ព័ត៌មានជាតិ

សាច់បង្កកខូចគុណភាពជាង២តោន មើមខ្ញី និងខ្ញីហាន់ត្រាំសារធាតុគីមី ត្រូវបានមន្ត្រី នៃអគ្គនាយកដ្ឋាន ក.ប.ប. នាំយកទៅបំផ្លាញចោលបន្ទាប់ពីបង្ក្រាបបាន

BY
Khmerpress
December 19, 2023
សាច់បង្កកខូចគុណភាពជាង២តោន មើមខ្ញី និងខ្ញីហាន់ត្រាំសារធាតុគីមី ត្រូវបានមន្ត្រី នៃអគ្គនាយកដ្ឋាន ក.ប.ប. នាំយកទៅបំផ្លាញចោលបន្ទាប់ពីបង្ក្រាបបាន

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បាននាំយកសាច់បង្កកខូចគុណភាព ចំនួន ២,២២៨គីឡូក្រាម មើមខ្ញី និងខ្ញីហាន់រួច ដែលមានត្រាំសារធាតុគីមី Sodium Hydrosulfite ចំនួន ១៧០គីឡូក្រាម សរុបប្រមាណ ២,៣៩៨គីឡូក្រាម ទៅបំផ្លាញចោលនៅទីលានចាក់សំរាម ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ ដោយមានការចូលរួមពីអាជ្ញាធរដែនដី ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា សាច់បង្កកខូចគុណភាព មើមខ្ញី និងខ្ញីហាន់រួច ដែលមានត្រាំសារធាតុគីមី Sodium Hydrosulfite ដែលយកទៅបំផ្លាញចោលនេះ ធ្វើឡើងក្នុងប្រតិបត្តិការដូចភ្លៀងរលឹម ក្រោមការណែនាំជាប្រចាំពីលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងការដឹកនាំបញ្ជាផ្ទាល់ពីលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការធានាឱ្យបាននូវកិច្ចការពារសុខុមាលភាពប្រជាពលរដ្ឋ ក្នុងការទទួលបាននូវផលិតផលម្ហូបអាហារប្រកបដោយសុវត្ថិភាព។

អគ្គនាយកដ្ឋាន ក.ប.ប. បានណែនាំដល់មន្រ្តីក្រោមឱវាទរបស់ខ្លួនឱ្យបង្កើនសកម្មភាពចុះតាមដាន ស្រាវជ្រាវ ត្រួតពិនិត្យ និងបង្រ្កាបនូវរាល់ទីតាំង និងមធ្យោបាយដឹកជញ្ជូន និងតម្រូវឱ្យប្រតិបត្តិករអាជីវកម្មនាំចូល ចែកចាយ ផលិតផលម្ហូបអាហារ ប្រភេទសាច់សត្វ ស្រស់ បង្កក និងផលិតផល អំពីសត្វ ត្រូវបង្ហាញលិខិតអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ ដោយមានភ្ជាប់នូវវិញ្ញាបនបត្របញ្ជាក់គុណភាពពីប្រទេសនាំចេញ ដោយត្រូវគោរព និងអនុវត្តឱ្យបានត្រឹមត្រូវស្របទៅតាមលក្ខខណ្ឌតម្រូវនៃការវេចខ្ចប់ និងដឹកជញ្ជូន ស្តុកទុក រួមទាំងភាពអនុលោមទៅតាមច្បាប់ និងទបប្បញ្ញត្តិជាធរមាន៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: