ព័ត៌មានជាតិ

មន្ទីរសារធារណការខេត្តព្រៃវែង ផ្អាកចរាចរណ៍យានយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទលើកំណាត់ផ្លូវខេត្តលេខ៣១៣ ត្រង់ចំណុចគ.ម ១៩+០៧៥ ជាបណ្តោះអាសន្ន

BY
Khmerpress
December 23, 2023
មន្ទីរសារធារណការខេត្តព្រៃវែង ផ្អាកចរាចរណ៍យានយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទលើកំណាត់ផ្លូវខេត្តលេខ៣១៣ ត្រង់ចំណុចគ.ម ១៩+០៧៥ ជាបណ្តោះអាសន្ន

ខេត្តព្រៃវែង៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រៃវែង បានចេញសេចក្ដីជូនដំណឹងស្តីពី ការផ្អាកចរាចរណ៍បណ្តោះអាសន្ន ចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទលើកំណាត់ផ្លូវខេត្តលេខ៣១៣ ត្រង់ចំណុចស្ពានបេតុងអូរលាជ ស្ថិតក្នុងឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។

មន្ទីរសារធារណការខេត្តព្រៃវែង សូមជម្រាបជូនថា៖ បច្ចុប្បន្នស្ថានភាពស្ពាន បេតុងអូរលាជ ស្ថិតនៅលើកំណាត់ផ្លូវខេត្តលេខ ៣១៣ ត្រង់ចំណុចគ.ម ១៩+០៧៥ ស្ថិតក្នុងឃុំ ឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង បានទទួលរងការខូចខាតដោយមានស្នាមប្រេះបែក និងស្រុតផ្នែក កម្រាលស្ពាន ចំនួនមួយកន្លែង។ ដើម្បីទប់ស្កាត់ការរីករាលដាលទំហំការខូចខាតស្ពានកាន់តែធ្ងន់ធ្ងរ ក៏ដូចជាចៀសវាងគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ មន្ទីរសារធារណការ និងដឹកជញ្ជូន ខេត្តព្រៃវែង សូមធ្វើការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវខេត្តលេខ៣១៣ នៅទីតាំងខាងលើ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ មានការជូនដំណឹងសារជាថ្មី

ចំពោះផ្លូវវាងទៅមក សូមបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ អាចធ្វើដំណើរតាមផ្លូវជាតិលេខ១ នៅចំណុចផ្សារកអណ្ដើក ស្រុកកំពង់ត្របែក ទៅចំណុចផ្សារកំពង់សឹង ស្រុកព្រះស្តេច និងតាមផ្លូវខេត្តលេខ ៣១១ ទៅផ្សារឈើកាច់ ស្រុកបាភ្នំ។

អាស្រ័យហេតុនេះសូម លោក លោកស្រី ជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ ជ្រាបជា ព័ត៌មាន និងចូលរួមសហការអនុវត្តដើម្បីបង្ការការខូចខាតស្ពានកាន់តែធ្ងន់ធ្ងរ និងធានាដល់ការធ្វើដំណើរ ប្រកបដោយសុវត្ថិភាព ៕

ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រៃវែង

Share This Post: