ព័ត៌មានជាតិ

ស្នងការខេត្តកណ្តាល សម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះនគរបាលស្រុកពញាឮម្នាក់ ដែលបានទារលុយពីគ្រួសារជនរងគ្រោះ ជាថ្នូរនឹងការតាមចាប់ជនសង្ស័យ

BY
Khmerpress
December 20, 2023
ស្នងការខេត្តកណ្តាល សម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះនគរបាលស្រុកពញាឮម្នាក់ ដែលបានទារលុយពីគ្រួសារជនរងគ្រោះ ជាថ្នូរនឹងការតាមចាប់ជនសង្ស័យ

ខេត្តកណ្ដាល៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ស្នងការខេត្តកណ្តាល សម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះ លោកស្រីអនុសេនីយ៍ឯក ហួត ចាន់សុខ អត្តលេខ៦៣៥៥៤ នាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ មូលហេតុប្រព្រឹត្តកំហុស ដោយបានទារលុយពីគ្រួសារជនរងគ្រោះ ជាថ្នូរនឹងការតាមចាប់ជនសង្ស័យ។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតប ជូនសាធារណជនទៅនឹងគេហទំព័ររបស់សារព័ត៌មានក្នុងស្រុកមួយ ដែលបានចុះផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ មានខ្លឹមសារថា «អះអាងថាខ្លួនជាប៉ូលិសនិងជាដៃស្តាំលោកអធិការនគរបាលស្រុកពញាឮ ហើយបានទារលុយចំនួន ២០០ដុល្លារពីគ្រួសារជនរងគ្រោះ ជាថ្នូរនឹងការចុះចាប់ជនសង្ស័យ ខណៈជនរងគ្រោះត្រូវគេកាប់ស្ទើរតែស្លាប់ទៅហើយ»

ក្រោយពីទទួលបានព័ត៌មានការចុះផ្សាយខាងលើភ្លាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាកម្លាំងជំនាញចុះធ្វើការងារស្រាវជ្រាវបញ្ជាក់ការពិតឲ្យបានច្បាស់លាស់។

ផ្អែកតាមការស្រាវជ្រាវប្រមែលប្រមូលព័ត៌មានជុំវិញករណីការចុះផ្សាយខាងលើ ជាលទ្ធផល៖ ឈ្មោះ ហួត ចាន់សុខ ពិតជាបានទារប្រាក់ពីឈ្មោះ ឈៀង សំ ចំនួន២០០$ (ពីររយដុល្លារ) តាមរយៈគណនីABA ឈ្មោះ Hout Chansok ជាថ្នូរនឹងការតាមចាប់ជនល្មើស និងបានសរសេរពាក្យបណ្តឹងថ្មី ឲ្យជនរងគ្រោះយកទៅដាក់នៅអធិការដ្ឋាននគរបាលស្រុក។ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៨និង២៤នាទី ឈ្មោះ ហួត ចាន់សុខ បានតេទៅឈ្មោះ ឈៀង សំ តាមរយៈលេខទូរស័ព្ទ ០១២-២៩៣ ៤៥៧ ទារប្រាក់ចំនួន៣០០ដុល្លារ (បីរយដុល្លារ) បន្ថែមទៀត ដើម្បីធ្វើសោហ៊ុយទៅចាប់ជនដៃដល់ តែឈ្មោះ ឈៀង សំ មិនមានលទ្ធភាពរកប្រាក់បន្ថែមចំនួន៣០០ដុល្លារឡើយ ទើបឲ្យបណ្តាញគេហទំព័រហ្វេសប៊ុកព័ត៌មានក្នុងស្រុក បង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកដោយមានខ្លឹមសារដូចខាងលើប្រាកដមែន។

ចំណែកឈ្មោះ ហួត ចាន់សុខ ពិតជាមានចេតនាប្រព្រឹត្តអំពើខាងលើដោយខ្លួនឯង ព្រោះចង់បានលុយយកទៅចាយ ដោយមិនមានការណែនាំ ឬបង្គាប់បញ្ជាពីលោកអធិការ នគរបាលស្រុកពញាឮ ឲ្យទៅទារប្រាក់ពីជនរងគ្រោះជាថ្នូរទៅនឹងការតាមចាប់ជនសង្ស័យនោះទេ។

លោកឧត្តមសេនីយ៍ទោស្នងការ បានចំណាត់ការចំពោះលោកស្រីអនុសេនីយ៍ឯក ហួត ចាន់សុខ អត្តលេខ៦៣៥៥៤ នាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ ផ្អាកការងារបណ្តោះអាសន្ន មូលហេតុ ប្រព្រឹត្តកំហុសមានចែងក្នុងបទបញ្ជាលេខ០០៦ បបជ។ អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានមេត្ដាជ្រាប៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province

Share This Post: