ព័ត៌មានជាតិ

ផ្លូវវាងប្រវែងប្រមាណមួយគីឡូម៉ែត្រ នៅលើកំណាត់ផ្លូវជាតិលេខ៧៦ ខេត្តមណ្ឌលគិរី ដែលរអិលបាក់កាលពីខែសីហា ត្រូវបានបើកឱ្យធ្វើដំណើរសម្រាប់រថយន្តគ្រប់ប្រភេទហើយ

BY
Khmerpress
December 23, 2023
ផ្លូវវាងប្រវែងប្រមាណមួយគីឡូម៉ែត្រ នៅលើកំណាត់ផ្លូវជាតិលេខ៧៦ ខេត្តមណ្ឌលគិរី ដែលរអិលបាក់កាលពីខែសីហា ត្រូវបានបើកឱ្យធ្វើដំណើរសម្រាប់រថយន្តគ្រប់ប្រភេទហើយ

ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅកំណាត់ផ្លូវជាតិលេខ៧៦ ដែលបានបាក់ស្រុតប្រមាណ១៦៦ម៉ែត្រ ត្រង់ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចន្លោះ PK94+080 – PK94+150 កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ត្រូវបានដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នកាលពី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣។

បច្ចុប្បន្ននេះការស្ថាបនាផ្លូវថ្មីតភ្ជាប់ឡើងវិញ បានសម្រេចការងារក្រាលកៅស៊ូ DBST ប្រវែង ៤២៥ម បានលទ្ធផល១០០% ចំណែកការស្ថាបនាប្រឡាយ Rip-Rap និងលូកាត់ទទឹងផ្លូវ សម្រេចបាន ៦០% ខណៈការបំពាក់បរិក្ខារចរាចរណ៍ ដាំបង្គោលនាំផ្លូវចំនួន ៦២៣ដើម សម្រេចបានលទ្ធផល ២៨%។ សរុបជារួម ការងារនេះសម្រេចបានលទ្ធផល ៦២% និងបានបើកឱ្យធ្វើចរាចរណ៍ សម្រាប់រថយន្តគ្រប់ប្រភេទវិញបានហើយ។

គួររំលឹកដែរថា ផ្លូវជាតិលេខ៧៦ (ស្នួល – សែនមនោរម្យ) មានប្រវែង ១២៧គ.ម ជាប្រភេទផ្លូវ DBST បានចាប់ផ្ដើមការស្ថាបនា នៅក្នុងខែកុម្ភៈ ឆ្នាំ២០០៧ និងបញ្ចប់ការស្ថាបនា នៅក្នុងខែមីនា ឆ្នាំ២០១១។ ផ្លូវនេះបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២។ គិតចាប់ពីពេលស្ថាបនារួចមក មានរយៈពេលជាង១២ឆ្នាំ ផ្លូវជាតិលេខ៧៦នេះ មិនធ្លាប់មានការខូចខាត ដែលតម្រូវឱ្យមានការជួសជុលម្តងណាទេ ហើយតែងតែទទួលបានការថែទាំជាប្រចាំរហូតមក ដោយមន្ទីរជំនាញ៕ ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

Share This Post: