ព័ត៌មានអន្តរជាតិ

Tesla ប្រកាសប្រមូលរថយន្ត ២០ម៉ឺនគ្រឿងទូទាំងសហរដ្ឋអាមេរិក ជុំវិញបញ្ហាលើប្រព័ន្ធកាមេរ៉ាមិនដំណើរការ

BY
Khmerpress
February 1, 2024
Tesla ប្រកាសប្រមូលរថយន្ត ២០ម៉ឺនគ្រឿងទូទាំងសហរដ្ឋអាមេរិក ជុំវិញបញ្ហាលើប្រព័ន្ធកាមេរ៉ាមិនដំណើរការ

(បរទេស)៖​ តាមការចេញផ្សាយរបស់សារព័ត៌មាន AP នាពេលថ្មីៗនេះបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla បានប្រកាសប្រមូលប្រឡប់មកវិញនូវរថយន្តចំនួន ២០ម៉ឺនគ្រឿង ដើម្បីធ្វើការជួលជុល ក្រោយមានបញ្ហាលើប្រព័ន្ធកាមេរ៉ាបម្រុងមិនដំណើរការ ពោលគឺបញ្ហានេះកើតមានឡើង នៅពេលរថយន្តដាក់លេខថយក្រោយ ដែលជាបញ្ហាសុវត្ថិភាពធំគួរសម ទាមទារឲ្យមានការត្រួតពិនិត្យបន្ថែមពីក្រុមហ៊ុន។ នេះ​បើ​តាម​រដ្ឋបាល​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​ហាយវេអាមេរិក​ (NHTSA)។

ចំពោះរថយន្ត ដែលក្រុមហ៊ុនប្រមូលត្រឡប់ទៅវិញរួមមានម៉ាក Tesla Model Y, Model S, និង Model X ផលិតឡើងចាប់ពីឆ្នាំ២០២៣ ដែលបានបំពាក់នូវប្រព័ន្ធ «Full Self-Driving» Computer 4.0 របស់ក្រុមហ៊ុន Tesla និងដំណើរការលើ Software កំណែ 2023.44.30 ដល់ 2023.44.30.6 ឬ 2023.44.100។ Tesla បានរកឃើញនូវបញ្ហាប្រព័ន្ធកាមេរ៉ាមិនដំណើរការនៅក្នុងខែធ្នូ ហើយបានសម្រេចចិត្តក្នុងការប្រកាសប្រមូលរថយន្តដែលមានបញ្ហានេះមកវិញនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។ អតិថិជននឹងទទួលបានលិខិតជូនដំណឹងអំពីបញ្ហានេះត្រឹមថ្ងៃទី២២ ខែមីនា។

បើតាម NHTSA បាននិយាយថា ចំនួនរថយន្តដែលរងផលប៉ះពាល់ដោយការប្រមូលមកវិញគឺមានចំនួន ១៩៩,៥៧៥ គ្រឿង ខណៈលេខយោងរបស់ក្រុមហ៊ុន Tesla សម្រាប់ការប្រមូលមកវិញគឺ SB-24-00-002។

គួរជម្រាបថា ការប្រកាសប្រមូលរថយន្តត្រឡប់ទៅវិញខ្ទង់២០ម៉ឺនគ្រឿងនៅពេលនះ គឺបានកើតឡើងតែជាង១ខែប៉ុណ្ណោះ បន្ទាប់ពី Tesla បានប្រមូលរថយន្តជាងពីរលានគ្រឿងទៅវិញ ដោយសារបញ្ហាសុវត្ថិភាពធ្ងន់ធ្ងរទាក់ទងនឹងប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ «Autopilot advanced driver-assistance system» របស់ខ្លួន ហើយបញ្ហាមួយនោះ ក៏ត្រូវបានដោះស្រាយតាមរយៈការធ្វើបច្ចុប្បន្នភាព Software (OTA) រួចរាល់ហើយដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: