ព័ត៌មានអន្តរជាតិ

តម្លៃមាសរំពឹងថានឹងកើនឡើងដល់កម្រិតខ្ពស់បំផុតនៅឆ្នាំនេះ

BY
Khmerpress
January 29, 2024
តម្លៃមាសរំពឹងថានឹងកើនឡើងដល់កម្រិតខ្ពស់បំផុតនៅឆ្នាំនេះ

(បាងកក)៖ តម្លៃមាសពិភពលោកត្រូវបានរំពឹងថានឹងឡើងដល់កម្រិតខ្ពស់ថ្មីគឺ ២ ៣០០ដុល្លារមួយអោន (៨,៣ជី) នៅឆ្នាំនេះ ដោយសារភាពអាចកើតមាននៃការទម្លាក់អត្រាគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក ការកើនឡើងអតិផរណា និងហានិភ័យភូមិសាស្ត្រនយោបាយ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

វិនិយោគិនមួយចំនួនចាត់ទុកមាសជាទ្រព្យដែលមានសុវត្ថិភាពដើម្បីទប់ទល់នឹងការខាតបង់ដោយសារលទ្ធភាពនៃការកាត់បន្ថយអត្រាដោយធនាគារកណ្តាលអាមេរិកនៅក្នុងត្រីមាសទីពីរឆ្នាំនេះ ក្នុងគ្រាដែលមានអតិផរណាខ្ពស់រ៉ាំរ៉ៃ និងភាពតានតឹងភូមិសាស្ត្រនយោបាយសកល។

អ្នកស្រី Pawan Nawawattanasap នាយកប្រតិបត្តិក្រុមហ៊ុន YLG Corp ដែលផលិតនិងនាំចេញមាសរបស់ថៃបានប្រាក់កាសែតបាងកកប៉ុស្តិ៍ថា ក្រុមហ៊ុនរបស់អ្នកស្រីរំពឹងថា តម្លៃមាសពិភពលោកនឹងបន្តកើនឡើង ដោយឈានដល់កម្រិតខ្ពស់ថ្មីមួយគឺ ២ ៣០០ដុល្លារក្នុងមួយអោននៅឆ្នាំនេះ។

យោងតាមកាសែតបាងកកប៉ុស្តិ៍ សម្រាប់ទីផ្សារថៃ តម្រូវការវិនិយោគលើមាសសម្រាប់ធ្វើជាទ្រព្យរក្សាសុវត្ថិភាពបានបន្តកើនឡើងក្នុងរយៈពេលមួយទសវត្សរ៍ ជាពិសេសបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។

ចាប់ពីឆ្នាំ២០១៥-២០២៣ ប្រទេសថៃបានទិញមាសជាមធ្យមចំនួន ៦៣តោនក្នុងមួយឆ្នាំ ដែលជាកម្រិតខ្ពស់បំផុតទីបីនៅអាស៊ីបន្ទាប់ពីប្រទេសចិននិងឥណ្ឌា។ ក្នុងអំឡុងពេលផ្ទុះជំងឺកូវីដនៅឆ្នាំ២០២០ មាសដុំត្រូវបានលក់ចេញជាញឹកញាប់ ដែលនាំឱ្យតម្រូវការមាសនៅក្នុងទីផ្សារធ្លាក់ចុះ ៨១,៥តោន ឬ ២៧៥% ធៀបនឹងឆ្នាំ២០១៩។ ទោះយ៉ាងណា តម្រូវការបានកើនឡើងដល់ ៣៧តោនក្នុងឆ្នាំ២០២១ និង ៣៨តោននៅឆ្នាំ២០២២។

យោងតាមកាសែតវៀតណាម VN Express តម្លៃដុំមាសរបស់ក្រុមហ៊ុនវៀតណាម Saigon Jewelry បានកើនឡើង ០,៣៩% ដល់ ៧៦.៧៥លានដុង (៣ ១១៨,០១ដុល្លារ) ក្នុងមួយតម្លឹង។ តម្លៃចិញ្ចៀនមាសបានកើនឡើង ០,០៨% ដល់ ៦៣,៩៥លានដុង (២ ៦០០,៩៤ដុល្លារ) ក្នុងមួយតម្លឹង។ មួយតម្លឹងមាសស្មើនឹង ៣៧,៥ក្រាម ឬ ១,២អោន៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: