ព័ត៌មានជាតិ

សហគមន៍ទេសចរណ៍ «បាគងភូមិខ្ញុំ» ជាគោលដៅដ៏សំខាន់សម្រាប់ភ្ញៀវទេសចរ ឆ្លងឆ្នាំសាលកខាងមុខនេះ

BY
Khmerpress
December 23, 2023
សហគមន៍ទេសចរណ៍ «បាគងភូមិខ្ញុំ» ជាគោលដៅដ៏សំខាន់សម្រាប់ភ្ញៀវទេសចរ ឆ្លងឆ្នាំសាលកខាងមុខនេះ

ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ គឺជាតំបន់ទេសចរណ៍បែបធម្មជាតិស្រុក ស្រែជនបទ ក៏ដូចជាប្រវត្តិសាស្ត្រដ៏ទាក់ទាញមួយកន្លែងនៅក្នុងខេត្តសៀមរាប ដែលយើងអាចមកកម្សាន្តជាលក្ខណៈគ្រួសារ ឬក៏មិត្តភក្តិបានយ៉ាងសប្បាយរីករាយ ជាពិសេសគឺ ភ្ញៀវទេសចរ នឹងទទួលបានអារម្មណ៍មួយ ដែលស្រស់ស្រាយសប្បាយបែបស្រុកស្រែ ជនបទធម្មជាតិពិតៗ តែម្តង។ សហគមន៍ទេសចរណ៍នេះ ស្ថិតនៅក្នុងភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅជិតប្រាសាទបាគងតែម្តង។

លោក ឡែម ប៉ាន់ តំណាង សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ បានឱ្យដឹងថា នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះពិធីឆ្លងឆ្នាំសាកល២០២៣ ចូល២០២៤ នឹងមកដល់ ហើយក៏ជាឱកាសមួយដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចេញដើរកម្សាន្តច្រើន។ ដូចនេះក្នុងនាមជាអ្នកផ្តល់សេវាកម្មទេសចរណ៍សហគមន៍ បាគងភូមិខ្ញុំ គឺបានត្រៀម លក្ខណៈរួចរាល់ហើយ សម្រាប់បម្រើជូនភ្ញៀវទេសចរគ្រប់សេវាកម្មដែលមានដូចជា ការជិះរទេះគោ ជិះទូក ពហុកីឡា សេវាកម្មម្ហូបអាហារ និងសេវាកម្មផ្សេងៗទៀត។

លោកបន្តថា បច្ចុប្បន្ននេះ សង្គេតឃើញថា ក្រៅពីប្រាសាទបុរាណ នៅក្នុងតំបន់ រមណីយដ្ឋានអង្គរ ភ្ញៀវទេសចរមានការចាប់អារម្មណ៍ច្រើន ក្នុងការមកកម្សាន្តនៅតាម សហគមន៍ទេសចរណ៍បែបធម្មជាតិ ស្រុកស្រែជនបទ ជាពិសេសនោះ គឺសេវាកម្មជិះរទេះគោ ដែលធ្វើឱ្យពួកគាត់បានឃើញពីជីវភាពរស់នៅរបស់ប្រជាជនតាមជនបទ និងទិដ្ឋភាពផ្សេងៗ អ្នកនៅទីក្រុងដែលធ្លាប់បានឃើញ។

លោក អ៊ឹង គឹមហួ ជាភ្ញៀវទេសចរមកពីខេត្តបាត់ដំបងបានឱ្យដឹងថា លោកពិត ជាមានការពេញចិត្ត ក្នុងការមកកម្សាន្ត នៅសហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំនេះ ព្រោះមានលក្ខណៈធម្មជាតិ ហើយនៅឱកាសឆ្លងឆ្នាំសាកលខាងមុខនេះ ភ្ញៀវទេសចរគួរមក កម្សាន្តនៅទីនោះ នឹងធ្វើឱ្យអារម្មណ៍លោកអ្នកប្លែកនិងបានសប្បាយរីករាយជាមិនខាន។

ដោយឡែកអ្នកស្រី កោត ឡៃហៀង មកពីខេត្តកំពង់ធំ ក៏បានលើកឡើងដែរថា សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ គឺមានសកម្មភាពល្អគឺ៖ ទី១. បានផ្តល់ប្រាក់ ចំណូលដល់ប្រជាពលរដ្ឋក្នុងសហគមន៍ និងទី២.ភ្ញៀវទេសចរចូលមកដល់ទីនេះ គឺស្រស់ ស្រាយជាមួយស្រស់ធម្មជាតិតែម្តង ជាពិសេសនោះ សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំនេះ បានចូលរួមចំណែកថែរក្សាវប្បធម៌ទំនៀមទម្លាប់ប្រពៃណីខ្មែរ ដែលក្មេងជំនាន់នេះមិន ធ្លាប់បានដឹង ដូចជាការជិះរទេះគោជាដើម គឺក្មេងៗជំនាន់នេះ តិចណាស់ដែលបាន ជិះរទេះគោ។

នៅក្នុងឱកាសឆ្លងឆ្នាំសាលកខាងមុខនេះ គួរតែមកកម្សាន្តនៅទីនេះ នឹងសាកជិះរទេះ គោ និងទស្សនាភូមិ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ៕ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

Share This Post: