ព័ត៌មានអន្តរជាតិ

គម្រោងរបស់កំពូលមហាសេដ្ឋី Elon Musk សាកល្បងដាក់បន្ទះឈីបចូលទៅក្នុងខួរក្បាលមនុស្ស ទទួលបានជោគជ័យជាលើកដំបូង

BY
Khmerpress
January 30, 2024
គម្រោងរបស់កំពូលមហាសេដ្ឋី Elon Musk សាកល្បងដាក់បន្ទះឈីបចូលទៅក្នុងខួរក្បាលមនុស្ស ទទួលបានជោគជ័យជាលើកដំបូង

(បរទេស)៖ កំពូលមហាសេដ្ឋី និងជាស្ថាបនិកក្រុមហ៊ុន Neuralink លោក Elon Musk បានចែករំលែកដំណឹងមកថា ការដាក់បន្ទះឈីបចូលទៅក្នុងខួរក្បាលមនុស្សនាពេលថ្មីៗនេះ គឺទទួលបានជោគជ័យ ខណៈអ្នកជំងឺដំបូងដែលទទួលបានការវះកាត់ពីក្រុមហ៊ុន Neuralink ចាប់ផ្តើមមានអាការៈប្រសើរឡើងវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅទី៣០ ខែមករា ឆ្នាំ២០២៤។

Musk បានបង្ហោះសារនៅលើបណ្តាញផ្សព្វផ្សាយសង្គម X (ដែលពីមុនត្រូវបានគេស្គាល់ជា Twitter) ផ្ទាល់ខ្លួនរបស់លោកដោយបានបង្ហើបថា ផលិតផលដំបូងពី Neuralik មានឈ្មោះថា Telepathy វាមានសមត្ថភាពខ្លាំងបំផុតមិនធ្លាប់មាន។ ផលិតផលបន្ទះឈីបថ្មីនេះ ត្រូវបានរចនាឡើងដើម្បីអនុញ្ញាតឱ្យមនុស្សអាចគ្រប់គ្រងទូរស័ព្ទ ឬកុំព្យូររបស់ពួកគេបាន ហើយថែមទាំងអាចបញ្ជាបានដោយការគិតថែមទៀតផង។ Musk បានបញ្ជាក់ថា បច្ចេកវិទ្យានេះមានគោលបំណងជួយអ្នកជំងឺដែលមានអាការៈខ្វិន ក្នុងការប្រាស្រ័យទាក់ទងគ្នាដោយអនុញ្ញាតឱ្យពួកគេគ្រប់គ្រងឧបករណ៍ពីចម្ងាយ ដោយមិនចាំបាច់ប្រើដោយដៃផ្ទាល់។

Neuralink ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Elon Musk និងត្រូវបានបង្កើតឡើងក្នុងគោលដៅស្រាវជ្រាវរកវិធីដាក់បន្ទះឈីបចូលទៅក្នុងខួរក្បាលរបស់មនុស្សដើម្បីអាចព្យាបាលជម្ងឺជាច្រើនប្រភេទរួមមាន ខ្វិន, ពិការភ្នែក, បាត់បង់ការចងចាំ, អូទីស្សឹម, ជំងឺធ្លាក់ទឹកចិត្ត, ជំងឺវិកលចរិក, ជំងឺសសៃប្រសាទ និងជំងឺជាច្រើនប្រភេទទៀត អាចវិលមករកសភាពដូចមនុស្សធម្មតាវិញ។

យោងតាមរបាយការណ៍ចុះផ្សាយកន្លងមកបានឱ្យដឹងថា Neuralink បានចាប់ផ្តើមដាក់បន្ទះឈីបពិសោធន៍ទៅលើសត្វចាប់តាំងពីឆ្នាំ២០១៨ មកម្លេះ ដោយក្នុងនោះមានសត្វជាច្រើនប្រភេទដូចជា សត្វស្វា, កណ្តុរ, ជ្រូក និងចៀម និងសត្វបក្សីមួយចំនួនទៀត។ ដោយឡែក្នុងរយៈពេលប្រហែល ៤ឆ្នាំការធ្វើតេស្តសាកល្បងនេះ បានសម្លាប់សត្វប្រហែល ១,៥០០ក្បាល ប៉ុន្តែពេលនោះក៏មានសត្វមួយចំនួនដែលទទួលបានជោគជ័យផងដែរ រហូតមកដល់ពាក់កណ្តាលឆ្នាំ២០២៣កន្លងទៅនេះ ទើប Elon Musk សម្រេចដាក់ពិសោធន៍ទៅលើខួរក្បាលមនុស្សផ្ទាល់ ក្រោយទទួលបានការអនុញ្ញាតពី រដ្ឋបាលចំណីអាហារ និងឱសថ (FDA) របស់សហរដ្ឋអាមេរិកដើម្បីយកមនុស្សមកធ្វើពិសោធន៍៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: