ព័ត៌មានជាតិ

រយៈពេល១ខែ ក្រសួងការងារ ទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តជាង៩ម៉ឺននាក់

BY
Khmerpress
December 16, 2023
រយៈពេល១ខែ ក្រសួងការងារ ទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តជាង៩ម៉ឺននាក់

(ភ្នំពេញ)៖ គិតចាប់ពីថ្ងៃ១៤ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ រយៈពេល ៣០ថ្ងៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះសមាជិក របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស សរុបចំនួន ៩១,១៣៧នាក់។ នេះបើតាមលោក កត្តា អ៊ន រដ្ឋលេខាធីការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បើតាមលោក កត្តា អ៊ន ក្នុងចំណោមអ្នកចុះឈ្មោះទាំងនោះ ក្រសួងការងារទទួលបានបុគ្គលស្វ័យនិយោជន៍ចំនួន ៨៧ ២៦៤នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ៣ ៨៧៣នាក់។ ក្នុងនោះដែរ សមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តបានទៅប្រើប្រាស់សេវាមានចំនួន ៣៧ ៩៣៩ដង។ ដោយឡែកការចំណាយតាវកាលិកទូទាត់មូលដ្ឋានសុខាភិបាល មានចំនួន ៧១៤,០៨លានរៀល។

លោក កត្តា អ៊ន បានឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះយុទ្ធនាការតាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនសរុបចំនួន ៤ ៥២៧លើក ដែលមានអ្នកចូលរួមចំនួន ១,៣៥៤,៥៣១នាក់។ ក្នុងនោះដែរការផ្សព្វផ្សាយតាមបណ្តាញសង្គមផ្លូវការ Facebook, Telegram, YouTube, TikTok និងតាមបណ្តាញសង្គមរបស់សិល្បករ តារាចម្រៀង និងអ្នកមាន ប្រជាប្រិយភាព ក្នុងបណ្ដាញសង្គម ដោយមានចំនួនចែករំលែកបន្ត ១,២៨៧ដង និងចំនួនចូលទស្សនា ៩៧,៧៨៥ដងបន្ថែមទៀត។

លោកបានលើកឡើងថា ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. តាមគោលការណ៍ស្ម័គ្រចិត្តនាពេលនេះគឺជាប្រវត្តិសាស្រ្តថ្មីមួយបន្ថែមសម្រាប់កម្ពុជា។ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាននឹងកំពុងបន្តយុទ្ធនាការរបស់ខ្លួនក្នុងការផ្សព្វផ្សាយអំពីកម្មវិធីថ្នាក់ជាតិស្តីពី របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត តាមទីសាធារណៈ ខ្នងផ្ទះ និងរោងចក្រឧស្សាហកម្មនានានៅទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ និងចុះឈ្មោះពលរដ្ឋដើម្បីប្រើប្រាស់។

លោក កត្តា អ៊ន បានបន្ថែមថា ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស បានប្រែក្លាយសេចក្តីប្រាថ្នារបស់បុគ្គលស្វ័យនិយោជន៍ភាគច្រើនដែលចង់ចូលជាសមាជិក ប.ស.ស. ក៏ដូចជាក្តីប្រាថ្នារបស់បងប្អូនកម្មករនិយោជិតភាគច្រើន ដែលចង់ឱ្យអ្នកនៅក្នុងបន្ទុករបស់ខ្លួនអាចទទួលបានការធានារ៉ាប់រងសុខភាពដូចខ្លួនដែរ។ ប.ស.ស. បានក្លាយជានិមិត្តរូបនៃសុខភាព ក្នុងចិត្តបងប្អូនកម្មករនិយោជិត ដោយអាចជួយកាត់បន្ថយបន្ទុកចំណាយ ពង្រឹងស្ថិរភាព និងការព្យាករណ៍បាននៃចំណូល និងធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់ខ្លួន។

ការប្រកាសនេះបន្ទាប់ពីរាជរដ្ឋាភិបាលក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រកាសដាក់ឲ្យអនុវត្តផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត” និង ”កម្មវិធីបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: