ព័ត៌មានជាតិ

រោងចក្រដំទ្បើងរថយន្ត Toyota នឹងបើកសម្ពោធនៅពាក់កណ្តាលឆ្នាំ២០២៤, សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមហ៊ុន បង្កើតកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ការងារ រវាងបុគ្គលិកកម្ពុជា-ជប៉ុន

BY
Khmerpress
December 19, 2023
រោងចក្រដំទ្បើងរថយន្ត Toyota នឹងបើកសម្ពោធនៅពាក់កណ្តាលឆ្នាំ២០២៤, សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមហ៊ុន បង្កើតកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ការងារ រវាងបុគ្គលិកកម្ពុជា-ជប៉ុន

(តូក្យូ,ជប៉ុន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោក Ichiro KASHITANI សមាជិកក្រុមប្រឹក្សាភិបាល, ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Toyota Tsusho Corporation ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុនលើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ក្នុងឱកាសនៃជំនួបនេះ លោក Ichiro KASHITANI បានថ្លែងអំណរគុណចំពោះ សម្តេចធិបតីដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូនអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន និងអំពីដំណើរការបង្កើតរោងចក្រដំទ្បើងរថយន្ត Toyota នៅក្នុងប្រទេសកម្ពុជា ដែលបាន និងកំពុងប្រព្រឹត្តទៅ ហើយនឹងរួចរាល់នាពាក់កណ្តាលឆ្នាំ ២០២៤ ខាងមុខនេះ។

ក្នុងជំនួបនេះផងដែរ លោក Ichiro KASHITANI បានសុំការអនុញ្ញាតគោរពអញ្ជើញសម្តេចនាយករដ្ឋមន្ត្រី ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំទ្បើងរថយន្ត Toyota នាពេលខាងមុខ។

លើសពីនេះលោក Ichiro KASHITANI ក៏បានសម្តែងនូវការអរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាង ចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ឱ្យដំណើរការដោយរលូន និងបានជំរុញទឹកចិត្តដល់វិនិយោគិនឱ្យកាន់តែមានទំនុកចិត្ត ក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះជំនួបជាមួយលោក Ichiro KASHITANI ​ និងសហការី ព្រមទាំងបានសម្តែងនូវក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាពរីកចម្រើនរបស់ក្រុមហ៊ុន រហូតសម្រេចចិត្តកសាងរោងចក្រដំទ្បើងរថយន្ត Toyota នៅកម្ពុជា។ ជាមួយនឹងការទទួលយកការអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំទ្បើងរថយន្ត Toyota នាឆ្នាំ២០២៤ ខាងមុខនេះ, សម្តេចនាយករដ្ឋមន្ត្រី បានលើកទ្បើងថា ការសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំទ្បើងរថយន្ត Toyota នេះ ស្របពេលទៅនឹងឆ្នាំ២០២៤ គឺជាគម្រប់ខួបអនុស្សាវរីយ៍លើកទី៧១ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែលនេះជាការសរបញ្ជាក់យ៉ាងប្រត្យក្សច្បាស់ អំពីភាពលូតលាស់រីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ក្នុងជំនួបនោះដែរ សម្តេចធិបតី បានសម្តែងនូវភាពជឿជាក់ថា តាមរយៈដំណើរការនៃរោងចក្រតំទ្បើងរថយន្ត Toyota នឹងនាំមកនូវវឌ្ឍនភាពរីកចម្រើនសម្រាប់ក្រុមហ៊ុន ក៏ដូចជាការបង្កើតឱកាសការងារប្រកបដោយគុណភាព និងការបណ្តុះបណ្តាលលើកកម្ពស់ ថែមទៀតលើជំនាញវិស្វកម្មរថយន្ត សម្រាប់ប្រជាជនកម្ពុជាផងដែរ។

លើសពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិចារណា ក្នុងការបង្កើតកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ការងារ រវាងបុគ្គលិកបម្រើការកម្ពុជា-ជប៉ុន ដើម្បីពង្រឹងនូវការដកបទពិសោធន៍លើចំណេះដឹង, វិជ្ជាជីវៈ, វប្បធម៌, ប្រពៃណី ក៏ដូចជាទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: