ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរទៅទីក្រុងតូក្យូ ដើម្បីពិនិត្យភ្នែក ជាមួយកូន៤នាក់ និងចៅយ៉ាយ៉ា

BY
Khmerpress
January 9, 2024
សម្តេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរទៅទីក្រុងតូក្យូ ដើម្បីពិនិត្យភ្នែក ជាមួយកូន៤នាក់ និងចៅយ៉ាយ៉ា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ បាន និងកំពុងធ្វើដំណើរតាមយន្តហោះ ដើម្បីទៅពិនិត្យសុខភាពភ្នែក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

អមដំណើរសម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅពិនិត្យភ្នែកនេះ មានកូនសម្តេច៤នាក់ និងចៅយ៉ាយ៉ា ដែលសម្តេចតែងបង្ហោះអំពីសកម្មភាពជាសាធារណៈផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានពិការភ្នែកខាងឆ្វេង នាថ្ងៃទី១៦ មេសា ឆ្នាំ១៩៧៥ ១ថ្ងៃមុនពេលខ្មែរក្រហម ទទួលបានជោគជ័យ ក្នុងការវាយចូលទីក្រុងភ្នំពេញ ដែលរហូតមកដល់ពេលនេះមានរយៈពេល៤៩ឆ្នាំមកហើយ។ ជាមួយនឹងពិការភាពនេះ សម្តេចបានប្រើប្រាស់ភ្នែកសប្បនិមិត្តរបស់ជប៉ុន ដែលមានគុណភាព និងមិនធ្វើឱ្យឈឺភ្នែក។

ក្នុងឱកាសបើកការដ្ឋានសាងសង់ចំណតផែ​កុងតឺន័រថ្មី​នៅ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ សម្តេចធ្លាប់បានបញ្ជាក់ថា «នៅមុនពេលដែលខ្ញុំប្រើកែវភ្នែកសិប្បនិម្មិតរបស់ជប៉ុន ខ្ញុំឧស្សាហ៍ឈឺក្បាលជាប្រចាំ រហូតដល់ខ្ញុំដាក់ថ្នាំឈឺក្បាលជាប់ជានិច្ច ប៉ុន្តែពេលដែលខ្ញុំទៅប្រទេសជប៉ុន ខ្ញុំបានទទួលការរៀបចំកែវភ្នែកសិប្បនិម្មិតឱ្យខ្ញុំ តាំងពីពេលនោះមក ខ្ញុំមិនដែលឈឺក្បាលនោះទេ»៕ ផ្តល់សិទ្ធិដោយ៖ freshnews

@hunsenofcambodia

កំពុងធ្វើដំណើរទៅតក្យូដើម្បីផលិតកែវភ្នែកសប្បនិមិត្ត ជាមួយកូន៤នាក់និងចៅយ៉ាយ៉ា

♬ សំឡេងដើម – Samdech Hun Sen

Share This Post: