ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ប្រធានក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុនថា កម្ពុជាដាក់ទិសដៅជំរុញការប្រើប្រាស់ថាមពលស្អាតឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០

BY
Khmerpress
December 16, 2023
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ប្រធានក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុនថា កម្ពុជាដាក់ទិសដៅជំរុញការប្រើប្រាស់ថាមពលស្អាតឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០

(តូក្យូ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ បានអនុញ្ញាតលោក ម៉ាសាយូគិ ហ្យូដូ (Masayuki Hyodo) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Sumitomo Corporation ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ក្នុងឱកាសនៃជំនួបនេះ លោក ម៉ាសាយូគិ ហ្យូដូ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូនអំពីសកម្មភាពវិនិយោគ នៅទាំងនៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ាន លើវិស័យជាច្រើនរួមមាន៖ ការផលិតបរិក្ខារអេឡិចត្រូនិក, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, ការផ្សព្វផ្សាយ និងឌីជីថល ។ល។

ជាការឆ្លើយតប សម្តេចធិបតីបានស្វាគមន៍ ចំពោះជំនួបជាមួយលោក ម៉ាសាយូគិ ហ្យូដូ ព្រមទាំងសហការី នាឱកាសនេះ និងបានថ្លែងអំណរគុណ ចំពោះការបោះទុនវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដោយបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងយកចិត្តទុកដាក់នៅក្នុងការធានានិរន្តរភាពនៃបរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញនូវគោលនយោបាយ យន្តការអនុវត្ត និងក្របខ័ណ្ឌគតិយុត្តថ្មីៗ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រចាំបាច់នានា ដើម្បីផ្តល់នូវការលើកទឹកចិត្ត ដែលមានលក្ខណៈអនុគ្រោះ តម្លាភាព និងទាក់ទាញចំពោះវិនិយោគិនទាំងក្នុង និងក្រៅស្រុក។

មួយវិញទៀត សម្តេចធិបតីក៏បានរំលេចបន្ថែមថា បច្ចុប្បន្នកម្ពុជាកំពុងប្រើប្រាស់ថាមពលស្អាត រហូតដល់ ៦២% ដែលជាកម្រិតឈានមុខមួយនៅក្នុងតំបន់ ទន្ទឹមការសម្រេចបញ្ឈប់ទាំងស្រុង នូវការបង្កើតរោងចក្រដំណើរការដោយថាមពលធ្យូងថ្ម ក៏ដូចជាបានដាក់ចេញនូវទិសដៅជំរុញការប្រើប្រាស់ថាមពលស្អាត ឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០ ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: