ព័ត៌មានជាតិ

BREAKING: អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ បញ្ហាតម្លៃសេវាការប្រើប្រាស់ផ្លូវចូល-ចេញ អាកាសយានដា្ឋនអន្តរជាតិសៀមរាបអង្គរ និងតម្លៃចំណតយានយន្ត ដែលជាកង្វល់របស់ប្រជាពលរដ្ឋ ត្រូវបានដោះស្រាយចប់

BY
Khmerpress
January 11, 2024
BREAKING: អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ បញ្ហាតម្លៃសេវាការប្រើប្រាស់ផ្លូវចូល-ចេញ អាកាសយានដា្ឋនអន្តរជាតិសៀមរាបអង្គរ និងតម្លៃចំណតយានយន្ត ដែលជាកង្វល់របស់ប្រជាពលរដ្ឋ ត្រូវបានដោះស្រាយចប់

(ភ្នំពេញ)៖ ក្រុមហ៊ុនវិនិយោគអាកាសយានដា្ឋនអន្តរជាតិសៀមរាប-អង្គរ បានសម្រេចមិនគិតកម្រៃថ្លៃចត សម្រាប់រថយន្តធុនតូចមិនលើស៧កៅអី ក្រោមរយៈពេល ១៥នាទី និងរយៈពេល៣០នាទី សម្រាប់ប្រភេទរថយន្តផ្សេងៗទៀត​ និងយល់ព្រម​បញ្ចុះតម្លៃបន្ថែម ​​សម្រាប់យាន្តយន្តគ្រប់ប្រភេទ ​ដែលចូល-ចេញអាកាសយានដា្ឋនអន្តរជាតិសៀមរាប-អង្គរ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្តីពីដំណោះស្រាយលើបញ្ហាតម្លៃសេវា ការប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដា្ឋនអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណតយានយន្ត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ដោយមានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា លើកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ផ្លូវចូល-ចេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណតយានយន្ត, សម្ដេចបានឱ្យបង្កើតគណៈកម្មការចំពោះកិច្ចជាបន្ទាន់មួយ ដឹកនាំដោយ​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលមានការចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន,​ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល, ​បណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការ ទីស្តីការគណៈរដ្ឋមន្ត្រី ​លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អភិបាលរងខេត្តសៀមរាប តំណាងក្រសួងស្ថាប័នដែលពាក់ព័ន្ធ ដើម្បីចុះទៅពិនិត្យ និងដោះស្រាយបញ្ហា នេះជាបន្ទាន់ជូនបងប្អូនប្រជាពលរដ្ឋ។

បន្ទាប់ពីបានចុះទៅពិនិត្យស្ថានភាពនៅទីតាំងជាក់ស្ដែង និងប្រជុំជាមួយក្រុមហ៊ុនវិនិយោគ ដែលបានបណ្តាក់ទុនវិនិយោគជាប្រភេទ BOT ទាំងអាកាសយានដ្ឋាន និងផ្លូវ ក្រុមការងារចំពោះកិច្ចបាន​ពិភាក្សាចរចាបន្ថែម លើអ្វីដែលបានឯកភាពកាលពីពេលមុន។ ក្នុងនោះ ក្រុមហ៊ុនបានឯកភាពមិនគិតកម្រៃថ្លៃចត សម្រាប់ការចូលទៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រោមរយៈពេល ១៥នាទី សម្រាប់រថយន្តធុនតូចមិនលើស៧កៅអី និងរយៈពេល៣០នាទី សម្រាប់ប្រភេទរថយន្តផ្សេងៗទៀត។

ជាមួយគ្នានេះ ក្រុមហ៊ុនបានយល់ព្រមធ្វើការបញ្ចុះតម្លៃបន្ថែម ក្នុងការប្រើប្រាស់ផ្លូវ សម្រាប់គ្រប់ប្រភេទយានយន្ត​មួយចំនួន សម្រាប់រយៈពេលពីរឆ្នាំ​ចាប់ពីឆ្នាំ២០២៤ និងឆ្នាំ២០២៥​។

អង្គប្រជុំក៏បានឯកភាពគ្នា បង្កើតគណៈកម្មការអន្តរក្រសួង ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងអាជ្ញាធរដែនដី ដើម្បីគ្រប់គ្រងលើផ្លូវនេះ ទាក់ទងទៅនឹងការជួសជុលថែទាំផ្លូវ និងសុវត្ថិភាព ក្នុងការធ្វើដំណើរតាមដងផ្លូវនេះផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: