ព័ត៌មានជាតិ

សម្តេចពិជ័យសេនា ទៀ បាញ់៖ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងនូវការដាក់ចេញនូវគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់និងផ្លូវ»

BY
Nisaiy KP
January 14, 2024
សម្តេចពិជ័យសេនា ទៀ បាញ់៖ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងនូវការដាក់ចេញនូវគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់និងផ្លូវ»

(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកឡើងថា កម្ពុជាពិតជាមានសុទិដ្ឋិនិយម និងគាំទ្រយ៉ាងពេញទំហឹងនូវការដាក់ចេញនូវគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់និងផ្លូវ» របស់ លោកប្រធានាធិបតី ស៊ី ជីនពីង នៅឆ្នាំ២០១៣ ដែលកម្ពុជាបានចូលរួមជាសមាជិកស្ថាបនិកមួយ។


សម្តេចពិជ័យបានលើកឡើងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាបើក «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» នារាត្រីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ នៅបរិវេណព្រះលានជល់ដំរី ខេត្តសៀមរាប។

សម្តេចបានបញ្ជាក់បន្តដូច្នេះថា «កម្ពុជាជឿជាក់ថា “គំនិតផ្តួចផ្តើមខ្សែរក្រវ៉ាត់និងផ្លូវ” នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកពង្រឹងសាមគ្គីភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងបណ្តាប្រទេសទាំងក្នុងតំបន់ និងពិភពលោកលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន»។

គម្រោង «ខ្សែក្រវ៉ាត់និងផ្លូវ» គឺជាការផ្តួចផ្តើមឡើងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ក្រោមការដឹកនាំរបស់ លោក ស៊ី ជិនពីង កាលពីឆ្នាំ២០១៣ ក្នុងគោលបំណង ដើម្បីកសាងបណ្តាញពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់អាស៊ី ជាមួយអឺរ៉ុប និងទ្វីបអាហ្រ្វិក តាមរយៈផ្លូវពាណិជ្ជកម្មបុរាណ ដែលនឹងនាំមកនូវលទ្ធផលផ្លែផ្កា សម្រាប់គ្រប់បណ្តាប្រទេសដែលជាប់ផ្លូវបុរាណនេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងទៀតថា ក្នុងនាមជារដ្ឋមួយដែលមានអរិយធម៌យូរអង្វែងនៅក្នុងតំបន់ទន្លេមេគង្គ កម្ពុជានឹងបន្តជំរុញការតភ្ជាប់វប្បធម៌-អរិយធម៌ខុសៗគ្នានៃប្រទេសក្នុងតំបន់មេគង្គ អាស៊ាន និងពិភពលោក ដើម្បីសន្តិភាព វិបុលភាព និងជំនឿទុកចិត្តគ្នាទៅវិញទៅមក តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងនានា ពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង និងគំនិតផ្តួចផ្តើមសកលនានារបស់ចិន រួមមានគំនិតផ្តួចផ្តើមសកល គំនិតផ្តួចផ្តើម សន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ដើម្បីជំរុញការអភិវឌ្ឍរួមរបស់មនុស្សជាតិ ប្រកបដោយបរិយាបន្ន និងសមធម៌៕ ផ្ដល់សិទ្ធិដោយ៖ Freshnews


Share This Post: