ព័ត៌មានជាតិ

មន្រ្តី​ជំនាញលើកទឹកចិត្ត​កសិករ ចិញ្ចឹមគោក្របីចាប់ពី ២ក្បាលឡើងទៅ បង្កើតឡជីវឧស្ម័ន ដែលអាចចំណេញថវិកាពីការទិញជីពី ១០ទៅ ១៥តោនក្នុងមួយឆ្នាំ

BY
Khmerpress
December 19, 2023
មន្រ្តី​ជំនាញលើកទឹកចិត្ត​កសិករ ចិញ្ចឹមគោក្របីចាប់ពី ២ក្បាលឡើងទៅ បង្កើតឡជីវឧស្ម័ន ដែលអាចចំណេញថវិកាពីការទិញជីពី ១០ទៅ ១៥តោនក្នុងមួយឆ្នាំ

(បាត់ដំបង)៖ លោក គឹម សាវឿន អគ្គនាយកករង នៃអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ និងជានាយកកម្មវិធីឡជីវឧស្ម័នជាតិ បានលើកទឹកចិត្តដល់កសិករ ដែលចិញ្ចឹមគោ ឬក្របីចាប់ពី២ឡើងទៅ បង្កើតឡជីវឧស្ម័ន ​ដើម្បីជួយកាត់បន្ថយការចំណាយរបស់កសិករ ទៅលើការទិញជីមី និងការទិញហ្គាសប្រើប្រាស់ ព្រោះ​​ក្នុងមួយឡ កសិករចំណេញថវិកាបានពីការទិញជីចាប់ពី ១០ទៅ ១៥តោនក្នុងមួយឆ្នាំ​ ព្រមទាំងចូលរួមចំណែកជួយ ដល់បរិស្ថានផងដែរ។

​លោក គឹម សាវឿន ​បានឱ្យដឹងថា កម្មវិធីឡជីវឧស្ម័នជាតិ ត្រូវបានអនុវត្តនៅខេត្ត១៤ នៅកម្ពុជា និងបានពង្រីកដល់ ១៦ខេត្ត នៅឆ្នាំ២០២៣នេះ ដែលគិតមកដល់ពេលនេះ ឡជីវឧស្ម័នប្រមាណជាង ៣ម៉ឺនហើយត្រូវបង្កើតឡើង ហើយនៅពេលខាងមុខ ក្រសួងមានទិសដៅពង្រីកនៅទូទាំងប្រទេស។

លោកបានពន្យល់ថា ការបង្កើតឡជីវឧស្ម័ន មានអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់កសិករ ជាពិសេស គឺជួយដល់ការគ្រប់គ្រងលាមកសត្វបានល្អ ធ្វើឱ្យ​សត្វជៀសផុតពីជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺយ៉ាសូណូស។ លើសពីនេះទៅទៀត កសិករនឹងកាន់តែទទួលបានផលចំណេញពីផលរបបកសិកម្ម តាមរយៈការកាត់បន្ថយការចំណាយ ទៅលើការទិញជីគីមី។ មិនតែប៉ុណ្ណោះ​ឧស្ម័នដែលចេញមកពីឡ កសិករ​អាចប្រើជាហ្គាស សម្រាប់ចំអិនអាហារ ​​ហើយសម្រាប់អ្នកនៅជនបទដែលគ្មានភ្លើងអគ្គិសនី ក៏អាចប្រើប្រាស់ឧស្ម័នចេញពី​ឡ ធ្វើជាប្រភព​ភ្លើងបំភ្លឺ​​ និង​ប្រើប្រាស់សម្រាប់ភ្ញាស់កូនមាន់បានផងដែរ។

បន្ថែមពីនេះ កសិករដែលមានឡជីវឧស្ម័ន បានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ក្នុងមួយឆ្នាំៗបានយ៉ាងច្រើន។

លោកបានពន្យល់បន្ថែមយ៉ាងដូច្នេះថា «កសិករដែលមានគោចាប់ពី ២ក្បាលឡើងទៅគាត់អាចធ្វើឡជីវឧស្ម័នមួយ ដោយប្រើប្រាស់អាចម៍គោទាំងពីរក្បាលនោះ បញ្ចូលទៅក្នុងឡដែលមានទំហំប្រហែល ៤ម៉ែត្រគូប។ ដូច្នេះក្នុងមួយថ្ងៃគាត់ត្រូវការលាមក ប្រហែល២០គីឡូក្រាម ដោយទទួលបាន ១០គីឡូពីគោ ឬក្របី១ក្បាល។ អ៊ឺចឹងក្នុងមួយឆ្នាំគាត់បានសន្សំជី ចេញពីឡពី ១០ទៅ ១៥តោន។ ជីធម្មជាតិនេះ មានសារៈប្រយោជន៍២ គឺទី១.សារៈប្រយោជន៍ចំពោះមុខ គឺរាល់ជីដែលចេញពីឡ គឺជាជីដែលមានសុវត្ថិភាព ល្អជាងជីកំប៉ុស ល្អជាងជីអាចម៍គោស្រស់ទៀត ដោយជីដែលហូរចេញមកគ្មានជំងឺគ្មានគ្រាប់ស្មៅនៅមានជីវីត។ ហើយជីនេះអាចទៅផ្សំធ្វើជាជីរាវ ជីគោគ ហើយអាចផ្សំលាយជាមួយចំណីសត្វ សម្រាប់ចិញ្ចឹម ហើយ​អាចធ្វើជាគ្រឿងផ្សំត្រាំជាមួយថ្នាំបុរាណ បង្កើតទៅជាថ្នាំកសិកម្មធម្មជាតិបានផងដែរ។ ទាំងនេះក៏បម្រើដល់ការធ្វើកសិកម្ម តាមបែបកសិអេកូឡូស៊ីទៀតផង»

លោកបានឱ្យដឹងផងដែរថា ក្រៅពីលាមកគោ និងក្របី ក៏អាចប្រើលាមកជ្រូកបានដែរ ប៉ុន្តែជាទូទៅលាមកដែលចេញពីសត្វទំពារអៀង​ផលិតបានហ្គាសច្រើនជាង។ បើតាមលោកអគ្គនាយកករង បច្ចុប្បន្ននេះ​ ការចិញ្ចឹមសត្វគោ ឬក្របី​នៅកម្ពុជា មិនត្រូវបានកាត់បន្ថយនោះទេ បើទោះបីជាការប្រើប្រាស់គ្រឿងចក្រកសិកម្មកើនឡើង ខណៈកសិករមួយចំនួនបានពង្រីកការចិញ្ចឹមទៅជាកសិដ្ឋាន។

សូមជម្រាបថា កម្មវិធីឡជីវឧស្ម័នជាតិត្រូវបានផ្តួចផ្តើម បង្កើតឡើងកាលពីឆ្នាំ២០០៤ ដោយអង្គការ​ញូវហ្សេលែន សហការជាមួយក្រសួងកសិកម្ម ដើម្បីកាត់បន្ថយការឆ្លងជំងឺសត្វរាតត្បាត ការគ្រប់គ្រងលាមកសត្វ​ កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ​ដើម្បីជួយដល់ការកាត់បន្ថយការប្រែប្រែអាកាសធាតុ​។ ក្នុងការរៀបចំឡជីវឧស្ម័នមួយ កសិករត្រូវចំណាយថវិកា​ប្រមាណ ៦០០ដុល្លាអាមេរិក​ ដែលឡមួយអាចប្រើប្រាស់បាន​រយៈពេលពី ១២ ទៅ១៥ឆ្នាំ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: