ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន SpaceX របស់ Elon Musk ត្រូវគេប្តឹងពីបទធ្វេសប្រហែស ធ្វើឲ្យកម្មកររបួស និងបាត់បង់ជីវិត

BY
Khmerpress
January 27, 2024
ក្រុមហ៊ុន SpaceX របស់ Elon Musk ត្រូវគេប្តឹងពីបទធ្វេសប្រហែស ធ្វើឲ្យកម្មកររបួស និងបាត់បង់ជីវិត

(បរទេស)៖ ស្ត្រីម្នាក់ដែលជាភរិយារបស់កម្មករធ្វើការឲ្យក្រុមហ៊ុនអវកាស SpaceX បានដាក់ពាក្យប្តឹងក្រុមហ៊ុននេះ ពីបទធ្វេសប្រហែល ធ្វើឲ្យប្តីរបស់នាងរបួសធ្ងន់ និងមានកម្មករម្នាក់បាត់បង់ជីវិត អំឡុងពេលបំពេញការងារក្នុងក្រុមហ៊ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។

ហេតុការណ៍នោះ​បានកើតឡើងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ដោយមានម៉ាស៉ីនក្នុងក្រុមហ៊ុន SpaceX ដំណើរការខុសប្រក្រតី និងធ្វើឲ្យបុរសម្នាក់ឈ្មោះ Francisco Cabada រងរបួស ក្នុងចំណោមកម្មករជាច្រើនទៀត។ បើតាមរបាយការណ៍របស់ Reuters ជុំវិញករណីនេះ បានបង្ហាញថា មានកម្មករយ៉ាងហោចណាស់ ៦០០នាក់របួស នៅកន្លែងធ្វើការ ខណៈអ្នកខ្លះបាក់ដៃជើង របួសក្បាល និងភ្នែក និងស្លាប់ម្នាក់។

ភរិយា លោក Francisco Cabada ឈ្មោះ Ydy Cabada បានដាក់ពាក្យបណ្តឹងនៅក្នុងតុលាការរដ្ឋក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា កាលពីសប្តាហ៍មុន តំណាងឲ្យប្តីរបស់នាង ដែលនៅតែស្ថិតក្នុងសភាពសន្លប់ជាងពីរឆ្នាំ បន្ទាប់ពីរងគ្រោះក្នុងហេតុការណ៍នេះ។ លោកស្រី​ Ydy Cabada បានឲ្យដឹងថា ប្តីរបស់ខ្លួនបានរងរបួសនៅពេលដែលផ្នែកនៃម៉ាស៊ីន Raptor V2 បានដាច់ចេញក្នុងអំឡុងពេលធ្វើតេស្តសម្ពាធនៅឯរោងចក្រ SpaceX ក្នុង Hawthorne រដ្ឋ California ខណៈហេតុការណ៍នោះ ធ្វើឱ្យប្តីរបស់លោកស្រីរងរបួស គឺលលាដ៍ក្បាលត្រូវប្រះ។

យ៉ាងណាមិញ រហូតមកទល់នឹងពេលនេះ ក្រុមហ៊ុនអវកាស SpaceX របស់ Elon Musk នៅមិន​ទាន់ឆ្លើយ​តប​នឹង​សំណួរ​អំពី​ពាក្យ​បណ្ដឹង​នោះ​ទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: