ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ដែលធ្វើរឿងអសីលធម៌លើកុមារលក់សត្វអណ្ដើកចល័ត នៅមុខប្រាសាទអង្គរវត្ត

BY
Khmerpress
January 13, 2024
ស្នងការនគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ដែលធ្វើរឿងអសីលធម៌លើកុមារលក់សត្វអណ្ដើកចល័ត នៅមុខប្រាសាទអង្គរវត្ត

ខេត្តសៀមរាប៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា នាពេលកន្លងទៅថ្មីៗនេះ ពាក់ព័ន្ធនឹងការប្រើហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ទៅលើយុវជនដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្ធុមុខប្រាសាទអង្គរវត្ត ករណីនេះកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ជាបណ្តោះអាសន្ន ដើម្បីបន្តអនុវត្តនីតិវិធី ។

សូមជម្រាបថា នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ មានគណនី Facebook បានផ្សព្វផ្សាយវីដេអូបង្ហាញអំពីការប្រើប្រាស់ហិង្សារបស់បុគ្គលិកសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ទៅលើកុមារដើរលក់កូនសត្វអណ្តើក ចល័តនៅបរិវេណកសិន្ធុអង្គរវត្ត។

ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ក្រោយពីបានទទួលព័ត៌មាននេះ ថ្នាក់ដឹកនាំពាក់ព័ន្ធនៃអាជ្ញាធរជាតិអប្សរា បានរៀបចំកិច្ចប្រជុំមួយជាបន្ទាន់ ដោយបានហៅបុគ្គលិកនោះមកសួរនាំអំពីមូលហេតុពិតប្រាកដ នៃការឈានទៅដល់ការប្រើប្រាស់នូវសកម្មភាពមិនសមរម្យខាងលើ តាមរយៈនេះអាជ្ញាធរជាតិអប្សរាបានសម្រេចដាក់ពិន័យរដ្ឋបាល និងតម្រូវឱ្យចុះហត្ថលេខាលើកិច្ចសន្យាទទួលស្គាល់កំហុស និងបញ្ឈប់នូវរាល់សកម្មភាពហិង្សាបែបនេះនាពេលអនាគត។ ក្នុងករណីមិនរាងចាល នឹងត្រូវបណ្ដេញចេញពីការងារ និងទទួលរងទណ្ឌកម្មតាមផ្លូវច្បាប់ជាធរមាននានា។ ដោយឡែក អាជ្ញាធរជាតិអប្សរាក៏បានណែនាំឱ្យបុគ្គលិករូបនេះទៅសុំទោសឪពុកម្ដាយ និងកុមាររូបនេះដោយផ្ទាល់ផងដែរ។

ថ្នាក់ដឹកនាំពាក់ព័ន្ធនៃអាជ្ញាធរជាតិអប្សរា ជានិច្ចកាលតែងតែបានណែនាំដល់មន្ត្រី បុគ្គលិក ភ្នាក់ងារ ពលករ និងឆ្មាំនៃអាជ្ញាធរជាតិអប្សរាឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌វីជ្ជាជីវៈ និងចៀសវាងឱ្យបានជាដាច់ខាតនូវការប្រើប្រាស់អំពើហិង្សាក្នុងការដោះស្រាយបញ្ហានានា។

អាជ្ញាធរជាតិអប្សរាមិនគាំទ្រ និងមិនអាចទទួលយកបានជាដាច់ខាតនូវរាល់ការប្រើប្រាស់អំពើហិង្សាក្នុងការអនុវត្តការងារ ដែលធ្វើឱ្យប៉ះពាល់ដល់វិន័យ សីលធម៌ និងគុណធម៌ ដែលមានជាធរមានក្នុងលក្ខន្តិកៈរបស់មន្ត្រីរាជការស៊ីវិល-បុគ្គលិកសាធារណៈ។

អាជ្ញាធរជាតិអប្សរាបានអំពាវនាវសាជាថ្មីម្តងទៀតដល់សាធារណជនទាំងអស់ មេត្តាកុំលក់ ឬយកសត្វគ្រប់ប្រភេទទៅលែងក្នុងកសិន្ធុនានានៃរមណីយដ្ឋានអង្គរ ដើម្បីចៀសវាងការប៉ះពាល់ដល់សត្វ និងរុក្ខជាតិដែលមានប្រភពដើមនៅទីនោះ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប Commissariat Of Siem Reap Province Police

Share This Post: