ព័ត៌មានជាតិ

រយៈពេល១ខែ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានយុវជនមកពីគ្រួសារក្រីក្រជាង ១ម៉ឺន ៣ពាន់នាក់ ចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ

BY
Khmerpress
December 15, 2023
រយៈពេល១ខែ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានយុវជនមកពីគ្រួសារក្រីក្រជាង ១ម៉ឺន ៣ពាន់នាក់ ចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ

(ភ្នំពេញ)៖ គិតត្រឹមរយៈពេល ១ខែ ដំបូងនៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលបានយុវជនប្រមាណ ១៣,៥៨៧នាក់ បានមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈនៅទូទាំងប្រទេស។ នេះជាការបញ្ជាក់របស់លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ។

លោកបានលើកឡើងថា៖ «ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ពោលគឺមានរយៈពេល១ខែគត់នៃការដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិនេះ ក្នុងនោះដែរក្រសួងការងារបានដុតដៃដុតជើងផ្សព្វផ្សាយព័ត៌មាន ចាត់ក្រុមការងារថ្នាក់ក្រសួងចុះមូលដ្ឋានធ្វើយ៉ាងណាកៀងគយុវជនគោលដៅមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះឱ្យបានផុសផុល»

បើតាមអ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា ក្នុងចំណោមអ្នកចុះឈ្មោះសរុបប្រមាណ ១៣,៥៨៧នាក់ (ស្រី ៤,៧០៤នាក់) ក្នុងនោះ រាជធានីភ្នំពេញចំនួន ៥,៧០៤នាក់, បាត់ដំបង ១,៤៨៨នាក់, សៀមរាប ៩៣៣នាក់, ព្រះសីហនុ ៤៨២នាក់, ពោធិ៍សាត់ ៤៧៨នាក់ និងបណ្ដាខេត្តផ្សេងៗចំនួន ៤,៥០២នាក់។ ក្នុងនោះដែលអ្នកចុះឈ្មោះរៀនវគ្គបណ្តុះបណ្តាសំណង់សរុបមានចំនួន ១,៩១១នាក់, អគ្គិសនី និងថាមពល ៤៩១នាក់, អេឡិចត្រូនិក ៣៥២នាក់, កម្មន្តសាល ៨៥នាក់, មេកានិចទូទៅ/មេកានិចរថយន្ត ២,០០៤នាក់, ធុរកិច្ច និងព័ត៌មានវិទ្យា ៤,៤៩០នាក់ , សេវាកម្ម ៧៣០នាក់, បរិក្ខារត្រជាក់ និងកម្តៅ ១,៩៩៤នាក់, ទេសចរណ៍ ៨២៣នាក់, និងកសិកម្ម និងកសិ-ឧស្សាហកម្ម ៧០៧នាក់។

លោក កត្តា អ៊ន បានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននឹងកំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ទ្រង់ទ្រាយធំ ក្នុងនោះដែរការចុះយុទ្ធនាការផ្សព្វផ្សាយតាម សង្កាត់ និងតាមខ្នងផ្ទះនៃគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យបានចំនួន ៥០១លើក ដែលមានអ្នកចូលរួមសរុប ៥០,៦៤០នាក់។

បន្ថែមពីនេះ លោកបានថ្លែងថា ក្នុងនោះមានអគ្គនាយកដ្ឋានជំនាញ មន្ទីរការងារ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គ្រប់រាជធានី ខេត្តបានចេញយុទ្ធនាការផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសមិនត្រឹមតែនៅតាមខ្នងផ្ទះប្រជាពលរដ្ឋតាមគោលដៅនោះទេ ក៏ប៉ុន្តែក្រសួងក៏មានយុទ្ធនាការផ្សព្វផ្សាយនៅតាមទីតាំងសាធារណៈ តាមរយៈការចែកខិតបណ្ណ អំពីកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិនេះផងដែរ។

ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១.៥លាននាក់ គឺជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ ដែលកាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ ថ្មីៗនេះរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តជាផ្លូវការ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: