ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រកាសរៀបចំព្រឹត្តិការណ៍កីឡាធំៗ ប្រចាំឆ្នាំ២០២៤

BY
Khmerpress
December 15, 2023
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រកាសរៀបចំព្រឹត្តិការណ៍កីឡាធំៗ ប្រចាំឆ្នាំ២០២៤

រាជធានីភ្នំពេញ៖​ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសជូនដំណឹងរៀបចំការប្រកួតកីឡាធំៗ ប្រចាំឆ្នាំ២០២៤ នៅតាមរាជធានីខេត្ត និងកីឡាជាតិ លើកទី៤ ព្រមទាំងកីឡាជាតិជនពិការ លើកទី២។

នៅក្នុងលិខិតជម្រាបជូនប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្តទាំងអស់ និងប្រធានសហព័ន្ធកីឡាជាតិ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សាកលវិទ្យាធិការ នាយក នាយិកាវិទ្យាស្ថានជាតិ និងវិទ្យាស្ថានគរុកោសល្យបានបញ្ជាក់ពីប្រភេទកីឡា និងកាលបរិច្ឆេទនៃកម្មវិធីប្រកួតកីឡាសិស្សបឋមសិក្សា មធ្យមសិក្សា និស្សិតឧត្ដមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ថា យោងតាមផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៤របស់នាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ មាន១០ប្រភេទកីឡា ដូចជាប្រភេទកីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូ ITF តេក្វាន់ដូ WT ប៊ូល និងប៉េតង់ និងគុនល្បុក្កតោ។ ការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ មាន១២ប្រភេទកីឡា ដូចជាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយកូនឃ្លីលើតុ វាយសី ហែលទឹក តេក្វាន់ដូ ITF តេក្វាន់ដូWT ប៉េតង់ ការ៉ាតេ និងសីដក់។

ចំពោះព្រឹត្តិការណ៍កីឡា និងកាលបរិច្ឆេទប្រចាំឆ្នាំ២០២៤ រួមមាន៖
១.ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯករាជធានីខេត្ត ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៤ នៅតាមរាជធានី-ខេត្ត។
២.ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯករាជធានីខេត្ត ពីខែមករាដល់ខែកក្កដា ឆ្នាំ២០២៤ នៅតាមរាជធានី-ខេត្ត។
៣.ការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៤ តាមគ្រឹះស្ថានឧត្តមសិក្សានីមួយៗ។
៤.ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
៥.ការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
៦.ការប្រកួតកីឡាជាតិ លើទី៤ និងកីឡាជាតិជនពិការ លើកទី២ ពីថ្ងៃទី២០ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ខេត្តកែប កំពត ព្រះសីហនុ និងសៀមរាប ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

គួរបញ្ជាក់ថា នេះការរៀបចំការប្រកួតកីឡាជាច្រើន ប្រចាំឆ្នាំ២០២៤ ដើម្បីផលិតធនធានកីឡាករ កីឡាការិនីតាមរាជធានី-ខេត្ត ក្លឹបប្រចាំឆ្នាំឱ្យមានបរិមាណ និងគុណភាព ហើយនៅក្នុងនោះការប្រកួតកីឡាជាតិ គឺជាព្រឹត្តិការណ៍កីឡាធំជាងគេ ដែលជាទម្រង់ហ្គេមកម្រិតខ្ពស់ជាងគេ ទាំងការពង្រឹងគុណភាពអត្តពលិកជាតិ និងការរៀបចំពិធីបើក-បិទជាដើម។ ការរៀបចំការប្រកួតកីឡាជាតិ រៀងរាល់២ឆ្នាំម្តង និងបានរៀបចំ៣លើកកន្លងមក ឆ្នាំ២០១៦ លើកទី១ ឆ្នាំ២០១៨ លើកទី២ និងឆ្នាំ២០២២ លើកទី៣ គឺបានឆ្លុះបញ្ជាំងពីគុណភាពខ្ពស់ ក្នុងការត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ កាលពីខែឧសភា ឆ្នាំ២០២៣ ប្រកបដោយជោគជ័យជាប្រវត្តិសាស្ត្រផងដែរ៕ ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: