ព័ត៌មានអន្តរជាតិ

ក្រសួងសុខាភិបាលថៃ ចេញមកព្រមានពីហានិភ័យនៃការញ៉ាំស៊ុបសាច់អាំងម៉ូកៈថៈ

BY
Khmerpress
February 1, 2024
ក្រសួងសុខាភិបាលថៃ ចេញមកព្រមានពីហានិភ័យនៃការញ៉ាំស៊ុបសាច់អាំងម៉ូកៈថៈ

ថៃ៖ ក្រសួងសុខាភិបាលថៃបានចេញមកព្រមានពីហានិភ័យនៃការទទួលទានស៊ុបសាច់អាំងម៉ូកៈថៈប៊ូហ្វេ ដែលជាអាហារកំពុងតែពេញនិយមខ្លាំងនៅក្នុងចំណោមយុវវ័យ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand នៅក្នុងថ្ងៃទី១ ខែកុម្ភៈនេះ។ បើតាមអ្នកជំនាញផ្នែកសុខភាពចំណីអាហារថៃបានបញ្ជាក់ថា ការញ៉ាំស៊ុបសាច់អាំងម៉ូកៈថៈប៊ូហ្វេបានធ្វើឲ្យអ្នកទទួលទានទាំងអស់បង្កើតនូវទម្លាប់អាក្រក់ក្នុងការញ៉ាំអាហារមួយចំនួនដូចជា៖

-ញ៉ាំអាហារដែលមានខ្លាញ់ច្រើន ជាពិសេសនោះគឺខ្លាញ់ចេញមកពីសាច់ជ្រូកបីជាន់។

-ញ៉ាំគ្រឿងសមុទ្រច្រើនដែលជាប្រភេទអាហារមានកូលេស្តេរ៉ុលខ្ពស់។

-ដើម្បីឲ្យការញ៉ាំសាច់អាំងកាន់តែមានរសជាតិឆ្ងាញ់ អ្នកទទួលទានភាគច្រើនតែងញ៉ាំបន្ថែមនូវភេសជ្ជៈកំប៉ុង ដែលនៅក្នុងភេសជ្ជៈទាំងនោះគឺមានផ្ទុកជាតិស្ករខ្ពស់ខ្លាំងណាស់។

-ក្នុងពេលញ៉ាំសាច់អាំងអ្នកទទួលទានមួយចំនួនតែងប្រើចង្កឹះតែមួយគូទៅចាប់សាច់ស្រស់ផង ហើយក៏យកមកចាប់សាច់ឆ្អិនញ៉ាំផងដែរ ដែលសកម្មភាពនេះងាយនឹងមានការចម្លងមេរោគពីសាច់ស្រស់ខ្លាំងណាស់។

-រឿងមួយដែលមិនអាចប្រកែកបាននោះគឺអ្នកទទួលទានគ្រប់គ្នាព្យាយាមញ៉ាំអាហារយ៉ាងច្រើនតាមតែអាចធ្វើបានព្រោះវាជាអាហារប៊ូហ្វេ ខណៈការញ៉ាំអាហារច្រើនលើសពីតម្រូវការរាងកាយក៏អាចជះឥទ្ធិពលអាក្រក់ដល់រាងកាយផងដែរ។

បើតាមអ្នកជំនាញថៃបានអះអាងថា សម្រាប់អ្នកឧស្សាហ៍ញ៉ាំស៊ុបសាច់អាំងម៉ូកៈថៈញឹកញាប់ហើយអនុវត្តទម្លាប់អាក្រក់នៃការទទួលទានអាហារដូចបានជម្រាបជូនខាងលើនេះគឺពួកគេងាយនឹងប្រឈមជាមួយជំងឺធ្ងន់ធ្ងរមួយចំនួនដូចជា ជំងឺទឹកនោមផ្អែម ជំងឺដាច់សរសៃឈាមបេះដូង និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាលជាដើម៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: