ព័ត៌មានជាតិ

ឯកឧត្តម កើត រិទ្ធ ណែនាំឱ្យព្រះរាជអាជ្ញារាជធានី ដោះស្រាយឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានមនុស្សបាត់បង់ជីវិត

BY
Khmerpress
December 19, 2023
ឯកឧត្តម កើត រិទ្ធ ណែនាំឱ្យព្រះរាជអាជ្ញារាជធានី ដោះស្រាយឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានមនុស្សបាត់បង់ជីវិត

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ណែនាំឱ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ដោះស្រាយឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានមនុស្សបាត់បង់ជីវិត។

តាមរយៈការបង្ហោះរបស់ ឯកឧត្តម ជិន ម៉ាលីន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំឱ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ធ្វើការពិនិត្យ ស្រាវជ្រាវ និងធ្វើការដោះស្រាយឱ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់តាមផ្លូវច្បាប់ »។

សូមបញ្ជាក់ជូនថា បើយោងតាមប្រភពព័ត៌មានពី លោក ផែង វណ្ណៈ បានឱ្យដឹងថា រថយន្ដ Jeep overland ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ 2CB-9963 ភ្នំពេញ បានបើកបុកបុរសអ្នកជិះម៉ូតូម្នាក់ បណ្ដាលអោយបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១០:៣០នាទី ។ ក្រោយកើតហេតុអ្នកបើកបររថយន្ត បានទុករថយន្តចោលរត់គេចខ្លួនបាត់។ ប្រភពពីដាក់ដាំខេត្តមណ្ឌលគីរី បានឱ្យដឹងថា រថយន្តនេះមានម្ចាស់ឈ្មោះ សុខ លីណា ភេទស្រី អាយុ ៤៨ ឆ្នាំ មានអាស័យដ្ឋានផ្ទះលេខ ៥២ដេ ផ្លូវលេខ ៦៣ ភូមិ ១៣ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ជាភរិយារបស់លោកមេធាវីម្នាក់។ ចំណែកឯកសារដែលបន្សល់ទុកនៅក្នុងរថយន្ត មានឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ដែលជាកូនមេធាវីម្នាក់។

នេះជាករណីគ្រោះថ្នាក់ចរាចរ ជនរងគ្រោះបានបាត់បង់ជីវិតហើយ ជនបង្កឬ សាច់ញាតិជនបង្ក គួរមកចូលរួមរំលែកទុក្ខសពជនរងគ្រោះ និងដោះស្រាយសំណងជូនជនរងគ្រោះផង។ ការរត់គេចខ្លួន មិនមែនជាជម្រើសល្អទេ។ សង្ឃឹមថា សមត្ថកិច្ចនឹងស្រាវជ្រាវរកជនបង្កមកទទួលខុសត្រូវចំពោះមុខច្បាប់ ៕

ប្រភព៖ ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ CHIN Malin Spokesman of MoJ

Share This Post: