹកនាំដើម្បីជ្រើសរើស, ថ្នាក់ដឹកនាំនឹងជ្រើសរើសអត្ថបទ២ ដែលលេញធ្លោជាងគេបំផុត ដោយមិនមានភាពលំអៀងឡើយ ការជ្រើសរើសនេះប្រព្រឹត្តិទៅគ្រប់បណ្តាប្រទេសទាំងអស់ ក្រោមការសម្រិតសម្រាងបំផុតដោយ Commandant (លោក ណាល់ ស្ទីវិនដាប្ញទ្ធិ ជាបុគ្គលមួយរូបក្នុងចំណោមបុគ្គលពីររូប ដែលបានជ្រើសរើស)។ កម្មវិធីបញ្ចប់វគ្គសិក្សានេះ ក៏នឹងមានការផ្សាយបន្តផ្ទាល់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

តាមរយៈការស្រាវជ្រាវបានបង្ហាញឲ្យដឹងថា សាលារាជបណ្ឌិតសភាយោធាសេន្តហឺស្ត៍ (The Royal Military Academy Sandhurst) គឺជាសាលាសភាយោធាមួយដ៏តឹងរឹង និងល្បីល្បាញនៃចក្រភពអង់គ្លេស ដែលបា​ទទួលស្គាល់ដោយមជ្ឈមណ្ឌលឈានមុខ ក្នុងការបណ្ដុះបណ្ដាលថ្នាក់ដឹកនាំ និងនាយទាហានទូទាំងសកលលោក។

ប្រវត្តិសាស្ត្រនៃការអប់រំ និងការបណ្ដុះបណ្ដាលបណ្ឌិតសភាយោធាត្រូវបានចងក្រងចាប់តាំងពី ឆ្នាំ១៨០២មកម៉្លេះ ដែលនៅក្នុងនោះ លោក Sir Winston Churchill ដែលត្រូវជាអតីតនាយករដ្ឋមន្រី្តរបស់ចក្រភពអង់គ្លេសក៏បានបញ្ចប់ការសិក្សា ចេញពីសាលារាជបណ្ឌិតសភាយោធាសេន្តហឺស្ត៍នេះដែរ។ នេះបានបង្ហាញឲ្យឃើញពីភាពល្បីល្បាញរបស់ សាលារាជបណ្ឌិត្យសភា ក្នុងការបណ្ដុះបណ្ដាល ប្រមុខរដ្ឋ និងថ្នាក់ដឹកនាំប្រកបទៅដោយសក្ដានុពល និងភាពជាអ្នកដឹកនាំ ដែលប្រៀបបានទៅនឹងពាក្យស្លោករបស់ Sandhurst «Serve to Lead» ពោលគឺ ការពុះពារបម្រើប្រទេសជាតិ ដើម្បីដឹកនាំប្រទេសទៅរកសន្តិភាព។

សាលារាជបណ្ឌិតសភាយោធាសេន្តហឺស្ត៍ ត្រូវបានទទួលស្គាល់ពីសំណាក់ខ្សែរាជវង្ស និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនជំនាន់ ដោយសារតែការបណ្ដុះបណ្ដាលទៅលើនាយទាហានគ្រប់ជាន់ថ្នាក់រហូតដូចជា លោក Field Marshal Montgomery និង លោក Field Marshal Slim ដែលមានឋានន្តរសក័ផ្កាយ៥។ ដោយសារតែកិត្យានុភាពក្នុងការបង្ហាត់បង្រៀន និងការហ្វឹកហាត់ ប្រកបទៅដោយភាពជាអ្នកដឹកនាំ និងតម្លាភាពទើបខ្សែរាជវង្ស និងថ្នាក់ដឹកនាំជាន់ខ្ពស់ បានបន្តបញ្ជូនកុលបុត្រ កុលធីតារបស់លោក ទៅកាន់សាលាបណ្ឌិតសភាយោធាជាបន្តបន្ទាប់។

ជាពិសេសអ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះ គឺសាលាបណ្ឌិតសភាយោធាបានបណ្ដុះបណ្ដាលខ្សែរាជវង្សជាច្រើនអង្គដែលក្នុងនោះសុទ្ធសឹង តែជាខ្សែស្រឡាយរបស់រាជវង្ស។ ដែលក្នុងនោះមានព្រះរាជបុត្រ Prince William, Hamad Bin Isa Al Khalifa (the King of Bahrain), Mohamed Bin Zayed Al Nahyan (The President of UAE) and the Late Sultan Qaboos bin Said of Oman។

បន្ថែមពីលើនេះទៅទៀត ក្រឡែកមកមើលក្នុងសមាគមប្រជាជាតិអាស៊ាន ថ្នាក់ដឹកនាំជាច្រើនរូប ក៏បានបញ្ចប់ការសិក្សាសាលារាជបណ្ឌិតសភាយោធាសេន្តហឺស្ត៍ផងដែរ ដែលក្នុងនោះរួមមាន ស៊ុលតង់ Hassanal Bolkiah of Brunei និងព្រះរាជបុត្រ ព្រះអង្គម្ចាស់ Abdul Mateen និង ព្រះអង្គម្ចាស់ Vajiravudh នៃប្រទេសថៃ ព្រមទាំង ខ្សែររាជវង្សម៉ាឡេស៊ី។ ចំណែកឯនិស្សិតនាយទាហាន ណាល់ ស្ទីវិនដាប្ញទ្ធិ នឹងត្រូវបញ្ចប់កម្មសិក្សានាពេលខាងមុខនេះ។

លើសពីនេះទៅទៀត នាយកម្មាភិបាលតូចបានថ្លែងថា «ខ្ញុំតែងតែខិតខំប្រឹងប្រែងយ៉ាងមោះមុត ដើម្បីសម្រេចបំណងប្រាថ្នាមួយនេះ ហើយការជោគជ័យមួយនេះ នឹងអាចជួយលើកស្ទួយប្រទេសជាតិរបស់ខ្ញុំ។ កម្មាភិបាលវ័យក្មេងដដែលរូបនេះ បានបញ្ចប់ការហ្វឹកហាត់សភាទាហានរបស់ខ្លួនប្រហាក់ប្រហែលទៅនឹងវ័យ ដែលឪពុករបស់ខ្លួន ឯកត្តមបណ្ឌិត ម៉ៅ ហាវាណ្ណាល់ ដែលបានបញ្ចប់ការហ្វឹកហាត់យន្តហោះចម្បាំងនៅប្រទេសរុស្ស៉ី។

លោកកម្មាភិបាល ណាល់ ស្ទីវិនដាប្ញទ្ធិ បាននិយាយថា «ក្នុងអំឡុងពេល៤៤អាទិត្យនេះ ជាវេលាដ៏លំបាកបំផុតដែលគ្រប់កម្មាភិបាលទាំងអស់ បានឆ្លងកាត់ពួកយើង ត្រូវបានលត់ដំទាំងផ្លូវកាយ និងផ្លូវចិត្តព្រមទាំងតម្រង់ នៅចក្ខុវិស័យ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិនៃថ្ងៃខាងមុខ»

ក្នុងឱកាសបិទវគ្គសិក្សាយុវជន ណាល់ ស្ទីវិនដាប្ញទ្ធិ បានបង្ហាញពីក្តីរីករាយ​ និងកិត្តិយសណាស់ ដែលទង់ជាតិរបស់កម្ពុជា ត្រូវបានដោតបង្ហាញដល់មហាជន នៅក្នុងរាជបណ្ឌិត្យសភាយោធា Sandhurst ជាលើកដំបូង ដែលកន្លងទៅជាង២០០ឆ្នាំមិនធ្លាប់មាន។ យុវជន ដាប្ញទ្ធិ បានសន្យាថា នឹងបម្រើជាតិកម្ពុជា ដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីការពារជាតិ សាសនា និងព្រះមហាក្សត្រ និងសន្តិភាព នៃព្រះរាជាណាចក្រកម្ពុជា៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: