ព័ត៌មានជាតិ

មន្ដ្រីនគរបាលខេត្តព្រៃវែង ចំនួន១១នាក់ ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ ក្រោយរកឃើញពាក់ព័ន្ធសារធាតុខុសច្បាប់

BY
Khmerpress
December 23, 2023
មន្ដ្រីនគរបាលខេត្តព្រៃវែង ចំនួន១១នាក់ ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ ក្រោយរកឃើញពាក់ព័ន្ធសារធាតុខុសច្បាប់

(ព្រៃវែង)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសបណ្ដេញមន្ដ្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចំនួន១១នាក់ចេញពីក្របខ័ណ្ឌ ក្រោយតេស្ដរកឃើញសារធាតុញៀននៅក្នុងខ្លួន។

ក្នុងប្រកាសពីរផ្សេងគ្នា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានឲ្យដឹងថា មន្ដ្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ទាំង១១នាក់ ដែលត្រូវបានបណ្ដេញចេញនេះ មានតួនាទីចាប់ពីមន្ដ្រី រហូតដល់នាយរងការិយាល័យ។

សូមរំលឹកថា លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាឲ្យបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង ចំពោះមន្ដ្រីនគរបាលរូបណាដែលតេស្ដរកឃើញមានសារធាតុញៀន។ ការដាក់បទបញ្ជាក្នុងក្របខ័ណ្ឌមន្ដ្រីនគរបាលក្រសួងមហាផ្ទៃ ពីសំណាក់ឧបនាយករដ្ឋមន្ដ្រី ស សុខា បានធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទីតាំងមណ្ឌលសំចតប៉ោយប៉ែត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកអភិសន្ដិបណ្ឌិត ស សុខា បានព្រមានជាថ្មីម្ដងទៀត ចំពោះជនទាំងឡាយណាដែលពាក់ព័ន្ធជាមួយបទល្មើសគ្រឿងញៀន សូមដកខ្លួនចេញឲ្យឆ្ងាយ ខណៈអ្នកដែលដឹងថា ខ្លួនមានសារធាតុញៀន ក៏ត្រូវស្វែងរកវិធីសាស្ដ្រដើម្បីផ្ដាច់ចោល៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: