ព័ត៌មានជាតិ

ក្រុមម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយ ៤គ្រឿង ក្នុងថ្ងៃទី២ នៃព្រឹត្តិការណ៍ Jet Ski World Series ជុំផ្ដាច់ព្រ័ត្រ នៅថៃ

BY
Khmerpress
December 15, 2023
ក្រុមម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយ ៤គ្រឿង ក្នុងថ្ងៃទី២ នៃព្រឹត្តិការណ៍ Jet Ski World Series ជុំផ្ដាច់ព្រ័ត្រ នៅថៃ

(ប៉ាតាយ៉ា)៖ ក្រុមកីឡាម៉ូតូទឹកជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយ ៤គ្រឿងបណ្ដោះអាសន្ន (ប្រាក់ ១ និងសំរឹទ្ធ ៣) គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតពិភពលោក WGP1 Jet Ski World Series 2023 ជុំផ្ដាច់ព្រ័ត្រ នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ។

សម្រាប់លទ្ធផលទទួលបានពីការប្រកួត ២ថ្ងៃកន្លងមក សម្រាប់មេដាយប្រាក់ ដណ្ដើមបានដោយកីឡាករ ម៉ីន មូសស្ដាន លើវិញ្ញាសា Expert Ski GF ។ រីឯមេដាយសំរឹទ្ធ ៣គ្រឿង គឺដណ្ដើមបានដោយកីឡាករ សាលី ហ្វីលីន លើវិញ្ញាសា Runabout 1100 Limited, កីឡាករ ម៉ីន អូស្មាន់ លើវិញ្ញាសា Novice Ski Stock និងកីឡាករ កៃវ៉ាន់ ស៊ីដែន លើវិញ្ញាសា Novice Ski Stock ។

គួរដឹងថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតពិភពលោក WGP1 Jet Ski World Series 2023 ជុំផ្ដាច់ព្រ័ត្រ នៅថៃនេះ គឺមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៧ ខែធ្នូ ដោយមានកីឡាករខ្លាំងៗ ជុំវិញពិភពលោកចូលរួម ក្នុងនោះក៏មានកីឡាករកម្ពុជាច្រើនរូបផងដែរ ដែលដឹកនាំដោយប្រធានក្រុមវីរកីឡាករ សាលី អ៊ូមើត ។ ការប្រកួតនេះបានរៀបចំ ៣ជុំរួចមកហើយ ដោយជុំទី១ ធ្វើឡើងប្រទេសប៉ូឡូញ កាលពីខែឧសភា តែក្រុមម៉ូតូទឹកកម្ពុជា ពុំបានចូលរួមនោះទេ ព្រោះជាប់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។

បន្ទាប់មកជុំទី២ នៅប្រទេសបារាំង ទើបក្រុមកម្ពុជាបានចូលរួម ដោយដណ្ដើមបានមេដាយមាស ២ ប្រាក់ ១ និងសំរឹទ្ធ ១ សរុប ៤គ្រឿង មុនសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ក្នុងការប្រកួតជុំទី៣ នៅសហរដ្ឋអាមេរិក ដោយក្រុមកីឡាម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយរហូតដល់ ៩គ្រឿង (មាស ៤ ប្រាក់ ៤ និងសំរឹទ្ធ ១) ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: