ព័ត៌មានជាតិ

ក្រសួងធនធានទឹក បញ្ជាក់ថា អាកាសធាតុនឹងប្រែប្រួលខ្លាំង ជាមួយនឹងសីតុណ្ហភាពក្តៅខ្លាំងពី ៣៧អង្សាសេ ដល់ ៤១អង្សាសេ នៅក្នុងរដូវប្រាំង២០២៤

BY
Khmerpress
January 12, 2024
ក្រសួងធនធានទឹក បញ្ជាក់ថា អាកាសធាតុនឹងប្រែប្រួលខ្លាំង ជាមួយនឹងសីតុណ្ហភាពក្តៅខ្លាំងពី ៣៧អង្សាសេ ដល់ ៤១អង្សាសេ នៅក្នុងរដូវប្រាំង២០២៤

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពីអាកាសធាតុបន្ដរដូវប្រាំងដល់ដើមខែឧសភា ២០២៤។

ក្រសួងធនធានទឹក បានឱ្យដឹងថា បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករណ៍ស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណៈជនឱ្យបានជ្រាបអំពីស្ថានភាពអាកាសធាតុបន្តនៅក្នុងរដូវប្រាំងដូចខាងក្រោម៖

១-សីតុណ្ហភាពនៅក្នុងរដូវប្រាំងមានការប្រែប្រួលខ្លាំង ជាមួយនឹងសីតុណ្ហភាពក្តៅកើនឡើង ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និងក្តៅជាងឆ្នាំ២០២៣ ដោយសីតុណ្ហភាពមធ្យមអតិបរមា ៣៧°C និងសីតុណ្ហភាពអតិបរមាខ្ពស់បំផុតរង្វង់ ៤១°C នៅក្នុងខែមេសា និងដើមខែឧសភា។

២-ភ្លៀងកក់ខែអាចមានតិចតួច ជាមួយគ្នានឹងរបបខ្យល់មូសុងនិរតីខ្សោយធ្វើឱ្យរដូវវស្សាចាប់ផ្តើមយឺត(យឺតជាងឆ្នាំ២០២៣) រីឯបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់កើតច្រើននៅក្នុងខែមេសា និង ខែឧសភា ឆ្នាំ២០២៤។

យោងលើស្ថានភាពអាកាសធាតុដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណៈជនចូលរួមសហការថែរក្សា ប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក។ ជាមួយគ្នានោះដែរ សូមយកចិត្តទុកដាក់ ដោយប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលនឹងអាចកើតមានច្រើន៕ ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

Share This Post: