ព័ត៌មានជាតិ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីជូនព័ត៌មាន ស្តីពីការបញ្ជូនត្រឡប់មកកម្ពុជាវិញនូវវត្ថុបុរាណខ្មែរ ចំនួន១៤រូប ពីសារមន្ទីរ Metropolitan Museum (MET) នៅទីក្រុងញូវយ៉ក

BY
Khmerpress
December 16, 2023
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីជូនព័ត៌មាន ស្តីពីការបញ្ជូនត្រឡប់មកកម្ពុជាវិញនូវវត្ថុបុរាណខ្មែរ ចំនួន១៤រូប ពីសារមន្ទីរ Metropolitan Museum (MET) នៅទីក្រុងញូវយ៉ក

ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការបញ្ជូនត្រឡប់មកកម្ពុជាវិញ នូវវត្ថុបុរាណខ្មែរ ចំនួន១៤រូប ពីសារមន្ទីរ Metropolitan Museum (MET) នៅទីក្រុងញូវយ៉ក។ នេះបើតាសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែធ្នូនេះ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា បន្ទាប់ពីការចរចាអស់ រយៈពេលជាច្រើនឆ្នាំ រវាងការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិក ប្រចាំសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក (SDNY), ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ (HSI) និងក្រុមការងារកម្ពុជា ជាមួយនឹងសារមន្ទីរ MET, វត្ថុបុរាណខ្មែរចំនួន ១៤រូប នៃសមុច្ច័យរបស់សារមន្ទីរ MET នឹងត្រូវប្រគល់ត្រឡប់មកកម្ពុជាវិញ។

តាមរយៈកិច្ចសហការ និងការចែករំលែកព័ត៌មានរវាងក្រុមការងារកម្ពុជា និងសមត្ថកិច្ចសហរដ្ឋ អាមេរិក សារមន្ទីរ MET បានផ្ដល់ការសន្យាជាផ្លូវការមួយ ក្នុងការបញ្ជូនត្រឡប់មកកម្ពុជាវិញនូវវត្ថុបុរាណខ្មែរចំនួន១៤រូបនេះ, ការអនុញ្ញាតឱ្យមន្ត្រីជំនាញកម្ពុជា ធ្វើកោសល្យវិច្ច័យសម្បត្តិវប្បធម៌ខ្មែរដទៃទៀត និងការពិនិត្យសិក្សាឯកសារនានា ពាក់ព័ន្ធនឹងសមុច្ច័យរបស់កម្ពុជា។ យើងសូមវាយតម្លៃខ្ពស់ចំពោះលទ្ធផលជំហានដំបូងក្នុងទិសដៅដ៏ត្រឹមត្រូវនេះ និងទន្ទឹងរង់ចាំនៃការវិលត្រឡប់មកវិញ នូវសម្បត្តិវប្បធម៌ខ្មែរ បន្ថែមទៀត។

ក្នុងចំណោមវត្ថុទាំង១៤រូប ដែលត្រូវបញ្ជូនមកកម្ពុជាវិញនេះ រួមមានស្នាដៃឯកមួយចំនួន ដូចជា រូបចម្លាក់ទេពស្រី (ព្រះនាងឧមា) ធ្វើពីថ្មភក់ សតវត្សរ៍ទី១០ ដែលតាមកស្តុតាងពីសាក្សី ត្រូវបានលួចយកនៅឆ្នាំ១៩៩៧ ដោយប្រអប់ជើងជាប់ជាមួយជើងទម្របដិមានេះ បានរកឃើញតាមរយៈការធ្វើកំណាយនៅឆ្នាំ២០២១ នៅក្នុងរមណីយដ្ឋានអតីតរាជធានីកោះកេរ, ព្រះកេសព្រះលោកេសូរ ធ្វើពីសំរឹទ្ធ សតវត្សរ៍ទី១០ ដែលដងខ្លួនបដិមាស្ថិតនៅសារមន្ទីរជាតិភ្នំពេញ និងបដិមាព្រះលោកេសូរ ធ្វើពីសំលោហៈ ដែលសារមន្ទីរ MET បានទិញពីលោក ទូគ្លាស ឡាដហ្វដ (Douglas Latchford) នៅឆ្នាំ១៩៩២៕

សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុងដូចខាងក្រោម៖

ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: