ព័ត៌មានជាតិ

ម៉ូតូចំនួន ១៧គ្រឿង ត្រូវបានឯកឧត្តម ណុប រ័ត្ននិមល ប្រគល់ជូនសិស្សប្រឡងជាប់និទ្ទេសA ទូទាំងស្រុកកណ្តាលស្ទឹងទាំង ១៧នាក់

BY
Khmerpress
December 15, 2023
ម៉ូតូចំនួន ១៧គ្រឿង ត្រូវបានឯកឧត្តម ណុប រ័ត្ននិមល ប្រគល់ជូនសិស្សប្រឡងជាប់និទ្ទេសA ទូទាំងស្រុកកណ្តាលស្ទឹងទាំង ១៧នាក់

ខេត្តកណ្ដាល៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ឯកឧត្តម ណុប រ័ត្ននិមល បានចាត់ទុកសិស្សានុសិស្ស ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២២-២០២៣ ពិសេសសិស្សជាប់និទ្ទេសA នាពេលនេះ គឺជាគ្រាប់ពូជមួយដ៏មានសារៈសំខាន់ សម្រាប់ចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនជាបន្តទៀត ក្រោមម្លប់សន្តិភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតតីនាយករដ្ឋមន្រ្តី និងមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន។

ឯកឧត្តម ណុប រ័ត្ននិមល ជំនួយការសម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារយុវជនចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកអចិន្ត្រៃយ៍ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង បានមានប្រសាសន៍ដូចនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយនឹង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

ឯកឧត្តម ណុប រ័ត្ននិមល ក៏បានសំណូមពរដល់សិស្សានុសិស្សនៅទូទាំងស្រុកណ្តាលស្ទឹង ត្រូវបន្តខិតខំសិក្សារៀនសូត្រដើម្បីក្លាយខ្លួនជាមនុស្សល្អ ជាទំពាំងស្នងឬស្សី ក្នុងអភិវឌ្ឍជាតិ និងបានអំពាវនាវដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ទូទាំងស្រុកកណ្តាលស្ទឹង ត្រូវបន្តការចូលរួមថែរក្សាសុខសន្តិភាព ដែលយើងកំពុងមានក្នុងពេលបច្ចុប្បន្ន ឲ្យបានគង់វងសម្រាប់កូនចៅជំនាន់ក្រោយ ដោយបន្តទទួលផ្លែផ្កាពីកត្តាសន្តិភាពដែលយើងរកបានយ៉ាងលំបាកនេះ។

ក្នុងឱកាសនៃពិធីសំណេះសំណាលនេះ ឯកឧត្តម ណុប រ័ត្ននិមល បាននាំអំណោយដ៏ថ្លៃថ្លា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភសិស្សនិទ្ទេសA ចំនួន១៧នាក់ ស្រី១៤នាក់ ក្នុងម្នាក់ៗទទួលបានម៉ូតូ១គ្រឿង និងថវិកា៤០ ម៉ឺនរៀល ជូនដល់សិស្សនិទ្ទេសB ចំនួន៧៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៤០ម៉ឺនរៀលនិងនិទ្ទេសCចំនួន១៩៤នាក់ថវិកា៤០មុឺនរៀល។ល។ លោកគ្រូអ្នកគ្រូ ចំនួន១០៧នាក់ក្នងម្នាក់ៗថវិកា១០មុឺនរៀល, សុខាភិបាលស្រុក ចំនួន៥នាក់ថវិកា ៥មុឺនរៀល យុវជនចំនួន១៩នាក់ថវិកា ៥មុឺនរៀល, ក្រុមប្រឹក្សាឃុំទាំង១៨នាក់ ក្នុងម្នាក់ៗថវិកា៥ម៉ឺនរៀល និងក្នុង១ឃុំភេសជ្ជៈ ២០កេស និងបានឧបត្ថម្ភរដ្ឋបាលស្រុកកណ្ដាលស្ទឹង ថវិកាចំនួន២លានរៀល ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចផងដែរ ៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

Share This Post: