ព័ត៌មានអន្តរជាតិ

ថៃ និងចិន ចុះកិច្ចព្រមព្រៀងលើកលែងទិដ្ឋការគ្នាទៅវិញទៅមក

BY
Khmerpress
January 29, 2024
ថៃ និងចិន ចុះកិច្ចព្រមព្រៀងលើកលែងទិដ្ឋការគ្នាទៅវិញទៅមក

(បាងកក)៖ ប្រទេសថៃ និងចិនបានព្រមព្រៀងគ្នានៅថ្ងៃអាទិត្យ (២៨ មករា) នេះ ក្នុងការលើកលែងតម្រូវការទិដ្ឋាការគ្នាទៅវិញទៅមក ដើម្បីសម្រួលដល់ការធ្វើដំណើរ និងទេសចរណ៍រវាងប្រទេសទាំងពីរ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។ នេះបើយោងាតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។

នៅក្នុងពិធីមួយដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងបាងកក រដ្ឋមន្ត្រីការបរទេសថៃ លោក Barnbury Pahiddha Naukkara និងសមភាគីចិនលោក Wang Yi បានចុះហត្ថលេខាលើការលើកលែងទិដ្ឋាការគ្នាទៅវិញទៅមក ដែលវានឹងចូលជាធរមាននៅថ្ងៃទី ០១ ខែមីនា។

លោក Wang បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាថា «យុគសម័យនៃការលើកលែងទិដ្ឋាការនេះ នឹងបង្កើនការផ្លាស់ប្តូរប្រជាជនទៅកម្រិតថ្មីមួយ»។ លោកបានសង្កត់ធ្ងន់ថា «​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​ដែល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ ​នឹង​កើនឡើង​យ៉ាង​ខ្លាំង​»​

រដ្ឋមន្ត្រីការបរទេសចិនក៏បាននិយាយផងដែរថា ទីក្រុងប៉េកាំង និងទីក្រុងបាងកកក៏បានប្តេជ្ញាចិត្តក្នុងការពន្លឿនការសាងសង់ផ្លូវដែកចិន-ថៃ និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនផងដែរ។

គួរបញ្ជាក់ថា មុនពេលផ្ទុះជំងឺកូវីដ១៩ ប្រទេសចិនគឺជាប្រភពដ៏សំខាន់សម្រាប់ទេសចរណ៍របស់ប្រទេសថៃ ប៉ុន្តែរហូតមកទល់ពេលនេះ ការវិលត្រឡប់របស់ភ្ញៀវទេសចរចិនទៅកាន់ប្រទេសនេះវិញ មានភាពយឺតយ៉ាវ។ចំនួនអ្នកទេសចរចិនដែលមកលេងប្រទេសថៃ បានធ្លាក់ចុះយ៉ាងខ្លាំងពីចំនួន ១១ លាននាក់ក្នុងឆ្នាំ ២០១៩ មុនពេលការរីករាលដាល មកដល់ត្រឹមតែ ៣.៥ លាននាក់កាលពីឆ្នាំមុន៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: