ព័ត៌មានជាតិ

ប្រជាកសិករខេត្តរតនគិរី ចាប់ផ្តើមប្រមូលផលដំឡូងមីជាបណ្តើរៗជាមួយទឹកមុខសប្បាយរីករាយ ខណៈតម្លៃនៅទីផ្សារប្រទេសវៀតណាមសមរម្យប្រសើរជាងឆ្នាំមុន

BY
Khmerpress
December 15, 2023
ប្រជាកសិករខេត្តរតនគិរី ចាប់ផ្តើមប្រមូលផលដំឡូងមីជាបណ្តើរៗជាមួយទឹកមុខសប្បាយរីករាយ ខណៈតម្លៃនៅទីផ្សារប្រទេសវៀតណាមសមរម្យប្រសើរជាងឆ្នាំមុន

(រតនគិរី)៖ ប្រជាកសិករនៅខេត្តរតនគិរី កំពុងមមាញឹកក្នុងការប្រមូលផលដំឡូងមីរបស់ខ្លួន ដើម្បីលក់ឲ្យឈ្មួញ ខណៈតម្លៃនៅចុងឆ្នាំ២០២៣នេះ លក់នៅទីផ្សារប្រទេសវៀតណាមសមរម្យប្រសើរជាងឆ្នាំមុន។

ជាក់ស្តែងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅភូមិប៉ក់ពោធិ៍ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ កសិករ១ក្រុមប្រមាណ ៣០នាក់ ដែលជាម្ចាស់ចំការរៀងៗខ្លួន កំពុងមមាញឹកក្នុងការប្រមូលផលដំឡូងមី ដោយធ្វើការប្រវ៉ះដៃគ្នាមិនយក កម្រៃទេ គឺប្រមូលផលរួចរាល់ពីចំការមួយតទៅចំការមួយទៀតវិលជុំ។ ពួកគាត់មមាញឹកក្នុងការគាស់ កាប់ ហាល ច្រកបេដើម្បីយកទុកលក់ឲ្យឈ្មួញ។

លោក ឈេវ នា ជនជាតិចារ៉ាយ តំណាងឲ្យប្រជាពលរដ្ឋម្ចាស់ចំការ បានរៀបរាប់ឲ្យដឹងថា ជារៀងរាល់ឆ្នាំពួកគាត់ក្នុងភូមិជាមួយគ្នា ធ្វើការមិនយកកម្រៃទេ គឺជួយគ្នាចាប់ផ្តើមតាំងពីដាំរហូតបានផល ដោយធ្វើប្រវ៉ះដៃគ្នាជាទម្លាប់តាំងពីដូនតាមក។

គាត់ថា បងប្អូនជាម្ចាស់ចំការដំឡូងមី ដែលកំពុងគាស់ កោស ហាលមកធ្វើការជុំគ្នា គឺយកបាយពីផ្ទះមកហូបរៀងៗខ្លួន ហើយផលដំឡូងមីឆ្នាំនេះ ទទួលទិន្នផលច្រើនជាងឆ្នាំមុន ដោយក្នុង១ហិកតា បានប្រមាណ១០តោន ដោយពួកគាត់មានទឹកមុខសប្បាយរីករាយ។

ម្ចាស់សាយឡូនៅទីរួមស្រុកអូរយ៉ាដាវ (ស្តង់ទិញដំឡូងមីលក់បន្ត) លោក ហន ចយ បានប្រាប់ថា គាត់បានប្រមូលទិញដំឡូងមីស្រស់ក្នុង១គីឡូក្រាម តម្លៃ៤២០រៀល ក្នុង១គីឡូក្រាម ដឹកទៅលក់នៅប្រទេសវៀតណាមបានតម្លៃ ៤៦០-៤៦៥រៀល ប៉ុន្តែឈ្មួញវៀតណាមកាត់ភាគរយក្នុង១តោន ១៥-១៨ភាគរយទៅតាមប្រភេទដំឡូងមី (ឫស ដី ឫកាកសំណល់ផ្សេងៗ)។

រីឯដំឡូងមីស្ងួតតម្លៃក្នុង១គីឡូក្រាម ៨៩០រៀល ទីផ្សារនៅប្រទេសវៀតណាម (ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់)។ លោក សែម សារឿន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តរតនគិរី បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ថា ផ្ទៃដីដាំដុះដំឡូងមីទូទាំងខេត្ត មានចំនួនសរុប១៨,៣៧០ហិកតា ហើយមកដល់ពេលនេះប្រជាកសិករចាប់ផ្តើមប្រមូលផលប្រហែល១៥ភាគរយ។

លោកថា នៅស្រុកអូរយ៉ាដាវមានរោងចក្រម្សៅមី ជា ទូច ដ៏ធំដោយទទួលទិញដំឡូងមីស្រស់ក្នុង១គីឡូក្រាម ៤១០រៀល (កាត់១៥ភាគរយ ទៅលើ ឫស ដី កាកសំណល់ផ្សេងៗ) ចំណែកឯតម្លៃប្រមូលទិញដំឡូងមីក្រៀម ៧០០រៀលក្នុង១គីឡូក្រាម៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: