ព័ត៌មានអន្តរជាតិ

Elon Musk អះអាងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន នឹងបំផ្លាញទីផ្សារគូប្រជែង បើគ្មានរបាំងពាណិជ្ជកម្ម

BY
Khmerpress
January 26, 2024
Elon Musk អះអាងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន នឹងបំផ្លាញទីផ្សារគូប្រជែង បើគ្មានរបាំងពាណិជ្ជកម្ម

(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Telsa លោក Elon Musk បង្ហាញពីការយល់ឃើញរបស់លោកថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន ច្បាស់ណាស់នឹងទទួលបានភាពជោគជ័យខ្លាំង ក្នុងទីផ្សារនៃបណ្តាប្រទេសនានាក្រៅពីចិន ខណៈក្រុមហ៊ុន Telsa របស់លោកកំពុងតែមានគូប្រជែងកាន់តែច្រើន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។

និយាយនៅថ្ងៃពុធកន្លងទៅនេះ ដែលជាថ្ងៃប្រកាសប្រាក់ចំណូលក្រុមហ៊ុន លោក Elon Musk បានឲ្យដឹងថា «ក្រុមហ៊ុន​រថយន្ត​ចិន ​ជា​ក្រុមហ៊ុន​រថយន្ត​ដែល​មាន​ការ​ប្រកួត​ប្រជែង​បំផុត​ក្នុង​ពិភពលោក។ ដូច្នេះ ខ្ញុំ​គិត​ថា ពួកគេ​នឹង​ទទួល​បាន​ជោគជ័យ​យ៉ាងខ្លាំង​នៅតាមទីផ្សារនានា ​ក្រៅ​ពីប្រទេស​ចិន បើទោះបីជាត្រូវបង់ពន្ធ​ឬមាន​របាំង​ពាណិជ្ជកម្មផ្សេងៗក្តី»។ មហាសេដ្ឋីរូបនេះបានសង្កត់ធ្ងន់ថា «និយាយដោយត្រង់ទៅ ខ្ញុំគិតថា ប្រសិនបើមិនមានរបាំងពាណិជ្ជកម្ម ត្រូវបានបង្កើតឡើងទេ ពួកគេនឹងបំផ្លាញក្រុមហ៊ុនគូប្រជែងភាគច្រើនផ្សេងទៀតនៅក្នុងពិភពលោក»

របាំងពាណិជ្ជកម្ម ដែល Elon Musk និយាយនៅពេលនេះ ​គឺទំនងជាសំដៅដល់ការរឹតបន្តឹងផ្លូវច្បាប់លើការនាំចេញរថយន្តអគ្គីសនីចិន ទៅតាមបណ្តាប្រទេសនានា ជាក់ស្តែង គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប បច្ចុប្បន្នកំពុងស៊ើបអង្កេត លើក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសចិន។ ការ​ស៊ើបអង្កេត​នេះ​ បាន​ចាប់​ផ្តើម​កាលពី​ឆ្នាំ​មុន ហើយ​មិន​ទាន់​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថាយ៉ាងណាឲ្យពិតឡើយ​។ ប៉ុន្តែមានឱកាស ដែលសហភាពអឺរ៉ុបអាចពិចារណាការដំឡើងពន្ធខ្ពស់លើរថយន្តអគ្គិសនីរបស់ចិន ស្របពេលដែលផលិតផលរបស់ចិនកំពុងពង្រីកខ្លួនយ៉ាងខ្លាំងក្លាទៅកាន់ទីផ្សារអឺរ៉ុប។

គួរជម្រាបថា នេះមិនមែនជាលើកទីមួយទេ ដែលលោក Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បង្ហាញការកោតសរសើរលើក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន។ កាលពីឆ្នាំមុន មហាសេដ្ឋីរូបនេះបានហៅក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិនថាជា «ការប្រកួតប្រជែងបំផុតនៅក្នុងពិភពលោក» ហើយបាននិយាយថា ក្រុមហ៊ុនចិនទំនងជាស្ថិតក្នុងចំណោមក្រុមហ៊ុនរថយន្តកំពូលរបស់ពិភពលោក៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: