ព័ត៌មានជាតិ

រាជបណ្ឌិត្យសភាកម្ពុជា និងភាគីពាក់ព័ន្ធគាំទ្រ នឹងជំរុញដល់រាជរដ្ឋាភិបាលធ្វើការដំឡើងពន្ធលើថ្នាំជក់ឱ្យកាន់តែខ្ពស់បន្ថែមទៀត

BY
Khmerpress
December 19, 2023
រាជបណ្ឌិត្យសភាកម្ពុជា និងភាគីពាក់ព័ន្ធគាំទ្រ នឹងជំរុញដល់រាជរដ្ឋាភិបាលធ្វើការដំឡើងពន្ធលើថ្នាំជក់ឱ្យកាន់តែខ្ពស់បន្ថែមទៀត

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជ្យបណ្ឌិត្យសភាកម្ពុជា រួមជាមួយនិងភាគីពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលជាតិ និងអន្ដរជាតិបានគាំទ្រ នឹងជំរុញដល់រាជរដ្ឋាភិបាល ក្នុងការគិតគូរដល់ការដំឡើងពន្ធលើថ្នាំជក់ឱ្យបានខ្ពស់ថែមទៀតដើម្បីកាត់បន្ថយអ្នកប្រើប្រាស់ឱ្យមកនូវកម្រិតទាប និងបង្កើនចំណូលពន្ធចូលថវិកាជាតិ។ ការលើកឡើងបែបនេះ ក្នុងពិធីបើកកិច្ចពិភាក្សាតុលមូលស្តីពី វិធានការពន្ធលើថ្នាំជក់ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅរាជបណ្ឌិត្យសភាកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ដិត្យសភាកម្ពុជាបានថ្លែងថា ការដាក់ចេញនូវវិធានការនេះ គឺដើម្បីកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ហើយគ្រប់ភាគីពាក់ព័ន្ធត្រូវបង្កើនការផ្សព្វផ្សាយចំណេះដឹងអំពីហានិភ័យពីការប្រើប្រាស់ផលិតផលថ្នាំជក់ដល់យុវជនឱ្យបានទូលំទូលាយ ជាមួយនឹងការដំឡើងពន្ធលើថ្នាំជក់ជាដើម។ ឯកឧត្តមបណ្ឌិតសភាចារ្យបានថ្លែងបញ្ជាក់ថា៖ «ពន្ធបារីកាន់តែខ្ពស់មានចំណូលដល់រដ្ឋាភិបាល ហើយវាមានចំណូលដល់សុខភាពសាធារណៈ ហើយធ្វើឱ្យអ្នកខ្វះទន់មិនអាចជក់បាន»

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាបានគូសបញ្ជាក់ថា បរិយាកាសនៃការប្រើប្រាស់ថ្នាំជក់ បានផ្លាស់ចេញពីការទទួលទានបារី មកការទទួលទាននូវបារីអេឡិចត្រូនិកសម្រាប់យុវជន ដែលអាចនឹងធ្វើប៉ះពាល់ដល់សុខភាពនិងរារាំងដល់ការរីកចម្រើន នៃអាយុសង្ឃឹមរស់ ឬរបស់ប្រជាពលរដ្ឋ។ ឯកឧត្ដមបណ្ឌិតបានបន្ដថា ការចំណាយលើសេវាសុខភាពប្រជាពលរដ្ឋ នឹងអាចក្លាយជាបន្ទុកធំ ក្នុងការចំណាយរបស់រាជរដ្ឋាភិបាល ប្រសិនបើប្រជាពលរដ្ឋរងជំងឺ ដោយសារតែការជក់បារី ។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជាបានលើកឡើងថា ការដំឡើងពន្ធលើផលិតផលថ្នាំជក់ជាយុទ្ធសាស្រ្តឈ្នះ-ឈ្នះ ដែលធ្វើឱ្យកម្ពុជាទទួលបានប្រាក់ចំណូលបន្ថែម ព្រមទាំងអាចកាត់បន្ថយផលប៉ះពាល់ដែលបណ្ដាល មកពីការប្រើប្រាស់ផលិតផលថ្នាំជក់ផងដែរ។ លោកវេជ្ជបណ្ឌិតអះអាងថា ប្រទេសកម្ពុជាស្ថិតក្នុង ចំណោមប្រទេសដែលមានអត្រាពន្ធលើផលិតផលថ្នាំជក់ទាបជាងគេនៅក្នុងតំបន់អាស៊ាន។ លោកវេជ្ជបណ្ឌិតបានធ្វើការប្រៀបធៀបប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ានដោយគូសបញ្ជាក់ថា បច្ចុប្បន្ន អត្រាពន្ធលើផលិតផល ថ្នាំជក់ធៀបតម្លៃលក់រាយ នៅកម្ពុជា មានត្រឹមតែ ២៥% ចំពោះបារីក្នុងស្រុក និង ៣១.១% ប៉ុណ្ណោះចំពោះបារីនាំចូល ខណៈប្រទេសថៃមានអត្រាពន្ធធៀបតម្លៃលក់រាយ ៧០% សិង្ហបុរី ៦៧.៥% និងភូមា ៥០% ទៅ៦០% ។

ចំណែកលោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាបាន ឱ្យដឹងដែរថា ការដំឡើងពន្ធនេះ មិនមានប៉ះពាល់ដល់លើការងារប្រជាពលរដ្ឋ អាចកាត់បន្ថយភាពក្រីក្រ កែលម្អសុខភាពសាធារណៈ ការពារយុវជនពីការចាប់ផ្តើមជក់បារីជាដើម។ លោកវេជ្ជបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា កម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាស្ដីពីការត្រួតពិនិត្យថ្នាំជក់ ដែលមានកាតព្វកិច្ចដំឡើងពន្ធលើផលិតផលថ្នាំជក់ ដើម្បីបង្ហាញការប្ដេជ្ញាចិត្តអនុវត្តន៍អនុសញ្ញានេះ។

ពាក់ព័ន្ធទៅនឹងការលើកឡើងនេះដែរ ឯកឧត្តម វ៉ាន់ ពុទ្ធិពល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ពន្ធលើថ្នាំជក់រួមមានអាករពិសេស អាករបំភ្លឺសាធារណៈ អាករលើតម្លៃបន្ថែមពន្ធនាំចូល និងពន្ធលើប្រាក់ចំណូលប្រាក់ចំណេញ។ ឯកឧត្ដមបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលបានគិតគូរយ៉ាងខ្លាំងចំពោះការងារតំឡើងពន្ធលើថ្នាំជក់នេះ ចាប់តាំងពីឆ្នាំ១៩៨៥ រហូតដល់បញ្ចុប្បន្ននេះ មានការកើនឡើងដល់៣៣ភាគរយហើយ ខណៈនៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលក៏នឹងផ្តូរប្រព័ន្ធនៃការប្រមូលពន្ធថ្នាំជក់ពីការគិតតាមថ្លៃលក់ទៅជាប្រព័ន្ធម៉ិចវិញ។ ឯកឧត្ដមអនុរដ្ឋលេខាធិការបានបន្ថែមថា៖ «ប៉ុន្តែយើងត្រូវធ្វើជាដំណាក់កាល និងប្រុងប្រយ័ត្នបំផុត បើមិនពុំដូច្នោះទេ អាចធ្វើឱ្យបាត់ចំណូលរដ្ឋវិញ និងបង្កើតឱ្យមានការរត់ពន្ធបារីខុសច្បាប់ជាដើម»។ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកបានឱ្យដឹងថា ប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៥ ០០០ នាក់ ស្លាប់ជារៀងរាល់ឆ្នាំដោយសារជំងឺបង្កដោយការប្រើប្រាស់ថ្នាំជក់។ ការប្រើប្រាស់ថ្នាំជក់បណ្ដាលឱ្យកម្ពុជាខាតបង់ថវិកា៦៤៩លាន ដុល្លារក្នុងមួយឆ្នាំ ដែលស្មើនឹង៣% នៃផលិតផលក្នុងស្រុកសរុប របស់កម្ពុជា។ ក្នុងនោះ ៥៨៤លានដុល្លារ បណ្ដាលមកពីការខាតបង់ផលិតភាពសេដ្ឋកិច្ច គឺមរណភាពមុនអាយុកំណត់ ផលិតភាពធ្លាក់ចុះ ពីការសម្រាកជក់បារី និង អវត្តមានពីការងារជាដើម៕ ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: