ព័ត៌មានជាតិ

កម្លាំងគយចល័ត ចុះបង្ក្រាបករណីនាំចូលបារី JET ចំនួន២២៤ប៊ិច ដែលនាំខុសច្បាប់មកពីប្រទេសឡាវ

BY
Khmerpress
December 23, 2023
កម្លាំងគយចល័ត ចុះបង្ក្រាបករណីនាំចូលបារី JET ចំនួន២២៤ប៊ិច ដែលនាំខុសច្បាប់មកពីប្រទេសឡាវ

(ក្រចេះ)៖ កម្លាំងគយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ តំបន់៦ ដែលដឹកនាំផ្ទាល់ដោយលោក ព្រាប គារ៉ាត សហការជាមួយកម្លាំងកងរាជអាវុធហត្ថ ចាប់ឃាត់រថយន្តសាំយ៉ុង ចំនួនបីគ្រឿង ដឹកបារីម៉ាក Jet មកពីខេត្តស្ទឹងត្រែង នាំចូលមកក្នុងប្រទេស ដោយគ្មានបិទត្រាពន្ធគយ។

ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ដោយអនុវត្តតាមបទបញ្ជារបស់លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងមានការចង្អុលបង្ហាញពី លោក កើត សុទ្ធារ៉ា អគ្គនាយករង និងជាប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មេីសលើករណីពង្រឹងការទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសគយ។

តាមចម្លើយសារភាពពីអ្នកបើកបរ បានឲ្យមន្ត្រីគយដឹងថា បារីនេះនាំចូលមកពីប្រទេសឡាវតាមមាត់ច្រក ត្រពាំងក្រៀល ដឹកជញ្ជូនដោយរថយន្តម៉ាក Toyota Hiace យកមកស្តុកទុកនៅផ្ទះមួយកន្លែង មានទីតាំងស្ថិតនៅគីឡូ២ ផ្លូវទល់មុខផ្ទះលក់ស័ង្កសី (ជូ សោភា) រួចជួលពួកគាត់ (អ្នកបើកបរ) ឲ្យផ្ទេរដឹកបន្តមកខេត្តត្បូងឃ្មុំ។

បច្ចុប្បន្នរថយន្ត និងទំនិញល្មើសច្បាប់ខាងលើ បាននាំយកមករក្សាទុកនៅទីតាំងឈរជើងបណ្តោះអាសន្ន ការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ តំបន់៦ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ លទ្ធផលត្រួតពិនិត្យជាក់ស្ដែង។

* ទី១៖ រថយន្តម៉ាក Ssang yong ពាក់ផ្លាកលេខភ្នំពេញ 2BN-0320 ដឹកបារីម៉ាក JET ចំនួន៧៤ប៊ិច គ្មានប្រទេសផលិត
* ទី២៖ រថយន្តម៉ាក Ssang yong ពាក់ផ្លាកលេខភ្នំពេញ 2U-3226 ដឹកបារីម៉ាក JET ចំនួន៧៣ប៊ិច គ្មានប្រទេសផលិត
* ទី៣៖ រថយន្តម៉ាក Ssang yong ពាក់ផ្លាកលេខភ្នំពេញ 2R-9976 ដឹកបារីម៉ាក JET ចំនួន៧៧ប៊ិច គ្មានប្រទេសផលិត។ បារីសរុបទាំងបីគ្រឿង ចំនួន២២៤ប៊ិច។

ចំពោះបទល្មើសនេះ មន្ត្រីគយបានបន្តនីតិវិធីទៅតាមផ្លូវច្បាប់៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: