ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនយក្សអាមេរិក eBay យល់ព្រមបង់ប្រាក់ ៥៩លានដុល្លារ ដើម្បីបញ្ចប់ការចោទប្រកាន់ជុំវិញម៉ាស៊ីនផលិតថ្នំាគ្រាប់ខុសច្បាប់

BY
Khmerpress
February 1, 2024
ក្រុមហ៊ុនយក្សអាមេរិក eBay យល់ព្រមបង់ប្រាក់ ៥៩លានដុល្លារ ដើម្បីបញ្ចប់ការចោទប្រកាន់ជុំវិញម៉ាស៊ីនផលិតថ្នំាគ្រាប់ខុសច្បាប់

(បរទេស)៖ ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce) យក្សអាមេរិក eBay បានយល់ព្រមព្រមបង់ប្រាក់ចំនួន ៥៩លានដុល្លារ ដើម្បីដោះសា្រយការចោទប្រកាន់ដោយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកថា ខ្លួនបានលក់ថ្នាំគ្រាប់រាប់ពាន់គ្រាប់ និងម៉ាស៊ីនវេចខ្ចប់ (ប្រើសម្រាប់ការផលិតគ្រឿងញៀនខុសច្បាប់) ដោយមិនគោរពតាមច្បាប់គ្រប់គ្រងសារធាតុពុល (CSA)។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។

យោងតាមការចោទប្រកាន់ពីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានឱ្យដឹងថា ឧបករណ៍ដែល eBay បានលក់នោះត្រូវបាន ឧក្រិដ្ឋជនប្រើដើម្បីផលិតថ្នាំខុសច្បាប់ រួមទាំងថ្នាំក្លែងក្លាយជាច្រើនទៀតដែលមានសារធាតុ fentanyl ខណៈការធ្វើបែបនេះ គឺជាការរួមចំណែកដ៏ធំធេងដល់វិបត្តិអាភៀននៅសហរដ្ឋអាមេរិក។

ការស៊ើបអង្កេតថ្មីៗនេះ ពីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានរកឃើញថា eBay បានគេចវេស និងមិនត្រួតពិនិត្យគ្រប់ជ្រុងជ្រោយទៅលើអត្តសញ្ញាណបុគ្គល ដែលបានទិញម៉ាស៊ីនផលិតថ្នាំគ្រាប់ ជាងនេះទៅទៀតក្រុមហ៊ុន e-commerce យក្សនេះមិនបានអនុវត្តតាមច្បាប់ដែលបានកំណត់ និងរាយការណ៍អំពីប្រតិបត្តិការដែលពាក់ព័ន្ធនឹងម៉ាស៊ីនផលិតថ្នាំទៅរដ្ឋបាលអនុវត្តគ្រឿងញៀននោះទេ។ ខណៈបញ្ហានេះ ត្រូវបានរកឃើញថា eBay បានដាក់លក់ថ្នាំដែលមានសារធាតុញៀននៅលើគេហទំព័ររបស់ខ្លួន ចាប់តាំងពីខែតុលា ឆ្នាំ២០១៥ មកម្ល៉េះ ក្នុងនោះគេក៏បានរកឃើញឧបករណ៍ម្យ៉ាងដែលមានសមត្ថភាពខ្ពស់បំផុត ដែលអាចផលិតថ្នាំបានរហូតដល់ទៅរាប់ពាន់គ្រាប់ក្នុងមួយម៉ោងផងដែរ។

ទាក់ទិននឹងបញ្ហានេះ មានមនុស្សជាច្រើនដែលបានទិញថ្នាំគ្រាប់នៅលើគេហទំព័ររបស់ eBay ហើយក្រោយមកត្រូវបានគេរកឃើញ នឹងបានកាត់ទោសពីបទឧក្រិដ្ឋកម្មទាក់ទងនឹងគ្រឿងញៀន។ តែយ៉ាងណាមកជុំវិញបញ្ហានេះ eBay នៅមិនទាន់បង្ហាញរបាយការណ៍លម្អិតនោះទេ ប៉ុន្តែនាពេលឆាប់ៗនេះ eBay សន្យាថា នឹងរាយការណ៍អំពីវិធានការអនុលោមភាពរបស់ខ្លួនទៅកាន់ក្រសួងយុត្តិធម៌សម្រាប់រយៈពេល ៣ឆ្នាំ។

គួរជម្រាបដែរថា ការយល់ព្រមបង់ប្រាក់ចំនួន ៥៩លានដុល្លារនេះ eBay បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនយល់ព្រមដោះស្រាយគឺ ដើម្បីជៀសវាងការចំណាយ និងភាពមិនច្បាស់លាស់នៃវិវាទ ពោលគឺ មិនចង់ឱ្យបញ្ហាកាន់តែរីកធំជាងនេះ ខណៈ «ការរក្សាទីផ្សារប្រកបដោយសុវត្ថិភាព និងជឿទុកចិត្តបានសម្រាប់សហគមន៍អ្នកលក់ និងអ្នកទិញសកលរបស់យើង ទើបជាគោលការណ៍គ្រឹះនៃអាជីវកម្មរបស់យើង»៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: