ព័ត៌មានជាតិ

លោក ឃឹម ហ្វីណង់៖ ប្រជាកសិករអ្នកផលិតស្រូវនាងអំចំនួន ១៤២គ្រួសារ មានបំណងចង់ចងក្រងគ្នា ទៅជាសហគមគមន៍កសិកម្មទំនើប

BY
Khmerpress
December 23, 2023
លោក ឃឹម ហ្វីណង់៖ ប្រជាកសិករអ្នកផលិតស្រូវនាងអំចំនួន ១៤២គ្រួសារ មានបំណងចង់ចងក្រងគ្នា ទៅជាសហគមគមន៍កសិកម្មទំនើប

ខេត្តសៀមរាប៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានឱ្យដឹងថា ប្រជាកសិករអ្នកផលិតស្រូវនាងអំចំនួន ១៤២គ្រួសារ ដែលមានផ្ទៃដីផលិតកម្មសរុបចំនួន ១២៩១ហិកតា មានបំណងចង់ចងក្រងគ្នា ឱ្យទៅជាសហគមគមន៍កសិកម្មទំនើប។

តាមរយៈខ្លឹមសារបង្ហោះរបស់ លោក ឃឹម ហ្វីណង់ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ជួបជាមួយពុកម៉ែបងប្អូនប្រជាកសិករអ្នកផលិតស្រូវនាងអំ ដែលមានគ្នាចំនួន ១៤២គ្រួសារ មានផ្ទៃដីផលិតកម្មសរុបចំនួន ១២៩១ហិកតា និងមានបំណងចង់ចងក្រងគ្នាឱ្យទៅជាសហគមគមន៍កសិកម្មទំនើប នៅឃុំកន្ទួតស្រុកស្វាយលើ ខេត្តសៀមរាប។ »

លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា៖ «សហគមគមន៍កសិកម្មទំនើបគឺជាកម្មវិធីគោលនយោបាយអាទិភាពខាងផ្នែកកសិកកម្មនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលទើបបានប្រកាសដាក់ឱ្យអនុវត្តដោយផ្ទាល់ពីសំណាក់សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីពេលថ្មីៗនេះ។ កម្មវិធីគោលនយោបាយនេះព្យាយាមដោះស្រាយបញ្ហាប្រឈមខាន់ៗចំនួន៥ របស់កសិករនៅក្នុងការធ្វើផលិតកម្មកសិកម្មនាពេលបច្ចុប្បន្ន រួមមាន៖

– ការកាត់បន្ថយថ្លៃដើមផលិត
– ការផ្តល់ការគាំទ្រខាងផ្នែកបច្ចេកទេស
– ការជួយរកទីផ្សារនិងការបង្កើនសមត្ថភាពប្រកួតប្រជែង
– ការផ្តល់ទុនកម្ចី និងការគាំទ្រខាងផ្នែកហិរញ្ញវត្ថុ
– ការកាត់បន្ថយហានិភ័យ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ »

លោក ឃឹម ហ្វីណង់ បានបន្ថែមទៀតថា៖ «បញ្ហាប្រឈមទាំងនេះអាចនឹងត្រូវបានដោះស្រាយតាមរយៈការរួមគ្នាចងក្រងជាសហគមន៍កសិកម្មទំនើប ដែលជាប្រភេទសហគមន៍មានវិសាលភាពធំ អាចទទួលបានអត្ថប្រយោជន៍ពីសេដ្ឋកិច្ចមាត្រាដ្ឋាន មានសមាហរណកម្មខ្ពស់ខាងផ្នែកផលិតកម្ម(ផលិតរួម) និងស្ថិតក្រោមការគ្រប់គ្រងប្រកបដោយស្តង់ដាវិជ្ជាជីវៈតាមបែបសហគ្រាសសេដ្ឋកិច្ច(គ្រប់គ្រងរួម)។ ប្រសិនបើធ្វើយ៉ាងដូច្នេះបាន យើងនឹងអាចប្រែក្លាយការធ្វើកសិកម្មនៅកម្ពុជាពីលក្ខណៈគ្រួសារឱ្យទៅជាកម្រិតឧស្សាហកម្ម មានភាពប្រកួតប្រជែងទាំងខាងផ្នែកតម្លៃ គុណភាព និងបរិមាណ សម្រាប់ទីផ្សារនាំចេញទៅក្រៅប្រទេស ដែលនឹងធ្វើឱ្យជីវភាពរបស់ពុកម៉ែបងប្អូនប្រជាកសិករមានភាពប្រសើរឡើងផងដែរ » ៕ ប្រភព៖ ឃឹម ហ្វីណង់ – Khim Finan

Share This Post: