ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្រ្តា លើកទឹកចិត្តឱ្យនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំ២០២៤ ឱ្យចូលរួមអភិវឌ្ឍប្រទេសនៅថ្ងៃអនាគត

BY
Khmerpress
December 15, 2023
ឯកឧត្តម នេត្រ ភក្រ្តា លើកទឹកចិត្តឱ្យនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំ២០២៤ ឱ្យចូលរួមអភិវឌ្ឍប្រទេសនៅថ្ងៃអនាគត

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកទឹកចិត្តឱ្យនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី (Australian Award) ប្រចាំឆ្នាំ២០២៤ ឱ្យចូលរួមអភិវឌ្ឍប្រទេសនៅថ្ងៃអនាគតក្រោយបញ្ចប់ការសិក្សា។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងដូចនេះ ក្នុងឱកាសនៃការសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំ២០២៤ ចំនួន៣៤រូប នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន។

នៅក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្រ្តីសម្តែងនូវសេចក្តីសោមនស្សរីករាយ ការកើតសរសើរ និងមោទនភាព ចំពោះនិស្សិតគ្រប់រូបដែលត្រូវបានជ្រើសរើសទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសអូស្ត្រាលីនៅដើមខែមករា ឆ្នាំ២០២៤ខាងមុខ។ ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុកនិស្សិតជ័យលាភីគ្រប់រូបជាធនធានមនុស្សដ៏មានតម្លៃរបស់ប្រទេសកម្ពុជា និងបានមានប្រសាសន៍ឱ្យនិស្សិតគ្រប់រូបខិតខំប្រឹងប្រែងសិក្សារៀនសូត្រ គ្រេបជញ្ជក់យកចំណេះដឹង និងការអនុវត្តល្អៗហើយមានប្រសិទ្ធភាពពីប្រទេសអូស្ត្រាលី ដើម្បីជាទុនក្នុងការចូលរួមអភិវឌ្ឍប្រទេសឱ្យរីកចម្រើនរុងរឿងទៅមុខ ស្របតាមគោលដៅនៃការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ ក្នុងស្មារតីជាមួយគ្នា ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឱ្យនិស្សិតគ្រប់រូបចាត់ទុកខ្លួនជាឯកអគ្គរាជទូតតំណាងជាតិកម្ពុជា តាមរយៈការចូលរួមផ្សព្វផ្សាយពីវប្បធម៌ដ៏ល្អផូរផង់របស់ប្រទេសកម្ពុជាទៅកាន់មជ្ឈដ្នានខាងក្រៅ ដើម្បីកសាងកេរ្តិ៍ឈ្មោះនិងលើកកម្ពស់កិត្យានុភាពរបស់ប្រទេសកម្ពុជា។

ឆ្លៀតក្នុងក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងពីដំណើរវិវត្តនៃការកសាងធនធានមនុស្សនៅប្រទេសកម្ពុជាក្រោយភ្លើងសង្រ្គាមត្រូវបានបញ្ចប់ ដែលក្នុងពេលបច្ចុប្បន្នទៅថ្ងៃអនាគត គឺជាដំណាក់កាលនៃការផ្តោតលើការកសាងមូលធនមនុស្ស ប្រកបដោយគុណាធិបតេយ្យ ពោលគឺគុណភាព សមត្ថភាព និងសុខភាពល្អ។ ក្នុងក្របខណ្ឌនៃមូលធនមនុស្សនេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ឱ្យនិស្សិតជ័យលាភីគ្រប់រូបប្រកាន់ភ្ជាប់ជានិច្ចនូវគុណតម្លៃ៣បន្ថែម គឺភាពស្មោះត្រង់ ភាពអំណត់ព្យាយាម និងចំណេះជំនាញច្បាស់លាស់។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តីបានជូនពរឱ្យនិស្សិតគ្រប់រូបទទួលបានជោគជ័យក្នុងការសិក្សារបស់ខ្លួន និងត្រូវចេះសាមគ្គីគ្នាជាធ្លុងមួយស្របតាមសុភាសិតខ្មែរ «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ» ហើយត្រូវថែរក្សាសុខភាពឱ្យបានល្អ៕ ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: