ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងខេត្តព្រះសីហនុ និងជូនរង្វាន់ម៉ូតូម្នាក់១គ្រឿង ជាការលើកទឹកចិត្ត

BY
Khmerpress
December 23, 2023
ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងខេត្តព្រះសីហនុ និងជូនរង្វាន់ម៉ូតូម្នាក់១គ្រឿង ជាការលើកទឹកចិត្ត

(ព្រះសីហនុ)៖ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ អ្នកតំណាងរាស្ត្រខេត្តព្រះសីហនុលោក លោក ស្រីអភិបាលរងខេត្ត អភិបាលក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធនិងភ្ញៀវកិត្តិយសនាយក-នាយករង នាយិកា-នាយិការង លោកគ្រូ-អ្នកគ្រូ មាតាបិតាអាណាព្យាបាលសិស្ស និងសិស្សានុសិស្ស។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានរាយការណ៍ពីសកម្មភាពការងារវិស័យអប់រំនៅខេត្តព្រះសីហនុ ក្នុងឆ្នាំសិក្សា២០២២-២០២៣ ខេត្តព្រះសីហនុ មានសាលារៀនសរុបចំនួន១០៤ ក្នុងនោះ មត្តេយ្យដាច់ដោយឡែកចំនួន ០១សាលា បឋមសិក្សាចំនួន ៧២សាលា អនុវិទ្យាល័យ -វិទ្យាល័យ ២៨សាលា និងសាលាឧបសម្ព័ន្ធ ០២សាលា សាលាគរុកោ សល្យ និងវិក្រឹត្យការ ០១សាលា។ មានបុគ្គលិកអប់រំ សរុបចំនួន ២.១០៨នាក់ ស្រី១.០០៤នាក់។ បេក្ខជនដែលបានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២-២០២៣មានចំនួន ១.៩១៥នាក់ ស្រី៩៧៣នាក់ និងបានប្រឡងជាប់ចំនួន ១.៥២៣នាក់ ស្មើនឹង ៨០,៥០% ស្រី ៨២៩នាក់ស្មើនឹង ៨៥,៧៣% ក្នុងនោះ បេក្ខជនជាប់និទ្ទេស A ចំនួន៤០នាក់ ស្រី ២៣នាក់ និទ្ទេសB ១២២នាក់ ស្រី ៧០នាក់ និទ្ទេស C ២៨៧នាក់ ស្រី១៦៧នាក់ និទ្ទេសD ៥៤៨នាក់ ស្រី២៩៧នាក់ និងនិទ្ទេសE ៥២៦នាក់ ស្រី ២៧២នាក់។

លោករដ្ឋមន្រ្តី សាយ សំអាល់ បានកោតសរសើរ និងវាយតម្លៃចំពោះសាលាទាំងអស់នៅក្នុងខេត្ត ដែលបានយកចិត្តទុកដាក់ក្នុងការជួយបង្ហាត់បង្រៀនធ្វើឱ្យសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបានលទ្ធផលល្អ ដូច្នេះសូមបន្តប្រពៃណីសិក្សាបន្ថែមទៀត ពិសេសក្មួយៗ ដែលទទួលបាននិទ្ទេស A B C ជាការជោគជ័យមួយក្នុងខ្សែជីវិតរបស់ក្មួយៗ។ ជាការពិតយើងទទួលបាននិទ្ទេស A ដោយសារការជួយជ្រុំជ្រែងរបស់ឱពុកម្ដាយ លោកគ្រូ អ្នកគ្រូក្នុងការជួយបង្ហាត់បង្រៀនផងដែរ។

ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ជាខេត្តមួយពោពេញដោយសិស្សានុសិស្សមានភាពឆ្លាតវៃ ហើយកត្តាចំបង គឺការខិតខំសិក្សា ឧស្សាហ៍រៀនសូត្រ ដើម្បីរួមគ្នាឱ្យខេត្តព្រះសីហនុ មានការសិក្សាចប់ចុងចប់ដើម ព្រោះសាលាជាថ្នាល បណ្តុះបណ្តាលនូវចំណេះដឹង ជំនាញវិជ្ជាជីវៈ និងបំណិនជីវិតសម្រាប់សិស្សគ្រប់រូប។

សម្តេចតេជោ និងសម្តេចធិបតី បានសាងសង់ និងបន្តសាងសង់សាលាសម្រាប់កូនចៅរបស់យើង បានសិក្សារៀនសូត្រនៅគ្រប់កម្រិតសិក្សា រហូតដល់ឧត្តមសិក្សានៅទូទាំងប្រទេស ពិសេសនៅខេត្តព្រះសីហនុ មានអគារសិក្សា ជាច្រើនខ្នងត្រូវបានសាងសង់ឡើងដោយសម្តេចទាំងទ្វេរ ទន្ទឹមនឹងមានសាលាល្អ យើងត្រូវរួមគ្នាថែទាំ និងដាំដុះដើមឈើឱ្យមានភាពស្រស់ស្អាត និងបៃតងនៅតាមសាលារៀនក្នុងខេត្ត ដើម្បីឱ្យសាលារបស់យើងមានបរិស្ថានស្អាត និងគ្មានថង់ប្លាស្ទិក។

យើងក៏ត្រូវការយុវជនរបស់យើងមានកាយសម្បទាមាំមួន ហើយអាហារក៏ជារឿងសំខាន់ផងដែរ ដើម្បីសុខភាព ដូច្នេះយើងត្រូវជ្រើសរើសការលេងកីឡាដែលយើងចូលចិត្តជាការជួយលើកកម្ពស់សុខុមាលភាពកាន់តែល្អប្រសើរ ហើយការជ្រើសរើសការងារសិល្បៈក៏ជារឿងសំខាន់មួយដែរសម្រាប់ក្មួយដែលមានទេពកោសល្យទៅតាមជំនាញរបស់យើងម្នាក់ៗ។

រដ្ឋមន្ត្រីបានបន្តថា «យើងត្រូវសិក្សាស្វែងយល់អំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការងារសង្គម ព្រោះខេត្តព្រះសីហនុ ជាខេត្តទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្មយើងត្រូវធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែមទៀត ទៅតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន និងការបណ្តុះបណ្តាលបំណិនជីវិត ក៏ជារឿងមួយសំខាន់សម្រាប់ទីផ្សារការងារនាពេលបច្ចុប្បន្ន»៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: