ព័ត៌មានជាតិ

ក្រសួងកសិកម្ម៖ ការបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០២៣ សម្រេចបានជាង៥សែនហិកតា លើសផែនការ១១១,២៥ភាគរយ

BY
Khmerpress
January 8, 2024
ក្រសួងកសិកម្ម៖ ការបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០២៣ សម្រេចបានជាង៥សែនហិកតា លើសផែនការ១១១,២៥ភាគរយ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងសម្រេចបានចំនួន ៥៥៤ ២១០ ហិកតា ស្មើនឹង១១១,២៥ភាគរយ នៃផែនការចំនួន ៤៩៨ ១៧០ ហិកតា។ នេះបើយោងតាមរបាយការណ៍ស្តីពីសភាពការណ៍កសិកម្មរុក្ខាប្រមាញ់ នេសាទប្រចាំឆ្នាំ២០២៣។

បើយោងតាមរបាយការណ៍បានបញ្ជាក់ថា ការប្រមូលផលស្រូវវស្សាសម្រេចបានចំនួន ២ ៨៣៥ ៥៥៧ ហិកតា ដោយទទួលបរិមាណផលសរុបចំនួន ៩ ៣៤២ ៤៦៤ តោន និងទិន្នផលគិតជាមធ្យម ៣,២៩៥តោន ក្នុង១ហិកតា។

របាយការណ៍ខាងលើក៏បានឱ្យដឹងដែរថា សម្រាប់ផលិតកម្មដំណាំស្រូវរដូវប្រាំងវិញផ្ទៃដីភ្ជួររាស់សម្រេចបានចំនួន ៥៥៦ ៥៩៧ ហិកតា ក្នុងនោះ ភ្ជួររាស់ដោយគោ-ក្របីមានចំនួន ១៩១ ហិកតា ស្មើនឹង០,០៣ភាគរយ និងដោយគ្រឿងយន្តចំនួន ៥៥៦ ៤០៦ ហិកតា ស្មើនឹង៩៩,៩៧ភាគរយ លើសឆ្នាំមុន ៩៧ ២៨៤ ហិកតា។ ចំពោះផ្ទៃដីសាបសម្រេចបានចំនួន ៥ ហិកតា តិចជាងឆ្នាំមុនចំនួន ៥ ហិកតា ផ្ទៃដីស្ទូង និងព្រោះសម្រេចបានចំនួន ៥៥៤ ២១០ ហិកតា ស្មើនឹង១១១,២៥ភាគរយ នៃផែនការចំនួន ៤៩៨ ១៧០ ហិកតា លើសឆ្នាំមុន ៩៦ ៨២០ ហិកតា៕ ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: