ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ថា ស្ថាប័នអយ្យចេញដីកាបង្គាប់ឱ្យជនសង្ស័យបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤

BY
Khmerpress
December 19, 2023
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ថា ស្ថាប័នអយ្យចេញដីកាបង្គាប់ឱ្យជនសង្ស័យបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ថ្ងៃនេះ ស្ថាប័នអយ្យការបានចេញដីកាបញ្ជាឱ្យជនសង្ស័យ ដែលបើករថយន្ដ Jeep overland ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ 2CB-9963 ភ្នំពេញ បើកបុកបុរសអ្នកជិះម៉ូតូម្នាក់ បណ្ដាលឱ្យបាត់បង់ជីវិត ចូលមកបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។

តាមរយៈខ្លឹមសារបង្ហោះរបស់ ឯកឧត្តម ជិន ម៉ាលីន ​បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ថ្ងៃនេះ ស្ថាប័នអយ្យការបានចេញដីកាបញ្ជាឱ្យចូលខ្លួន បង្គាប់ឱ្យជនសង្ស័យបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ ដីកាបញ្ជាឱ្យចូលខ្លួននេះ ក៏មានអនុភាពបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ស្វែងរក និងនាំខ្លួនជនសង្ស័យមកកាន់អយ្យការផងដែរ ក្នុងករណីដែលមិនព្រមចូលមកបង្ហាញខ្លួន។ ចំពោះលទ្ធផលនៃការអនុវត្តដីកាបញ្ជាឱ្យចូលខ្លួននេះ ខ្ញុំនឹងជូនព័ត៌មានតាមក្រោយទៀត » ។

សូមជម្រាបជូនថា កាលពីព្រឹកមិញនេះ ឯកឧត្តម ជិន ម៉ាលីន បានបង្ហោះសារបញ្ជាក់ថា «ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំឱ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ធ្វើការពិនិត្យ ស្រាវជ្រាវ និងធ្វើការដោះស្រាយឱ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់តាមផ្លូវច្បាប់ » ៕ ប្រភព៖ ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ CHIN Malin Spokesman of MoJ

Share This Post: