ព័ត៌មានអន្តរជាតិ

តម្លៃក្រុមហ៊ុន Microsoft លើទីផ្សារ ហក់ឡើងដល់៣ទ្រីលានដុល្លារ ឈរនៅលេខរៀងទី២ បន្ទាប់ពី Apple

BY
Khmerpress
January 25, 2024
តម្លៃក្រុមហ៊ុន Microsoft លើទីផ្សារ ហក់ឡើងដល់៣ទ្រីលានដុល្លារ ឈរនៅលេខរៀងទី២ បន្ទាប់ពី Apple

(បរទេស)៖ តម្លៃក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Mrcrosoft ត្រូវបានរាយការណ៍មកថា កើនឡើងដល់៣ពាន់ពាន់លានដុល្លារជាលើកដំបូង នៅថ្ងៃពុធសប្តាហ៍នេះ ឈរនៅតំណែងទី២ បន្ទាប់ពីក្រុមហ៊ុន Apple ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស មានតម្លៃថ្លៃបំផុតលើពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។

តម្លៃក្រុមហ៊ុន Microsoft និង Apple ត្រូវគេមើលឃើញថា កំពុងប្រជែងគ្នាដណ្តើមតំណែងកំពូល ចាប់តាំងពីដើមឆ្នាំនេះមកម្ល៉េះ ដោយក្រុមហ៊ុនផលិត iPhone មួយនេះ បានបាត់បង់តំណែងកំពូលរបស់ខ្លួនក្នុងរយៈពេលខ្លី និងធ្លាក់ទៅលើ Microsoft កាលពីដើមខែមករា។ ភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft ឡើងដល់កម្រិតខ្ពស់បំផុត ៤០៥.៦៣ដុល្លារ ឬ១.៧% ក្នុងមួយហ៊ុន ដែលធ្វើឱ្យក្រុមហ៊ុននេះមានតម្លៃសរុបរហូតដល់ ៣ពាន់ពាន់លានដុល្លារនៅលើទីផ្សារ ប៉ុន្តែក្រោយមកតម្លៃបានធ្លាក់មកនៅ ៤០២.៥៦ដុល្លារ ដែលធ្វើឲ្យក្រុមហ៊ុនតម្លៃសរុប២.៩៩ ពាន់ពាន់លានដុល្លារ។ ងាកមកភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើងមុន ហើយក៏បានធ្លាក់ចុះ ០.៣៥ % វិញ មកនៅតម្លៃ ១៩៤.៥០ដុល្លារ ក្នុងមួយហ៊ុន ដែលធ្វើឲ្យក្រុមហ៊ុននេះមានតម្លៃសរុប ៣ពាន់ពាន់ដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់ LSEG ។

គួរជម្រាបថា តម្លៃក្រុមហ៊ុន Microsoft បានកើនឡើងខ្លាំងបែបនេះ គែដោយសារតែមានការគាំទ្រពីក្រុមហ៊ុន OpenAI ដែលជាក្រុមហ៊ុនមេរបស់កម្មវិធី ChatGPT ខណៈបច្ចុប្បន្ន ក្រុមហ៊ុន Microsoft ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាអ្នកនាំមុខគេក្នុងការប្រណាំងប្រជែងដណ្តើមទីផ្សារខាងបញ្ញាសិប្បនិមិត្ត (AI) ក្នុងចំណោមបច្ចេកវិទ្យាធំផ្សេងទៀតដូចជា Google , Amazon និង Meta Platforms (META.O) ជាដើម។

តែយ៉ាងណា ងាមមក Apple វិញ ទោះបច្ចុប្បន្នឈរលើតំណែងកំពូលក៏ពិតមែន ប៉ុន្តែក្រុមហ៊ុននេះកំពុងប្រឈមមុខនឹងការធ្លាក់ចុះនៃតម្រូវកា iPhone របស់ខ្លួន ជាពិសេសនៅក្នុងទីផ្សារធំ គឺប្រទេសចិន ចំពេលមានការប្រកួតប្រជែងខ្លាំងពីគូប្រជែងក្នុងស្រុកដូចជា Huawei Technologies (HWT.UL)ជាដើម៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: