ព័ត៌មានជាតិ

តុលាការសម្រេចឃុំខ្លួនជនជាតិវៀតណាម ៤នាក់ ដែលពាក់ព័ន្ធករណីខួងយករ៉ែគ្មានច្បាប់ នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង

BY
Khmerpress
January 8, 2024
តុលាការសម្រេចឃុំខ្លួនជនជាតិវៀតណាម ៤នាក់ ដែលពាក់ព័ន្ធករណីខួងយករ៉ែគ្មានច្បាប់ នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង)៖ តុលាការបានសម្រេចឃុំខ្លួនជនជាតិវៀតណាមចំនួន ៤នាក់ នៅពន្ធនាគារបណ្តោះអាសន្ន ពាក់ពន្ធករណីជីកកាយខួងយករ៉ែខុសច្បាស់ នៅស្រុកថាឡាបរិវ៉ាត់។ នេះបើយោងតាមលោក ជា សុភ័ក្រ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានប្រាប់ឱ្យដឹងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ។

បើតាមលោក ជា សុភ័ក្រ ជនជាតិវៀតណាមទាំង៤នាក់ ដែលត្រូវបញ្ជូនទៅឃុំខ្លួននោះមាន៖

១៖ ឈ្មោះTRAN TRONGTANG ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរជំនាញសិក្សាដីរុករករ៉ែ មានទីលំនៅក្រុងហាណូយ ប្រទេសវៀតណាម។
២៖ ឈ្មោះ ចឹង ថាយយឿង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជំនាញសិក្សាដីរុករករ៉ែ មានទីលំនៅទីក្រុងហាណូយ ប្រទេសវៀតណាម។
៣៖ ឈ្មោះ ងៀន អុងនឿង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកសិក្សាដីរករ៉ែ មានទីលំនៅក្រុងហាយណូយប្រទេសវៀតណាម។
៤៖ ឈ្មោះ ឡេ វ៉ាន់ទុន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរធ្វើចម្ការ មានទីលំនៅភូមិត្នោតម្លូ ឃុំត្នោតម្លូ ស្រុករវៀង ខេត្តព្រះវិហារ។

សូមរំឭកថា កាលពីពេលថ្មីៗកន្លងទៅនេះ ជនជាតិវៀតណាមទាំង៤នាក់ខាងលើ បានលួចទៅជីកកាយខួងយករ៉ែខុសច្បាប់នៅត្រង់ចំណុចភ្នំដាច់ ស្ថិតនៅក្នុងភូមិផ្អាវ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ហើយក៏ត្រូវបានកម្លាំងអាវុធហត្ថចុះទៅធ្វើការឃាត់ខ្លួនរួចបញ្ជូនមកកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់។

បើយោងតាមរបាយការណ៍របស់កងរាជអាវុធបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណ:កម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃទី០៥-០៦ ខែមករា ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងដឹកនាំផ្ទាល់ ដោយលោកឧត្ដមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធីដោយលោក នៅ យូណារិទ្ធ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានថែមទៀត បានចុះបង្ក្រាបករណីខួងយករ៉ែ ដោយគ្មានអាជ្ញាបណ្ណនៅចំណុចខាងលើ បានឃាត់រថយន្ត ១គ្រឿងម៉ាក FORD RAVGER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BB-1383 ដែលជនសង្ស័យកំពុងបើករត់គេចចេញពីកន្លែងកើតហេតុ។

ក្នុងករណីបង្ក្រាបបទល្មើសខាងលើនោះដែរ ក្រៅពីការឃាត់ខ្លួនជនសង្ស័យ និងរថយន្ត កម្លាំងអាវុធហត្ថចាប់យកវត្ថុតាង នៅកន្លែងកើតហេតុមួយចំនួនថែមទៀតរួមមាន៖ ម៉ាស៊ីខួងរ៉ែ ២គ្រឿង, ម៉ាស៊ីនគោយន្ត ២គ្រឿង, ទុយោជ័រ៤, ហ្វុយដាក់ទឹក៤,ដែកបំពង់ទីប៤៦ដើម, ដែកបំពុងទីបធ្វើជើងជ្រែងទប់ម៉ាស៊ីន១២កំណាត់ ឧបករណ៍ស្រូបរុករករ៉ែចំនួន០៣គ្រឿង,ថ្ម ដីច្រកក្នុងថង់ប្លាស្ទិក ដែកឆក់ សម្រាប់យកទៅពិសោធន៍ មួយចំនួនថែមទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: