ព័ត៌មានជាតិ

ក្រុមហ៊ុន Blue Circle របស់បារាំង ចាប់អារម្មណ៍វិនិយោគផលិតថាមពលអគ្គិសនី ដើរដោយកម្លាំងខ្យល់នៅកម្ពុជា

BY
Khmerpress
January 16, 2024
ក្រុមហ៊ុន Blue Circle របស់បារាំង ចាប់អារម្មណ៍វិនិយោគផលិតថាមពលអគ្គិសនី ដើរដោយកម្លាំងខ្យល់នៅកម្ពុជា

(ប៉ារីស, បារាំង)៖ ក្រុមហ៊ុន Blue Circle របស់បារាំង បានបង្ហាញបំណងចង់វិនិយោគផលិតថាមពល​អគ្គិ​សនីដើរដោយកម្លាំងខ្យល់នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនធ្លាប់បានសិក្សារួចហើយ និងមើលឃើញ​ថា ភ្នំបូកគោ និងតំបន់មួយចំនួននៅខេត្តមណ្ឌលគិរី អាចផលិតថាមពលអគ្គិសនីដើរដោយកម្លាំង​ខ្យល់​បាន។

បំណងនេះ ត្រូវបានលើកបង្ហាញដោយលោក Olivier Duguet ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Blue Circle ក្នុងពេលចូលជួបសម្តែងការគួរសមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងជំនួបនោះ លោក Olivier Duguet បានថ្លែងអំណរគុណសម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលា​ដ៏មមា​ញឹក​អនុញ្ញាតឱ្យ​រូបលោក និងសហការី ជួបសម្តែងការគួរសម។ លោក Olivier Duguet បានជម្រាបអំពី​វឌ្ឍនភាព​នៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Blue Circle និងអំពីគម្រោងនៃការពង្រីកការវិនិយោគរបស់ខ្លួន​នៅកម្ពុជា។

នាយកប្រតិបត្តិក្រុមហ៊ុន បានគូសរំលេចថា ក្រុមហ៊ុនរបស់លោក គឺជាក្រុមហ៊ុនមានជំនាញ និងបទពិសោធន៍​ក្នុងអាជីវកម្មថាមពលកកើតឡើងវិញ ជាពិសេសថាមពលដើរដោយកម្លាំងខ្យល់ ហើយកន្លងមកក្រុមហ៊ុន ធ្លាប់អញ្ជើញមកកាន់តំបន់អាស៊ី រួមទាំងកម្ពុជាផងដែរ និងបានជួបពិភាក្សាជាមួយក្រុមហ៊ុនដែលជាដៃគូក្នុងស្រុក ក្នុងការសិក្សាស្វែងយល់ពីស្ថានភាពភូមិសាស្រ្តនៅកម្ពុជា និងរកទីតាំងសម្បូរខ្យល់ ក្នុងកម្រិតល្បឿនល្អដែលអាចផលិតជាថាមពលអគ្គិសនីបាន។

លោកនាយកប្រតិបត្តិបន្តថា ក្រោយពីការសិក្សាទៅលើស្ថានភាពភូមិសាស្រ្តរួចមក ក្រុមហ៊ុន បានកត់​សម្គាល់ទីតាំងមួយចំនួនដែលអាចផ្តល់លទ្ធភាពផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ រួមមាន តំបន់ភ្នំបូកគោ ក្នុងខេត្តកំពត និងខេត្តមណ្ឌលគីរី។ បន្ថែមលើនេះ ក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្តេចធិបតី​ថា ជាមួយការជួយជ្រោមជ្រែង និងការសហប្រតិបត្តិការល្អជាមួយដៃគូពាក់ព័ន្ធ និងការគាំពារពីរាជរដ្ឋាភិបាល ក្រុមហ៊ុននឹងអាចផលិតថាមពលអគ្គិសនីបានច្រើន ដោយក្នុងដំណាក់កាលដំបូង ក្រុមហ៊ុនអាច​ផលិតថាមពលបាន ១០០មេហ្កាវ៉ាត់ និងអាចឈានទៅពង្រីកជាបន្តបន្ទាប់ទៅថ្ងៃអនាគត។ ក្នុងន័យនេះ កម្ពុជាអាចនឹងទទួលបានប្រភពថាមពលអគ្គិសនីដែលកើតចេញពីប្រភពកកើតឡើងវិញកាន់តែច្រើន និងអាចនាំចេញថាមពលអគ្គិសនីទៅក្រៅប្រទេសផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ និងគាំទ្រចំពោះគម្រោងរបស់ក្រុមហ៊ុន​ ដែលចាប់អារម្មណ៍​បោះទុនវិនិយោគនៅកម្ពុជា។ សម្តេចធិបតី ជូនពរក្រុមហ៊ុន ទទួលបានជោគជ័យលើកិច្ចការវិនិយោគ នៅ​ពេលអនាគត និងស្នើក្រុមហ៊ុនទាក់ទងជាមួយដៃគូ ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធនៅកម្ពុជា ដើម្បី​ពិនិត្យ​លទ្ធភាព និងស្វែងរកឱកាសធ្វើយ៉ាងណាឱ្យគម្រោងផលិតថាមពលអគ្គិសនី ដើរដោយកម្លាំងខ្យល់នេះ សម្រេចបានជាលទ្ធផលផ្លែផ្កាជាក់ស្តែង។

សូមបញ្ជាក់ថា ក្រុមហ៊ុន Blue Circle ជាក្រុមហ៊ុនអភិវឌ្ឍន៍ ផ្តល់ហិរញ្ញប្បទាន និងធ្វើប្រតិបត្តិការគម្រោងថាមពលកកើតឡើងវិញនៅតំបន់អាស៊ីអាគ្នេយ៍ ចាប់តាំងពីឆ្នាំ២០១៣មក។

ក្រុមហ៊ុន Blue Circle បានបើកការិយាល័យដំបូងនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៥ ដោយក្រុមហ៊ុន​បានជ្រើសរើសយកខេត្តមណ្ឌលគិរី ដើម្បីអនុវត្តន៍គម្រោងទីមួយរបស់ក្រុមហ៊ុនលើ​គម្រោងទាញយកថាម​ពលខ្យល់បំប្លែងជាអគ្គិសនី ដែលគ្រោងនឹងបើកដំណើរការចាប់ពីឆ្នាំ២០២៦តទៅ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: